លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាននិងកំពុង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ចាក​ចេញពី​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ឆ្ពោះ​មក​ព្រះរាជាណាចក្រ​កម្ពុជា​វិញ នៅ​ព្រឹក​ថ្ងៃទី​ ១១ ខែកុម្ភៈ ឆ្នាំ ២០២៣​ នេះ ម៉ោង ៨:៤៥ ​នាទី​ម៉ោង​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ត្រូវ​នឹង​ម៉ោង ៧:៤៥ នាទី​ម៉ោង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ធ្វើដំណើរ​ចាក​ចេញពី​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ឆ្ពោះ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ហើយ បន្ទាប់ពី​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២ ថ្ងៃ​ប្រកបដោយ​ភាពជោគជ័យ​ផ្លែផ្កា​យ៉ាង​ត្រចះត្រចង់​។

​វត្តមាន​នៃ​ការជូន​ដំណើរ​លោកនាយក​រដ្ឋមន្ត្រី​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ប៉េកាំង មាន​មន្ត្រី​ថ្នាក់ដឹកនាំ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​មន្ត្រី​សំខាន់ៗ​ជាច្រើន​ទៀតផង​ដែរ​។​

​តាម​ការគ្រោងទុក លោកនាយក​រដ្ឋមន្ត្រី នឹង​អញ្ជើញ​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅវេលា​ម៉ោង ១៣:៣០​នាទី​រសៀល ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​៕