
មន្ត្រីជំនាញពាក់ព័ន្ធ នៅក្នុងកិច្ចប្រជុំក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៩ កុម្ភៈ។ រូបថត ក្រសួងមហាផ្ទៃ
ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ប្រុក ម៉ៃឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា ការផ្តល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋគ្រប់អាយុ ១៥ ឆ្នាំឡើង គិតត្រឹមថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣ បានចំនួនសរុប ១២ ៦៣៤ ៣១៦ នាក់ (ដប់ពីរលានប្រាំមួយសែនបីម៉ឺនបួនពាន់បីរយដប់ប្រាំមួយ)។
បន្ថែមពីនេះ ការផ្តល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ចាប់ពីខែមីនាឆ្នាំ ២០២២ រហូតដល់ត្រឹមថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣ បានចំនួន ៦២៦ ៥០២ នាក់ (ប្រាំមួយសែនពីរម៉ឺនប្រាំមួយពាន់ប្រាំរយពីរ) ស្នើនឹង (៣៦)% នៃទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលត្រូវអស់សុពលភាពក្នុងឆ្នាំ ២០២២ រហូតដល់ត្រឹមថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ មានចំនួនសរុប ១ ៧២៧ ០៩៤ នាក់។
លោក ប្រុក ម៉ៃឧត្តម បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសេចក្តីព្រាងរបាយការណ៍ និងវឌ្ឍនភាពនៃការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាកាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៣។
ទន្ទឹមនេះដែរ លោកអគ្គនាយករង បានថ្លែងឱ្យដឹងទៀតថា សម្រាប់ទិន្នន័យដែលនៅសេសសល់ ជាទិសដៅបន្ត អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏ដូចជាក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា នឹងបង្កើនការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា, ជំរុញដល់អង្គភាពពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងវិស័យរដ្ឋ និងឯកជន ដើម្បីឱ្យមានការចូលរួមពីគ្រប់ភាគី និងប្រជាពលរដ្ឋ បានចូលរួមក្នុងយុទ្ធនាការ ផ្តល់អត្តសញ្ញាណប័ណ្ណនេះ ទទួលបានជោគជ័យ និងសម្រេចបានតាមផែនការ៕