ភ្នំពេញៈ អគ្គ​នាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្រ្កាប​ការក្លែង​បន្លំ (កបប)​កាល​ពី​ថ្ងៃទី​៩ ខែកុម្ភៈ ​បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដី​ពី​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​វិស័យ​ម្ហូប​អាហារ ដែល​ក្នុង​នោះមាន​បទ​បង្ហាញ​អំពី​ច្បាប់ ស្ដី​ពី​សុវត្ថិភាព​ម្ហូប​អាហារ អនុក្រឹត្យ​ស្ដី​ពី​លក្ខខណ្ឌ​បែបបទ និង​នីតិ​វិធី​នៃ​ការអង្កេត​តាមដាន និង​ការដក​ហូត​ម្ហូប​អាហារ រួម​នឹង​កិច្ចការ​ហាឡាល​នៅ​កម្ពុជា។

សិក្ខា​សាលានេះ រៀបចំ​ឡើង​ក្រោម​អធិបតីភាព លោក ផាន អូន ប្រតិភូ​រាជ​រដ្ឋាភិ​បាល​ទទួល​បន្ទុក កបប ​ដោយ​មានការ​ចូលរួម​ពីលោក សួង ណយ អគ្គ​លេខា​ធិការ​រង​នៃ​គណៈ​កម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ ១ ផលិត​ផល ១ និង​លោក លឹម ផារ៉ា អនុ​ប្រធាន​សមាគម​អ្នក​ផលិត​ចំណី​អាហារ​កម្ពុជា ព្រម​ទាំង​អ្នក​ពាក់ព័ន្ធ​ដែល​ជាប្រតិបត្តិករ​អាជីវកម្ម​ម្ហូប​អាហារ ជា​ច្រើន​រូប។

សិក្ខា​សាលា​ផ្សព្វផ្សាយ​នាពេល​នេះ គឺ​មាន​បំណង​ឱ្យ​ប្រតិបត្តិករ​អាជីវកម្ម​ម្ហូប​អាហារ យល់​ច្បាស់​អំពី​ច្បាប់​ស្ដី​ពី​សុវត្ថិភាព​ម្ហូប​អាហារ និង​អនុក្រឹត្យ​ស្ដី​ពី​លក្ខខណ្ឌ ​បែបបទ និង​នីតិ​វិធី​នៃ​ការអង្កេត​តាមដាន​និង​ការដក​ហូត​ម្ហូប​អាហារ ដែល​តម្រូវ​ឱ្យ​ប្រតិបត្តិករ​អាជីវកម្ម​ម្ហូប​អាហារ​ត្រូវ​អនុវត្ត​ទាំងអស់​គ្នា។

បើតាម កបប ច្បាប់​ស្ដី​ពី​សុវត្ថិភាព​ម្ហូប​អាហារ មាន​សារៈសំខាន់​ក្នុងការកំណត់​គោលការណ៍​ជាមូលដ្ឋាន​ ដើម្បី​ជំរុញ​ឱ្យ​ផលិតផល​ម្ហូប​អាហារ មាន​សុវត្ថិភាព គុណភាព និង​ស្របតាម​ស្តង់ដា​កំណត់ សំដៅ​ធានា​កម្រិត នៃ​ការការពារ​អាយុ​ជីវិត និង​សុខភាព​ប្រជាពលរដ្ឋ ធានា​ប្រសិទ្ធភាព នៃ​ការការពារ​ផល​ប្រយោជន៍​អ្នក​ប្រើប្រាស់ រួម​ចំណែក​យ៉ាងសំខាន់​ក្នុងការកាត់​បន្ថយភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ។

ច្បាប់​ស្ដី​ពីសុវត្ថិភាព​ម្ហូប​អាហារ ត្រូវ​បានដាក់​ឱ្យ​ប្រើ​កាល​ពី​ថ្ងៃ​ទី៨ ខែមិថុនា ឆ្នាំ​២០២២ ៕