​ភ្នំពេញៈ គិត​មកដល់​ត្រឹម​ថ្ងៃទី​១០​កុម្ភៈ​ឆ្នាំ​២០២៣ ដំណើរការ​សាងសង់​អគារ​ទីស្តីការក្រសួង​មហាផ្ទៃ​ថ្មី​ដែលមាន​កម្ពស់​៩​ជាន់ និង​មាន​ផ្ទៃក្រឡា​សរុប ១០៥ ៥៤៥ (​មួយរយ​ប្រាំ​ពាន់​ប្រាំ​រយ​សែសិប​ប្រាំ​) ម៉ែត្រការ៉េ សម្រេចបាន​លើសពី ៦៥% ហើយ ដែល​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ក្រសួងមហាផ្ទៃ​។​

​លោក ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី នៅ​ព្រឹក​ថ្ងៃទី​១០​កុម្ភៈ​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ពី​វឌ្ឍនភាព នៃ​ដំណើរ​ការសាងសង់​អគារ​ទីស្ដីការ​ថ្មី​របស់​ក្រសួងមហាផ្ទៃ​នេះ ដោយមាន​ការចូលរួម​ពី​លោក​សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មការ​សាងសង់​អគារ​ទីស្តីការ​ថ្មី​របស់​ក្រសួងមហាផ្ទៃ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សេង យូ​អ៊ា​ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភារ និង​ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​គណៈកម្មការ​សាងសង់ និង​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ព្រមទាំង​តំណាង​ក្រុមហ៊ុន​សាងសង់ ជាច្រើនរូប​ទៀត​។​

​អគារ​ទីស្តីការក្រសួង​មហាផ្ទៃ​ថ្មី ដែលមាន​តម្លៃ​ប្រមាណ​៦០ លាន​ដុល្លារ​អាមេរិក នេះ បានចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​១១ ខែវិច្ឆិកា ឆ្នាំ​២០២១​។

​បើតាម​ក្រសួងមហាផ្ទៃ ការសាងសង់​អគារ​នេះ គឺធ្វើឡើង​តាម​ប្រភេទ​ស្ថាបត្យកម្ម​ក្លា​សិ​ក រចនាប័ទ្ម​ខ្មែរ ដំបូល​ប្រក់​ក្បឿងស្រកាលិញ មាន​បុ​ស្ប​បុក​ចំនួន​៥ តាម​លំនាំ​ប្រាសាទអង្គរវត្ត​កំពូល​ប្រាំ​៕​