​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង បាន​អញ្ជើញ​ធ្វើជា​សាក្សី នៃ​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចព្រមព្រៀង​សំខាន់ៗ​ចំនួន ​១២ នៅ​ថ្ងៃទី​ ១០ ខែកុម្ភៈ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​តាម​ហ្វេ​ស​ប៊ុ​កលោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​កិច្ចព្រមព្រៀង​ទាំងនោះ​រួមមាន​៖

១-​កិច្ចព្រមព្រៀង ស្តីពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ ក្នុង​ការកសាង​សហគមន៍​វាសនា​រួម កម្ពុជា​-​ចិន នៅក្នុង​យុគសម័យ​ថ្មី រវាង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងការបរទេស​ចិន​។ ភាគី​កម្ពុជា​ចុះហត្ថលេខា​ដោយ​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ភាគី​ចិន​ចុះហត្ថលេខា​ដោយ​លោក ឈី​ន កាង​(Qin Gang) រដ្ឋមន្ត្រីការបរទេស​ចិន​។

២-​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​អភិវឌ្ឍ សាកលវិទ្យាល័យ​ក្រចេះ ជំហាន​ទី​២ ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន ភាគី​កម្ពុជា​ដោយ​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​ភាគី​ចិន​ចុះហត្ថលេខា​ដោយ​លោក វ៉ាង វិ​ន ថាវ (Wang Wentao) រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​។

៣-​ផែន​សកម្មភាព ស្តីពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​សេដ្ឋកិច្ច ឆ្នាំ​២០២៣-២០២៤ ភាគី​កម្ពុជា​ចុះហត្ថលេខា​ដោយ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ភាគី​ចិន​ចុះហត្ថលេខា​ដោយ លោក វ៉ាង វិ​ន ថាវ (Wang Wentao) រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​។​

៤-​ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ច​ត្តា​ឡី​ស័ក និង​អនាម័យ សម្រាប់​នាំចេញ​វា​រី​សត្វ​រស់​ពី​កម្ពុជា ទៅកាន់​ប្រទេស​ចិន ភាគី​កម្ពុជា​ចុះហត្ថលេខា​ដោយ​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ភាគី​ចិន​ចុះហត្ថលេខា​ដោយ លោក យូ ជៀន​ហ័​រ (Yu Jianhua) អគ្គនាយក នៃ​អគ្គ​រដ្ឋបាល​គយ​ចិន​(GACC)​។​

៥-​អនុស្សរណៈ នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ព័ត៌មាន​កម្ពុជា និង​អគ្គ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ម​ជ្ឈឹ​ម​ចិន ភាគី​កម្ពុជា​ចុះហត្ថលេខា​ដោយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ភាគី​ចិន​ចុះហត្ថលេខា​ដោយ លោក សិន ហាយ​ស្យុ​ង (Shen Haixiong) អគ្គនាយក នៃ​អគ្គ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ម​ជ្ឈឹ​ម​ចិន​។​

៦-​កិច្ចព្រមព្រៀង នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា និង​ទីភ្នាក់ងារ​ស៊ីន​ហួ ភាគី​កម្ពុជា​ចុះហត្ថលេខា​ដោយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ភាគី​ចិន​ចុះហត្ថលេខា​ដោយ លោក ហ្វូ ហ័​រ (Fu Hua ) ប្រធាន​ទីភ្នាក់ងារ​ស៊ីន​ហួ ។​

៧-​សេចក្តីថ្លែងការណ៍​រួម ស្តីពី​គំនិត​ផ្តួចផ្តើម​កិច្ចសហការ​អាស៊ី សម្រាប់​ការអភិរក្ស​បេតិកភណ្ឌ​វប្បធម៌ ភាគី​កម្ពុជា​ចុះហត្ថលេខា​ដោយ​លោកស្រី ទូត បញ្ញា រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ភាគី​ចិន​ចុះហត្ថលេខា​ដោយ លោក លី ឈិន (Li Qun) អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន និង​ជា​ប្រធាន​រដ្ឋបាល​បេតិកភណ្ឌ​វប្បធម៌​ជាតិចិន​។​

៨-​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ស្តីពី​ផែនការ​សហប្រតិបត្តិកា​រ​អភិវឌ្ឍន៍​កម្ពុជា​-​ចិន ឆ្នាំ​២០២៣-២០២៥ ភាគី​ម្ពុ​ជា​ចុះហត្ថលេខា​ដោយ លោក រស់ សីល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ភាគី​ចិន​ចុះហត្ថលេខា​ដោយ​លោក លូក ចាវ​ហួយ (Luo Zhaohui) ប្រធាន​សហប្រតិបត្តិកា​រ​អភិវឌ្ឍន៍​អន្តរ​ជាតិចិន​។​

៩-​លិខិត​ប្តូរ​សារ​ស្តីពី​ការសិក្សា​សមិទ្ធផល​លទ្ធភាព​គម្រោង​សាកល្បង កិច្ចសហប្រតិបត្តិការ​ការកាត់បន្ថយ​ភាពក្រីក្រ នៅ​កម្ពុជា​ជំហាន​ទី​២ ភាគី​ម្ពុ​ជា​ចុះហត្ថលេខា​ដោយ លោក រស់ សីល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ភាគី​ចិន​ចុះហត្ថលេខា​ដោយ​លោក លូក ចាវ​ហួយ (Luo Zhaohui) ប្រធាន​សហប្រតិបត្តិកា​រ​អភិវឌ្ឍន៍​អន្តរ​ជាតិចិន​។​

១០-​លិខិត​ប្រគល់​ទទួល​នូវ​ទឹកប្រាក់​ហិរញ្ញប្បទាន​ឥត​សំណង ចំនួន ៤,៤​លាន​ដុល្លា​អាមេរិក សម្រាប់​គម្រោង​កាត់បន្ថយ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅ​ប្រទេស​កម្ពុជា ភាគី​កម្ពុជា​ចុះហត្ថលេខា​ដោយ លោក រស់ សីល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ភាគី​ចិន​ចុះហត្ថលេខា​ដោយ​លោក វ៉ាង វិ​ន​ថាវ (Wang Wentao) រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​។​

១១-​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ សម្រាប់​គម្រោង​អភិវឌ្ឍន៍ អាងទឹក​ដងកាំបិត ខេត្តកំពង់ធំ ភាគី​កម្ពុជា​ចុះហត្ថលេខា​ដោយ លោក រស់ សីល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ភាគី​ចិន​ចុះហត្ថលេខា​ដោយ​លោក លូក ចាវ​ហួយ (Luo Zhaohui) ប្រធាន​សហប្រតិបត្តិកា​រ​អភិវឌ្ឍន៍​អន្តរ​ជាតិចិន​។​

១២-​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន សម្រាប់​គម្រោង​អភិវឌ្ឍន៍​អាងទឹក​ដងកាំបិត ខេត្តកំពង់ធំ ភាគី​កម្ពុជា​ចុះហត្ថលេខា​ដោយ លោក រស់ សីល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ភាគី​ចិន​ចុះហត្ថលេខា​ដោយ លោក អ៊ូ ហ្វូ​លីន (Wu Fulin) ប្រធាន​ធនាគារ អាហរ័ណ នីហរ័ណ​ចិន​។​

​បន្ទាប់មក​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ចុច​ប៊ូ​តុង​ដើម្បី​បង្ហាញ​វីដេអូ​ខ្លី ស្តីពី​សកម្មភាព​នៃ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន​៕