
អ្នកចូលរួមវេទិកាស្តីពី «3R និងសេដ្ឋកិច្ចវិលជុំ» នៅក្រុងសៀមរាបនៅថ្ងៃទី១០កុម្ភៈ។ រូបថត ក្រសួងបរិស្ថាន
សៀមរាបៈ វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វ៊ិកលើកទី១១ ស្តីពី «3R និងសេដ្ឋកិច្ចវិលជុំ» ក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចវិលជុំទៅក្នុងការអភិវឌ្ឍវិស័យចម្បងៗដើម្បីឈានឆ្ពោះទៅសម្រេចបានសង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» រយៈពេល ៣ ថ្ងៃ លើទឹកដីសៀមរាបអង្គរ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី១០ ខែកុម្ភៈនេះ។
ពិធីបិទវេទិកានេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងវត្តមានថ្នាក់ដឹកនាំតំណាងប្រទេស និងអង្គការ/ស្ថាប័នអន្តររដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ និងសិស្ស និស្សិត សរុបជាង ៥០០ នាក់។
បើតាមក្រសួងបរិស្ថាន ក្នុងរយៈពេល ៣ ថ្ងៃនៃវេទិកានេះ តំណាងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីប៉ាហ្វិកចំនួន ៣៩ ប្រទេស និងអង្គការ/ស្ថាប័នអន្តរជាតិ បានពិភាក្សាលើប្រធានបទជាច្រើន និងបានចែករំលែកនូវបទពិសោធន៍ ការសិក្សាស្រាវជ្រាវ ស្ថានភាព និងការអនុវត្តតាមបណ្ដាប្រទេសទាំងនោះ ដើម្បីឈានឆ្ពោះទៅសម្រេចបានសង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕