នាយករដ្ឋមន្រ្តីស្តីទី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានលើកឡើងថា ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣នេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ប្រតិភូកីឡាជាតិ និងអន្តរជាតិជាច្រើន ដែលទាមទារឱ្យមានការពង្រឹងសន្តិសុខឱ្យបានខ្ពស់។
ការលើកឡើងនេះ ធ្វើឡើងក្នុងអំឡុងពេលនាយករដ្ឋមន្រ្តីស្តីទី លោក ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ ក្នុងពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៣។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អគ្គនាយក នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងឱកាសនោះដែរលោក ស ខេង មានប្រសាសន៍ថា ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣នេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ប្រតិភូកីឡា និងមហាជនជាតិ និងអន្តរជាតិជាច្រើន ទាមទារឱ្យមានការពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់បានល្អប្រសើរ ដើម្បីរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។
លោកបានថ្លែងយ៉ាងដូច្នេះថា៖«កម្ពុជាបានខកខានរៀបចំជាច្រើនឆ្នាំមកហើយ ក្រោយពីបានចូលជាសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន ដូច្នេះការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធលើការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈពិតជាមានសារៈសំខាន់ ពិសេសកិច្ចការពារសុវត្ថិភាពទាំងនៅកន្លែងប្រកួតនៅរាជធានីភ្នំពេញ និងខេត្ត»។
នាឱកាសនោះ អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រធានគណៈកម្មការសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នៃគណៈកម្មាធិការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២(CAMSOC) លោក នេត សាវឿន បានធ្វើរបាយការណ៍ជូនអង្គប្រជុំ អំពីផែនការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់។
លោកមានប្រសាសន៍ថា៖«ផែនការនេះ បានកសាងឡើងផ្អែកលើមូលដ្ឋាន ៣ ចំណុច រួមមានការវាយតម្លៃពីសភាពការណ៍ក្នុង និងក្រៅប្រទេស ការអនុលោមតាមកម្មវិធីសន្តិសុខ និងការសិក្សាផ្ទាល់អំពីភូមិសាស្រ្ត ប្រជាសាស្រ្ត និងស្ថានភាពជាក់ស្ដែង ដើម្បីការពារឱ្យបានជាដាច់ខាតនូវសន្តិសុខ និងសណ្ដាប់ធ្នាប់ ដើម្បីបង្កើនកិត្យានុភាពកម្ពុជា»។
សូមបញ្ជាក់ថាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕