
លោក វ៉ី សំណាង នៅក្នុងសន្និសីទសារព័ត៌មានពីថ្ងៃទី ៩ កុម្ភៈ។ រូបថត អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
កំពង់ស្ពឺៈ ក្នុងរយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ ការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋតាមរយៈ យន្តការ ច្រកចេញចូលតែ ១ របស់រដ្ឋបាលខេត្តបានសរុបចំនួន ១២៨ ១២៧ សេវា និងទទួលបានចំណូលសរុប ២១ ៧២៤ ៦៨៣ ៤០០ រៀល។
នេះជាការអះអាងរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ស្ពឺ» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ថ្ងៃទី ៩ ខែកុម្ភៈនេះ។
លោកថ្លែងថា៖ «រដ្ឋបាលខេត្ត និងក្រុងស្រុកបានធ្វើប្រតិភូកម្មអំណាចពីវិស័យមួយចំនួនក្នុងការផ្តល់សេវារដ្ឋបាលតាមរយៈអង្គភាពច្រកចេញចូលតែ ១ នៅនឹងរដ្ឋបាលខេត្តនិងការិយាល័យច្រកចេញចូលតែ ១ នៅគ្រប់រដ្ឋបាលក្រុងស្រុក និងមានយន្តការច្រកចេញចូលតែ ១ នៅគ្រប់បណ្តាឃុំសង្កាត់ដែលយើងទើបដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០២២ នេះ»។
លោកអភិបាលខេត្តកំពង់ស្ពឺបញ្ជាក់ថា ការផ្ដល់សេវារដ្ឋបាលទាំងនោះរួមមាន ការងារនីត្យានុកូលកម្មចំនួន ១ ៣១០ សេវា ការងាររដ្ឋបាលចំនួន ២៦២ សេវា វិស័យសុខាភិបាលចំនួន ២៣៨ សេវា វិស័យទេសចរណ៍ចំនួន ១០៥ សេវា វិស័យសាធារណការ និងដឹកជញ្ជូនចំនួន ៤ ០៨៨ សេវា។ វិស័យព័ត៌មានចំនួន ៤៤៨ សេវា។ វិស័យបរិស្ថានចំនួន ១០៣ សេវា។
វិស័យឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ចំនួន ៨២៥ សេវា វិស័យរ៉ែ និង ថាមពលចំនួន ៤០៩ សេវា វិស័យពាណិជ្ជកម្មចំនួន ៩៥ សេវា វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចំនួន ៣៨ ៧៩៥ សេវា។ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន ៦ ៣៧៩ សេវា និងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ៧៥ ០៧០ សេវា។
លោក សន ប៊ុនហេង ប្រធានអង្គភាពច្រកចេញចូលតែ ១ នៃរដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា តាំងពីអង្គភាពច្រកចេញចូលតែ ១ នៃរដ្ឋបាលខេត្តកំពង់ស្ពឺ ចាប់ផ្តើមដំណើរការរហូតមកទល់ពេលនេះ មានទាំងបញ្ហាប្រឈម និងវឌ្ឍនភាពល្អប្រសើរ ព្រមទាំងមានការពេញចិត្តពីប្រជាពលរដ្ឋនៅទូទាំងខេត្ត។ រីឯបញ្ហាប្រឈមដែលធ្លាប់ជួបកន្លងមកភាគច្រើនគឺជាមួយនឹងពលរដ្ឋមួយចំនួនដែលនៅមានចំណេះដឹងតិចតួច។
លោកថ្លែងថា៖ «បញ្ហាប្រឈមរបស់យើងខ្ញុំហ្នឹង គឺបងប្អូនដែលមកស្នើសុំសេវានៅអង្គភាពច្រកចេញចូលតែ១គឺគាត់មានបញ្ហាលំបាកក្នុងការបំពេញសំណុំបែបបទក្នុងការស្នើសុំសេវាផ្សេងៗ ប៉ុន្តែបញ្ហាទាំងអស់នេះ គឺត្រូវបានដោះស្រាយដោយមន្ត្រីអង្គភាពច្រកចេញចូលតែ១របស់យើងបានពន្យល់ណែនាំ និងជួយបំពេញជូនពួកគាត់ផងដែរ»។
លោកបានបន្តថា ក្រៅពីនេះខេត្តកំពង់ស្ពឺក៏មានបញ្ហាប្រឈមជាមួយមន្ត្រីច្រកចេញចូលតែ ១ ផងដែរ ដោយសារបច្ចុប្បន្នកម្ពុជាគឺជាសង្គមឌីជីថល ហេតុនេះការងារ ១ ចំនួន ត្រូវប្រើប្រាស់កុំព្យូទ័រជាប្រព័ន្ធព័ត៌មានវិទ្យា ប៉ុន្តែចំណេះដឹងរបស់មន្ត្រីច្រកមួយចំនួននៅមានកម្រិតផ្នែកជំនាញកុំព្យូទ័រ។ ទោះជាយ៉ាងនេះក្តី តាមរយៈការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបានជួយផ្តល់វគ្គបណ្តុះបណ្តាលខ្លីៗជូនមន្ត្រីចកចេញចូលតែ ១ ពាក់ព័ន្ធនឹងជំនាញកុំព្យូទ័រ និងជំនាញផ្សេងៗ ១ចំនួនទៀត។
លោក សន ប៊ុនហេង បានឱ្យដឹងថា ក្នុងឆ្នាំ ២០១៨ ដែលជាឆ្នាំដំបូងក្នុងដំណើរច្រកចេញចូលតែ ១ ខេត្តកំពង់ស្ពឺទទួលបានសេវាជារួមក្នុង ១ ឆ្នាំ ១៣ ៧៦៤ សេវា ទទួលបានចំណូលសរុប ៣៤២ ១៨០ ៨០០ រៀល។ នៅឆ្នាំ ២០១៩ ចំនួននៃការស្នើសុំសេវាពីពលរដ្ឋមានការកើនឡើងជាងមុនគឺមានចំនួន ៤៤ ៥៣៤ សេវា ទទួលបានចំណូល ៣ ប៊ីលាន ៥៦០ លាន ៨៣៣ ពាន់ និង ៦៥០ រៀលគត់។
ចំណែកនៅឆ្នាំ ២០២០ ចំនួនសេវាមានការថយចុះវិញដោយសារបញ្ហាកូវីដ ១៩ ដោយទទួលបានតែ ៣៦ ២៥៩ សេវា ទទួលបានចំណូល ៥ ប៊ីលាន ៤៣៧ លាន ៤៦៨ ពាន់រៀលគត់។ រីឯនៅក្នុងឆ្នាំ ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ តាមរយៈច្រកចេញចូលតែ ១ បានផ្តល់សេវាចំនួន ១៦ ២៩០ សេវា និងទទួលបានចំណូលសរុបចំនួន ៦ ប៊ីលាន ១២៩ លាន ៨០៤ ពាន់ និង ៨០០ រៀលគត់។
ដោយឡែកនៅឆ្នាំ ២០២២ មានការផ្តល់សេវាជូនប្រជាពលរដ្ឋបានចំនួន ១៧ ២៨០ សេវា ទទួលបានចំណូលសរុប ៦ ប៊ីលាន ២៥៤ លាន ៣៩៦ ពាន់ និង ១៥០ រៀលគត់៕