
ពិធីចុះហត្ថលេខាទាក់ទងនឹងការសម្អាតបរិស្ថានកាលពីថ្ងៃទី ៨ កុម្ភៈ។ រូបថត ក្រសួងបរិស្ថាន
សៀមរាបៈ មន្ត្រីជំនាញបរិស្ថានកម្ពុជា និងអ្នកជំនាញមកពីបណ្តាប្រទេសក្នុងតំបន់រួមនឹងដៃគូពាក់ព័ន្ធ កំពុងពិភាក្សាអំពីការដោះស្រាយពីការប្រែប្រួលអាកាសធាតុ ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបញ្ហានេះ។
ការបង្កើតភាពស៊ីចង្វាក់គ្នាក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុតាមរយៈសេដ្ឋកិច្ចចក្រាគឺជាប្រធានបទសំខាន់ដែលបានលើកឡើងក្នុងកិច្ចពិភាក្សានៃវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រា នៅខេត្តសៀមរាបដោយមន្ត្រីជំនាញមកពីក្រសួងបរិស្ថាននៃបណ្តាប្រទេសអាស៊ី និងប៉ាស៊ីហ្វិក កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រោយពីពិធីបើកផ្លូវការរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានឱ្យដឹងថា មន្ត្រីជំនាញបច្ចេកទេស មកពីបណ្តាប្រទេសនានារួមនឹងអង្គការដៃគូបានជជែកពិភាក្សាយ៉ាងផុសផុលដើម្បីពិនិត្យលើបញ្ហាដែលជួបប្រទះនិងដំណោះស្រាយ។
លោកបានបន្តថា វាគ្មិនមកពីក្រសួងបរិស្ថានកម្ពុជា មន្ត្រី ជំនាញពីវៀតណាម អូស្ត្រាលី ហ្វីលីពីន និងអង្គការយូនីដូ បានធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗរួមមាន ជីវៈសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងវិលជុំនៅក្នុងរបៀបវារៈអាកាសធាតុនិងកាលានុវត្តភាព,វិថីទៅកាន់អព្យាក្រឹតកាបូន,តួនាទីរបស់សេដ្ឋកិច្ចចក្រា, កាតាលីករសកម្មភាពរួមសម្រាប់សហគ្រាសធុនតូច និងមធ្យមនាំទៅរកការផ្លាស់ប្តូរកាបូនទាប,យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា,ផែនទីបង្ហាញផ្លូវរបស់កម្ពុជាក្នុងការប្រើប្រាស់ និងផលិតភាពប្រកបដោយនិរន្តរភាព និងផែនការសកម្មភាព។
លោកថ្លែងយ៉ាងដូច្នេះថា៖ «គ្រប់ភាគីបានឯកភាពគ្នាថាការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចចក្រា គឺចាំបាច់ដើម្បីសម្រេចបានទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគោលដៅផ្នែកការប្រែប្រួលអាកាសធាតុដែលបានព្រមព្រៀងដោយសហគមន៍អន្តរជាតិ និងដើម្បីជួយកសាងសេដ្ឋកិច្ចពិភពលោកឡើងវិញដើម្បីធ្វើឱ្យកាន់តែរឹងមាំ បៃតង និងប្រសើរជាងមុន»។
បន្ថែមពីនេះបណ្តាប្រទេសនានា ក៏បានបង្ហាញពីភាពចាំបាច់នៃសមត្ថភាពផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។ នាឱកាសនោះដែរមន្ត្រីនៃក្រសួងបរិស្ថានកម្ពុជាបានបង្ហាញដល់អ្នកចូលរួមអំពីការកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការរៀបចំតាក់តែងគោលនយោបាយ និងផែនការសកម្មភាពផ្សេងៗក្នុងសេដ្ឋកិច្ចចក្រាទៅក្នុងការអភិវឌ្ឍចម្បងៗ។
លោកបានបញ្ជាក់ថា៖ «កម្ពុជាបានរៀបចំយុទ្ធសាស្ត្រសេដ្ឋកិច្ចចក្រា ដើម្បីជួយឱ្យប្រសើរឡើងនូវទិដ្ឋភាពជាច្រើននៃសេដ្ឋកិច្ច និងសង្គមសម្រាប់ប្រទេសកម្ពុជា និងការសម្រេចបាននូវនិរន្តរភាពបរិស្ថាន ដោយការលើកកម្ពស់ការប្រើប្រាស់ថាមពល និងធនធានសម្ភារឱ្យកាន់តែមានប្រសិទ្ធភាព ខណៈពេលកាត់បន្ថយផលប៉ះពាល់ពីការប្រើប្រាស់ធនធានហួសកម្រិត និងការបង្កើតកាកសំណល់»។
លោក នេត្រ ភក្ត្រា ថ្លែងផងដែរថា ប្រទេសកម្ពុជាស្ថិតក្នុងទីតាំងដ៏រឹងមាំមួយក្នុងការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈសេដ្ឋកិច្ចចក្រា,ការកសាងលើកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងការកើនឡើងនៃមូលដ្ឋានអ្នកប្រើប្រាស់វ័យក្មេង។ ប៉ុន្តែលោកថា យ៉ាងណាក៏ដោយ ការណែនាំអំពីវិធីសាស្ត្រសេដ្ឋកិច្ចចក្រាទាមទារឱ្យយកឈ្នះលើឧបសគ្គផ្សេងៗ។
កញ្ញា សឹង ស្រីនិច អ្នកស្រាវជ្រាវ និងពិសោធន៍នៃក្រុមហ៊ុន Villageworks ដែលបានចូលរួមដាក់បង្ហាញផលិតផលនៅក្នុងវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី ១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រាបានថ្លែងថា ដោយសារប្លាស្ទិកមិនងាយរលាយក្នុងផែនដី និងប៉ះពាល់ដល់បរិស្ថាន ទើបក្រុមហ៊ុនខ្លួនបានស្រាវជ្រាវ ហើយផលិតរបស់ប្រើប្រាស់វេចខ្ចប់មិនមែនជាប្លាស្ទិក ដើម្បីចូលរួមថែរក្សាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ។
កញ្ញាបានបន្តថា៖ «ដោយសារក្រុមហ៊ុនរបស់យើងផ្តោតលើការកាត់បន្ថយប្លាស្ទិក និងការប្រើប្រាស់ឡើងវិញដោយពពួកប្លាស្ទិក ហើយយើងចង់ឱ្យមានផលិផលណាដែលជំនួសប្លាស្ទិកតែម្តង ដូច្នេះហើយទើបយើងកែច្នៃរបស់វេចខ្ចប់ចំណីអាហារ ឬចានដែលមិនមែនជាប្លាស្ទិកនេះឡើង។ ដូច្នេះទើបយើងធ្វើការប្រើប្រាស់សរសៃចេក ឬដើមចេក ផលិតជាចាន ពេលដែលប្រើប្រាស់ហើយអាចងាយរលាយទៅវិញ៕