
សកម្មភាពនៃការធ្វើកំណាយស្រាវជ្រាវនៅខឿនព្រះវិហារបុរាណ ស្ថិតនៅខាងកើតប្រាសាទបាយ័ន។ រូបថត អាជ្ញាធរជាតិអប្សរា
សៀមរាបៈ គម្រោងស្រាវជ្រាវព្រះវិហារសម័យអង្គររបស់សាកលវិទ្យាល័យតូរិនតូប្រទេសកាណាដា ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវនៅខឿនព្រះវិហារបុរាណមួយ ស្ថិតនៅខាងកើតប្រាសាទបាយ័ន ចម្ងាយប្រមាណ ២០០ ម៉ែត្រ ក្នុងគោលបំណងស្វែងយល់អំពីតួនាទីរបស់រចនាសម្ព័ន្ធ សំណង់បុរាណនានា ដើម្បីស្វែងយល់អំពីសម័យកាលវិវត្តន៍នៃការគោរពបូជាព្រះពុទ្ធសាសនានា ចុងសម័យអង្គរ។
លោក Andrew Harris ប្រធានគម្រោងស្រាវជ្រាវព្រះវិហារសម័យអង្គរ (Angkor Vihara Project) បានឱ្យដឹងថា នេះជាគម្រោងកំណាយស្រាវជ្រាវលើកទី ៣ លើខឿនព្រះវិហារនៅក្នុងក្រុងអង្គរធំ។
កំណាយស្រាវជ្រាវនេះ ធ្វើឡើងក្នុងបំណង ស្វែងយល់ពីតួនាទីខឿនកាកបាទ និងខឿនព្រះពុទ្ធសាសនាដែលស្ថិតនៅជ្រុងខាងកើត ដើម្បីដឹងពីអាយុកាល និងតួនាទីនៃសំណង់ទាំងនោះ។
លោកបញ្ជាក់បន្ថែមថា ការងារលើកនេះគឺរួមបញ្ចូលទាំងការសិក្សាអំពីតួនាទី មុខងារ អាយុកាលរបស់ខឿនព្រះធាតុ ដែលស្ថិតនៅដាច់អំពីសំណង់ព្រះវិហារបុរាណ និងជាពិសេសគឺស្វែងយល់អំពីទំនាក់ទំនងប្រើប្រាស់របស់សំណង់ព្រះវិហារទៅជាមួយនឹងសហគមន៍មនុស្សរស់នៅជុំវិញ។ល។
កំណាយស្រាវជ្រាវក្នុងរយៈពេលជិតមួយខែកន្លងមក ដល់ថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ២០២៣ លោក Andrew Harris បានពន្យល់នូវរបកគំហើញនានា ដូចជាមានការរកឃើញគំនរបំណែកក្បឿងនៅលើខឿនកាកបាទ ដែលជាសក្ខីភាពបញ្ជាក់អំពីសំណង់ឈើប្រក់ក្បឿងមានវត្តមាននៅលើខឿននេះ។
ជាទូទៅក្រៅអំពីបំណែកកុលាលភាជន៍ខ្មែរ និងភាជន៍ចិន ដែលជាភ័ស្តុតាងការប្រើប្រាស់នាសម័យអង្គរ ក្រុមការងារក៏ជួបប្រទះនូវភ័ស្តុតាងនៃការប្រើប្រាស់កុលាលភាជន៍សម័យក្រោយអង្គរ (នាសតវត្សរ៍ទី ១៦ ទៅ ១៧) នៅក្នុងស្រទាប់ជិតព្រះវិហារផងដែរ។ ជាងនេះទៅទៀត គេក៏ប្រទះឃើញស្លាកស្នាមទឹកហូរ ចេញចូលពីស្រះទឹកដ៏ធំមួយក្បែរនោះ ទៅមុខព្រះវិហារផងដែរ។
តាមការស្រាវជ្រាវកន្លងមក គេបានសន្និដ្ឋានថា សំណង់ខឿនព្រះវិហារព្រះពុទ្ធសាសនាក្នុងកំពែងក្រុងអង្គរធំ មានចំនួនចន្លោះពី ៦២ ទៅ ៧២ ។
ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះការស្រាវជ្រាវនៅទួលព្រះវិហារទាំងនោះមានចំនួនតិចតួចនៅទ្បើយ និងជាប្រធានបទថ្មីមួយសម្រាប់ក្រុមអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិសហការគ្នាដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីសង្គមរស់នៅរបស់បុព្វបុរសខ្មែរលើរាជធានីអង្គរនាចុងសម័យអង្គរ និងក្រោយអង្គរ៕