ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បញ្ចប់​សុពលភាព​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​ផ្លូវគោក​ចំនួន ១០ ក្រុមហ៊ុន ក្រោយ​ក្រសួង​រកឃើញថា​ក្រុមហ៊ុន​ទាំងនេះ​មិនបាន​ស្នើសុំ​បន្ត​សុពលភាព ធ្វើ​អាជីវកម្ម​ជាច្រើន​ឆ្នាំ។​

​ក្រសួង​សាធារណការ​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ចុះ​ថ្ងៃទី ៩ ខែកុម្ភៈ ថា ក្រសួង​បាន​ពិនិត្យឃើញ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំង ១០ នេះ​មិនបាន​ស្នើសុំ​បន្ត​សុពលភាព​លិខិត​អនុញ្ញាតឱ្យ​នីតិបុគ្គល​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​ផ្លូវគោក​ក្នុងប្រទេស​ជាច្រើន​ឆ្នាំ​កន្លងមក។

​ក្រសួង​បញ្ជាក់ថា​៖ «​ហេតុដូចនេះ​ក្រសួង​សម្រេច​បញ្ចប់​សុពលភាព​វិញ្ញាបនបត្រ​ចុះបញ្ជី​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​ផ្លូវគោក​ចំនួន ១០ ក្រុមហ៊ុន ចាប់ពី​ថ្ងៃ​ចេញ​សេចក្ដី​ប្រកាស​នេះ​តទៅ»។​

​ក្រសួង​បន្តថា ក្រុមហ៊ុន​ដែល​ត្រូវបាន​បញ្ចប់​សុពលភាព​នេះ​ត្រូវ​ដោះស្រាយ​រាល់​បំណុល និង​បញ្ហា​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​ផ្លូវគោក​ក្នុង​ប្រទេស ក្នុង​ករណី​មានការ​តវ៉ា​កើត​ឡើង​ជាយថាហេតុ​ពាក់ព័ន្ធ​នឹងការ​បញ្ចប់​សុពលភាព​នេះ៕​