
វាគ្មិននិងសិស្សានុសិស្សនៅក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការអប់រំបេតិកភណ្ឌ កាលពីថ្ងៃទី ៩ កុម្ភៈ។ រូបថត អាជ្ញាធរជាតិអប្សរា
សៀមរាបៈ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ និងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី ៩ កុម្ភៈ បានរៀបចំកម្មវិធីអប់រំបណ្តុះបណ្តាលស្តីពីបេតិកភណ្ឌ ដល់សិស្សានុសិស្សនៅក្នុងតំបន់រលួស មកពីវិទ្យាល័យហ៊ុន សែនប្រាសាទបាគងថ្នាក់ទី ១០ និងថ្នាក់ទី ១១ ចំនួន ៣៥ នាក់ និងសាលាបឋមសិក្សាលលៃថ្នាក់ទី ៥ និងទី ៦ ចំនួន ៦៥ នាក់ សរុបចំនួន ១០០ នាក់។
បើតាមអាជ្ញាធរជាតិអប្សរា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងបង្កើនទាំងការយល់ដឹងពីតម្លៃសម្បត្តិបេតិកភណ្ឌ ការស្រឡាញ់មរតកវប្បធម៌ និងការចូលរួមថែរក្សា។
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការអប់រំបេតិកភណ្ឌ ចង់ឱ្យសិស្សានុសិស្សទាំងអស់ ក្នុងសហគមន៍រស់នៅក្នុងតំបន់ បេតិកភណ្ឌពិភពលោកខាងតំបន់រលួស នៅក្បែរប្រាសាទ ទួលបុរាណ មានប្រាសាទលលៃ ប្រាសាទព្រះគោ ប្រាសាទបាគង និងប្រាសាទព្រៃមន្ទីរ បានស្គាល់ពីប្រវត្តិសាស្ត្រភូមិស្រុករបស់ខ្លួន ដែលមានលក្ខណពិសេសលើសគេ ហើយការអប់រំនេះ នឹងធ្វើឱ្យកុមារយល់ពីទម្រង់ផ្សេងៗនៃបេតិកភណ្ឌ ជំរុញឱ្យពួកគេចេះពីបញ្ហាផ្សេងៗ យល់ពីអ្វីដែលជាការបំផ្លាញដល់សម្បត្តិបេតិកភណ្ឌ។
ជាមួយគ្នានេះ លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រាសាសន៍ថា ក្នុងចំណោមសិស្សានុសិស្សទាំងអស់នៅទីនេះ មានបង មានឪពុក មានជីតា ជាអ្នកជួសជុលប្រាសាទ ដោយហេតុថា នៅតំបន់រលួសនេះ មុនដំបូងគេហើយដែលមានអ្នកជំនាញជួសជុលប្រាសាទឥដ្ឋ មានបទពិសោធន៍ជាយូរមកហើយ ជាមួយស្ថាប័នអន្តរជាតិក្នុងការជួសជុលប្រាសាទព្រះគោ។
អ្នកជំនាញជួសជុលប្រាសាទឥដ្ឋនៅតំបន់រលួស ធ្លាប់បានអញ្ជើញទៅបង្ហាត់បង្រៀននៅប្រាសាទត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យទៀតផង ហើយថ្មីៗនេះ ពួកគាត់ក៏បានចូលរួមជួសជុលប្រាសាទឥដ្ឋនៅស្រុកវ៉ារិនផងដែរ។
លោក គឹម សុធិន បញ្ជាក់ទៀតថា កម្មវិធីអប់រំបេតិកភណ្ឌនេះ ពិតជាល្អពីព្រោះបានបង្រៀនពីអ្វី ដែលដូនតាខ្មែរបានកសាង។ «យើងទាំងអស់គ្នាពិតជាមានមោទនភាព ព្រោះយើងរស់នៅក្នុងតំបន់បេតិកភណ្ឌ និងជាអតីតរាជធានីបុរាណ មានប្រាសាទឥដ្ឋ ប្រាសាទថ្មតូចធំ ដូនតាខ្មែរមានបច្ចេកទេសខ្ពង់ខ្ពស់ក្នុងការសាងសង់។ តើហេតុអ្វីយើងត្រូវរៀន ត្រូវស្វែងយល់ និងថែរក្សាវប្បធម៌របស់ដូនយើង?»។
ត្រង់ចំណុចនេះ លោកអគ្គនាយករងអាជ្ញាធរជាតិអប្សរា លើកឡើងថា៖ «កាលណាយើងរក្សាសម្បត្តិដូនតាយើង នោះដូនតាយើងនឹងតាមថែរក្សាយើងវិញ រស់នៅបានសុខសាន្តត្រាណ។ បើកាលណាយើងបំផ្លាញស្នាដៃទាំងនោះ ក៏នឹងត្រូវបណ្តាសារបស់ដូនតាដូចគ្នា។ ដូច្នេះ សូមកូនក្មួយដែលជាសិស្សានុសិស្សទាំងអស់ កើត និងរស់នៅលើទឹកដីដ៏ពិសិដ្ឋនេះ ខិតខំថែរក្សាមរតកនៅលើទឹកដីរបស់ខ្លួនឯង បន្តពីមួយជំនាន់ទៅមួយជំនាន់ទៀត»៕