ភ្នំពេញៈ ប្រទេស​ចិន​សង្ឃឹមថា នឹង​ចាប់យក​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន ​ដើម្បី​ជំរុញឱ្យមាន​ការរីកចម្រើន​បន្ថែមទៀត ក្នុង​ការកសាង​សហគមន៍​វាសនា​រួម​ចិន​កម្ពុជា និង​បន្ត​មិត្តភាព​ចិន​កម្ពុជា​ពី​ ១ ​ជំនាន់​ទៅ​ ១ ​ជំនាន់​។​

​តប​តាម​ការអញ្ជើញ​របស់​នា​យក​រដ្ឋមន្ត្រី​ចិន លោក Li Keqiang (​លី កេ​ឈាង​) លោក​ ហ៊ុន សែន បាន​ចាក​ចេញពី​កម្ពុជា​នៅ​ថ្ងៃទី ​៩ ខែកុម្ភៈ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន រហូតដល់​ថ្ងៃទី ​១១ ខែកុម្ភៈ​។​

​លោកស្រី ម៉ៅ នី​ង (Mao Ning) អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ថ្លែង​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃទី ​៦ ខែកុម្ភៈ គឺ​មុន ​៣​ ថ្ងៃ នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ថា លោក ហ៊ុន សែន គឺជា​មិត្ត​ល្អ និង​ជា​មិត្ត​ចាស់​របស់​ប្រជាជន​ចិន​។ លោក​គឺជា​មេដឹកនាំ​បរទេស​ដំបូង​គេ ដែល​ត្រូវ​បានទទួល​ស្វាគមន៍​ដោយ​ប្រទេស​ចិន​បន្ទាប់ពី​ពិធីបុណ្យ​និ​ទាឃ​រដូវ​នៅ​ឆ្នាំនេះ ដោយ​ផ្អែកលើ​គុណភាព​ខ្ពស់​នៃ​ទំនាក់ទំនង​ចិន​កម្ពុជា​។​

លោកស្រី​បញ្ជាក់ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ មេដឹកនាំ​ចិន​នឹង​ជួប​ជាមួយ​លោក ​ហ៊ុន សែន ដាច់ដោយឡែក​ពីគ្នា ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ​ស៊ីជម្រៅ​លើ​ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ផលប្រយោជន៍​រួម​។ ចិន​និង​កម្ពុជា​ជា​ប្រទេសជិតខាង​ជិតស្និទ្ធ​ជា​ប្រពៃណី និង​ជា «​មិត្ត​ដែកថែប​»​។ ទំនាក់ទំនង​មិត្តភាព​កម្ពុជា​ចិន ដែល​បង្កើតឡើង​ដោយ​មេដឹកនាំ​ជំនាន់​មុន​នៃ​ប្រទេស​ទាំង​២​បាន​បន្ត​នូវ​ភាពរឹងមាំ និង​រីកចម្រើន​យ៉ាងខ្លាំង​ក្លា​។​

​លោកស្រី ម៉ៅ នី​ង បន្ថែមថា ក្រោម​ការណែនាំ​ជា​យុទ្ធសាស្ត្រ​របស់​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ កិច្ចខិតខំ​ប្រឹងប្រែង​ក​សាង​សហគមន៍​វាសនា​រួម​ចិន​កម្ពុជា បានទទួល​នូវ​លទ្ធផល​ជា​ផ្លែផ្កា​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ដោយបាន​នាំមក​នូវ​ផលប្រយោជន៍​ជាក់ស្តែង​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២ និង​បានរួម​ចំណែក​ជា​វិជ្ជមាន​ដល់​សន្តិភាព និង វិបុលភាព​ក្នុង​តំបន់ និង​ក្រៅ​តំបន់​។ ឆ្នាំនេះ​គឺជា​ខួប​លើក​ទី ​៦៥ ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ចិន​កម្ពុជា និង​ជា ​«​ឆ្នាំ​មិត្តភាព​ចិន​កម្ពុជា​»​។​

​លោកស្រី​លើកឡើងថា​៖ «​ប្រទេស​ចិន​សង្ឃឹមថា នឹង​ចាប់យក​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ដើម្បី​ជំរុញឱ្យមាន​ការរីកចម្រើន​បន្ថែមទៀត ក្នុង​ការកសាង​សហគមន៍​វាសនា​រួម​ចិន​កម្ពុជា និង​បន្ត​មិត្តភាព​ចិន​កម្ពុជា​ពី​ ១ ​ជំនាន់​ទៅ​ ១​ ជំនាន់​»​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នា​ថ្ងៃទី ​៧ ខែកុម្ភៈ ថា ក្នុងឱកាស​ទស្សនកិច្ច​នេះ លោក ហ៊ុន សែន នឹងមាន​ជំនួប​ដាច់ដោយឡែក​ជាមួយ​លោក ស៊ី ជីន​ភីង (Xi Jinping) ប្រធានាធិបតី​ចិន និង​លោក លី ជាន​ស៊ូ (Li Zhanshu)​ប្រធានសភា​តំណាង​ប្រជាជន​ចិន​ហើយក៏​នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក លី កេ​ឈាង​ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ និង​ពិភាក្សា​អំពី​ចំណង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ព្រមទាំង​បញ្ហា​ដែលជា​ប្រយោជន៍ និង​កង្វល់​រួម ក្នុង​តំបន់ និង​អន្តរជាតិ​។

លោក ហ៊ុន សែន ត្រូវបានទទួលស្វាគម៍ដោយថ្នាក់ដឹកនាំជាន់ខ្ពស់ចិននៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៣។ រូបថត SPM

សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា នាយករដ្ឋមន្ត្រី​ទាំង​ ២ នឹង​ធ្វើជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចសហប្រតិបត្តិការ​មួយចំនួន​ផងដែរ​។

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច តេ​ជោ​នាយករដ្ឋមន្ត្រី ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹង​ផ្តល់​កាលា​នុ​វត្ត ភាព​ដល់​រដ្ឋាភិបាល​ទាំង​ ២​ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ការកសាង​សហគមន៍​វាសនា​រួម​កម្ពុជា​ចិន ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក សម្រាប់​ប្រជាជន និង​ប្រជាជាតិ​ទាំង​ ២»​។​

​លោក ហ៊ុន សែន បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ចិន នៅវេលា​ម៉ោង ​១២ និង​ ២០ ​នាទី ម៉ោង​នៅ​កម្ពុជា នា​ថ្ងៃទី​ ៩ ខែកុម្ភៈ​។ ក្រសួង​ព័ត៌មាន​បាន​ដកស្រង់​សម្តី​លោក ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រី​ប្រតិភូ អម​នាយករដ្ឋមន្ត្រី ដែល​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​ថ្ងៃទី​ ៩ ខែកុម្ភៈ មុន​ការចេញដំណើរ​របស់លោក ហ៊ុន សែន ថា មាន​ឯកសារ​ប្រមាណ​ជា ១២ នឹងត្រូវ​ចុះហត្ថលេខា ក្នុង​ទស្សនកិច្ច​របស់លោក ហ៊ុន សែន​។

ឯកសារ​ទាំងនោះ​ពាក់ព័ន្ធ​ទៅលើ​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ខាង​វិស័យ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និង​វិស័យ​មួយចំនួនទៀត​ផងដែរ​។ ពាក់ព័ន្ធ​នឹង​វិស័យសេដ្ឋកិច្ច គឺមាន​ការផ្ដល់​ហិរញ្ញប្បទាន ក្នុងនោះ​ក៏មាន​ជា​ជំនួយឥតសំណង និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត​។​

​លោក​ ថុង ម៉េង​ដា​វិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា គោលបំណង​ធំ​របស់លោក ហ៊ុន សែន ទៅ​បំពេញ​ទស​ន្ស​កិច្ច​នៅ​ប្រទេស​ចិន​គឺជា​ការ​រឹតចំណង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​និង​ទំនាក់ទំនង​ចិន​និង​កម្ពុជា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​។​

​លោក​បន្តថា​៖ «​បើទោះបីជា​កម្ពុជា​ជា​ប្រទេស​តូច​តែ​កម្ពុជា​ជា​ប្រទេស​យុទ្ធសាស្ត្រ ជា​មិត្ត​ដែកថែប​និង​ជា​ប្រទេស​ដែល​ផ្តល់​តម្លៃ​ដល់​កិច្ចសហប្រតិបត្តិការ​និង​ស្មារតី​ពហុភាគី​និយម គោរព​គោលការណ៍​សន្តិភាព​និង​ច្បាប់​អន្តរជាតិ ដែល​កត្តា​ទាំងនេះហើយ ដែល​ចិន​តែងតែ​បន្ត​ជួយ​កម្ពុជា​អភិវឌ្ឍ​ប្រទេស​ដោយ ផ្អែកលើ​ការគោរព​គ្នា​ទៅវិញទៅមក​និង​គោលការណ៍​ឈ្នះឈ្នះ​»​។

​លោក ម៉េង​ដា​វិត លើកឡើងថា ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​នៅក្នុង​តំបន់​និង​បម្រែបម្រួល​សន្តិសុខ​តំបន់​ប្រកបដោយ​ភាពមិនប្រាកដប្រជា​បានធ្វើឱ្យ​កម្ពុជា​កាន់តែ​ត្រូវអនុវត្ត​គោលនយោបាយ​ឆ្លាត​វៃ និង​បត់បែន​ដើម្បី​ការពារ​បូរណភាព​ទឹកដី សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ​ជាតិ និង​បង្កើន​មិត្ត​និង​ប្រយោជន៍​ជាតិ​៕