
ភ្នំពេញៈ លោក ហ្វាំង វ៉ាល់ធ័រ ឆ្កែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ និង លោកលោក អែលឃើ បឿឌិនប៊ិនឌ័រ (Elke Büdenbender) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤-១៦ ខែកុម្ភៈ ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មានរបស់នាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា៖«ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់ មកកាន់កម្ពុជានាពេលខាងមុខនេះ នឹងបើកទំព័រប្រវត្តិសាស្ត្រថ្មី នៅក្នុងទំនាក់ទំនងទ្វេភាគី»។
ប្រភពដដែលបានឱ្យដឹងថា ការអញ្ជើញមកទស្សនកិច្ចរបស់ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់គឺ តបតាមការអញ្ជើញរបស់ លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី នឹងមានកិច្ចសន្ទនាផ្លូវការ ជាមួយ លោក សាយ ឈុំ និង លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងឱកាសនោះ ទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគី និងពហុភាគី រួមទាំងបញ្ហានានាដែលមានផលប្រយោជន៍រួម នឹងត្រូវលើកយកមកពិភាក្សា។
ប្រធានាធិបតី នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅ មណ្ឌប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្ដម សីហនុ “ព្រះបរមរតនកោដ្ឋ» អតីត ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លោក ហ្វាំង វ៉ាល់ធ័រ ឆ្កែនម៉ៃយ័រ នឹងអញ្ជើញទៅទស្សនកិច្ច អង្គការ Halo Trust និងទស្សនាឧទ្យានជាតិអង្គរក្នុងខេត្តសៀមរាប ដែលមានគម្រោងឧបត្ថម្ភគាំទ្រ ដោយអាល្លឺម៉ង់។ លោកប្រធានាធិបតី ក៏នឹងអញ្ជើញទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ ទួលស្លែង ក្នុងរាជធានីភ្នំពេញ ផងដែរ។
ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនាពេលខាងមុខ របស់ប្រធានាធិបតីអាល្លឺម៉ង់ មកកាន់ព្រះរាជាណាចក្រកម្ពុជា នឹងបើកទំព័រមាសក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងជាប្រពៃណី ក៏ ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងពង្រឹងបន្ថែម ទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ សម្រាប់ជាផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ៕