ភ្នំពេញៈ នគរបាល​ខេត្ត​ព្រះសីហនុ កំពុង​បន្ត​ធ្វើ​ការសាកសួរ​ជនសង្ស័យ​ជាជន​ជាតិ​ចិន ២ នាក់ ដើម្បី​កសាង​សំណុំ​រឿង​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់ ពាក់ព័ន្ធ​នឹង​ការឆែក​ឃើញ​គ្រឿង​ញៀន​មួយ​ចំនួន​ដឹកតាម​រថយន្ត ខណៈ​កាល​ពី​ថ្ងៃ​ទី​៩ ខែកុម្ភៈ​ជន​សង្ស័យ​ចំនួន ៣៧ នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស។

កម្លាំង​ការិយាល័យ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ ខេត្ត​ព្រះសីហនុ កាលពី​យប់​ថ្ងៃ​ទី​៨ ខែកុម្ភៈ បានចុះ​ត្រួតពិនិត្យ​តាម​ដងផ្លូវ​នៅចំណុច​មុខ​កាស៊ីណូជីងប៉ី ២ ស្ថិតនៅ​ភូមិ ៤ សង្កាត់​លេខ ៤ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជាជន​ជាតិ​ចិន ២ នាក់ និង​រថយន្ត ១ គ្រឿង បន្ទាប់​ពី​ត្រួតពិនិត្យ​រកឃើញ​គ្រឿង​ញៀន​មួយ​ចំនួន។

ជន​សង្ស័យ​ដែល​មាន​ឈ្មោះ WU SHUN WEI ភេទ​ប្រុស អាយុ ២២ ឆ្នាំ មាន​លំនៅ​បច្ចុប្បន្ន ភូមិ ៣ សង្កាត់​លេខ ២ ក្រុង/ខេត្ត​ព្រះសីហនុ និង​ឈ្មោះ MAO DE WEI ភេទ​ប្រុស អាយុ ២១ ឆ្នាំ លំនៅ​បច្ចុប្បន្ន ភូមិ ២ សង្កាត់​លេខ ៣ ក្រុង/ខេត្ត​ព្រះសីហនុ ត្រូវបាន​ប្រគល់​ទៅ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿង​ញៀន នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​។

វត្ថុតាង​ដែល​រឹបអូស​បាន​រួម​មាន ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជាសារ​ធាតុ​ញៀន​ចំនួន​ ១ កញ្ចប់, កញ្ចប់​រូប​តុក្កតា​សង្ស័យ​ជាសារ​ធាតុ​ញៀន​ចំនួន ៣៥ កញ្ចប់, ថ្នាំ​ញៀន​កញ្ចប់​ពណ៌​ក្រហម​រូប​សេះ​ចំនួន ៦០ កញ្ចប់, ថ្នាំ​ញៀន​កញ្ចប់​ពណ៌​ស្វាយ​រូប​កណ្ដុរ​ចំនួន ១៨ កញ្ចប់ និង​ថ្នាំ​ញៀន​ប្រភេទ​ផ្សេងៗ និង​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត រួម​នឹង​រថយន្ត​ម៉ាក Lexus GS 300 ពណ៌​ស ១ គ្រឿង​។

ជាមួយគ្នានេះ​ដែរ​កាលពី​ថ្ងៃ​ទី៩ ខែកុម្ភៈ ជន​សង្ស័យ​ចំនួន​ ៣៧នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ចំនួន ១៣ ករណី ទូទាំង​ប្រទេស​។

ក្នុងចំណោម​ជន​សង្ស័យ​ចំនួន ៣៧ នាក់ រួម​មាន​ជួញ​ដូរ​ចំនួន ៦ ករណី ឃាត់ខ្លួន​ ១៧ នាក់ ដឹក​ជញ្ជូន រក្សា​ទុក ៣ ករណី ឃាត់​ខ្លួន​ ៤ នាក់ និង​ប្រើប្រាស់ ៤ ករណី ឃាត់​ខ្លួន​ចំនួន ១៦ នាក់។

វត្ថុតាង​ដែល​ចាប់​យក​បាន​សរុប​ក្នុង​ថ្ងៃ​ទី៩ ខែកុម្ភៈ រួម​មាន​មេតំហ្វេតាមីន​(Ice)​ចំនួន ៣៣,៧៥ ក្រាម និង ១ កញ្ចប់​តូច និង​កេតាមីន​(Ke) ចំនួន ២១,៦៤ ក្រាម៕