​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​លោក នេត្រ ភក្ត្រា បាន​បង្ហើប​ឱ្យដឹងថា ក្រសួងបរិស្ថាន គ្រោង​នឹង​រៀបចំ​វេទិកា​ជាតិ​កេសរ​កូ​ល​លើក​ទី​៣ ក្នុង​ខែមីនា ឆ្នាំ ២០២៣​ ​ឆាប់ៗ​នេះ ដើម្បី​បន្ត​បញ្ជ្រាប​ការយល់ដឹង និង​បន្ត​ការអភិរក្ស​រុក្ខជាតិ​កេសរ​កូ​ល​នៅ​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ប្រភេទ​ថែមទៀត​។ ជាមួយនឹង​ការរៀប​ចំនេះ មន្ត្រីជាន់ខ្ពស់​បរិស្ថាន បាន​បញ្ជាក់ថា កម្ពុជា​យើង​ត្រូវការ​ទាំង​ផែនការ និង​ការអនុវត្ត​ដើម្បី​អាច​ថែរក្សា និង​អភិរក្ស​កេសរ​កូ​ល​ឱ្យ​គង់វង្ស​។

​នាឱកាស​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​ចុះ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ ២០២៣ រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ ក្រសួងបរិស្ថាន​លោក នេត្រ ភក្ត្រា បានឱ្យដឹងថា វេទិកា​នេះ​នឹងមាន​ការចូលរួម​ពី​សំណាក់​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ ជាពិសេស​បងប្អូន​អាជីវករ​ដែលមាន​អាជីវកម្ម​លក់​ផ្កា មិន​ថា​ផ្កា​បានមកពី​ការ​បង្កាត់ ឬ​ផ្កា​ដែលមាន​លក់​នៅលើ​ទីផ្សារ​។ ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន​នឹង​នាំយក​នូវ​ប្រភេទ​កេសរ​កូ​ល ព្រៃ​ទៅ​ដាក់តាំង​បង្ហាញជូន​អ្នកចូលរួម​ផងដែរ​។​

​លោក​បញ្ជាក់ថា​៖«​កម្ពុជា​យើង​ត្រូវការ​ទាំង​ផែនការ និង​ការអនុវត្ត​ដើម្បី​អាច​ថែរក្សា និង​អភិរក្ស​កេសរ​កូ​ល​ឱ្យ​គង់វង្ស ហើយ​យើង​សង្ឃឹមថា មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូ​លេន អាចជា​កន្លែង​ផ្ដល់​ពូជ​ដើម្បី​ផ្គត់ផ្គង់​ទៅ​តម្រូវការ​ក្នុងស្រុក​បន្ថែម ខណៈដែល​បច្ចុប្បន្ន​មានការ​នាំចូល​ផ្កា​មក​ច្រើន​»​។ លោក​បន្ថែមថា ម្យ៉ាងទៀត ជាមួយនឹង​ជីវភាព​ពលរដ្ឋ​ដែល​ប្រសើរ​ជាង​មុន ពួកគេ​អាចមាន​លទ្ធភាព​តុបតែង​ផ្ទះ​ដោយ​ប្រើប្រាស់​កេសរ​កូ​ល​ផងដែរ​។

​លោក នេត្រ ភក្ត្រា ឱ្យដឹងទៀតថា ការរៀបចំ​វេទិកា​នេះ​ឡើង​គឺ​ស្ថិតក្រោម​គោលបំណង ដើម្បី​បង្ហាញ​ពី​ភាព​សម្បូរបែប​នៃ​កេសរ​កូ​ល​របស់​ប្រទេស​កម្ពុជា ដែល​បច្ចុប្បន្ននេះ​បើតាម​ការ​ស្មាន មាន​កេសរ​កូ​ល​ប្រមាណ​ជា ៥០០​ប្រភេទ ដែល​បានមកពី​ការសិក្សា​ប្រមូលរបស់​ក្រុមមន្ត្រី​ជំនាញ​យកចេញ​ពី​ខេត្ត​ព្រះសីហនុ កំពត កោះកុង ខេត្តព្រះវិហារ ខេត្តសៀមរាប​។​

​លោក​បាន​បន្ថែមថា បច្ចុប្បន្ននេះ​កម្ពុជា​បាន​ប្រមូល​កេសរ​កូ​ល​បាន​ចំនួន ៥ ពាន់​សំណាក ក្នុងនោះ​មាន​កេសរ​កូ​ល​ចំនួន ២១០​ប្រភេទ ហើយ​កេសរ​កូ​ល​ដែល​បានកំណត់ អត្តសញ្ញាណ​ជាក់លាក់​គឺមាន​ជាង ១០០​ប្រភេទ​។

​អ្នកនាំពាក្យ​រូបនេះ​បាន​បន្តថា​៖ «​គោលបំណង​ទី​២​គឺ ដើម្បី​ផ្សព្វផ្សាយ​ឱ្យបាន​ដឹង នឹង​បណ្ដុះ​ស្មារតី​ប្រជាពលរដ្ឋ​ឱ្យ​ស្រឡាញ់​ធនធានធម្មជាតិ ជាពិសេស​អ្វីដែល​យើង​មាន ហើយ​វេទិកា​របស់​យើង​នេះ​ក៏​ទាញ​នូវ​ការចាប់អារម្មណ៍​ជារួម​ដល់​សាធារណជន ក៏ដូចជា​អ្នកពាក់ព័ន្ធ​អំពី​ការព្រួយបារម្ភ​ថា យើង​អាច​នឹង​បាត់បង់​ប្រភេទ​កេសរ​កូ​ល ដោយសារតែ​កន្លងទៅនេះ​មាន​ការធ្វើ​អាជីវកម្ម​ហួសប្រមាណ​ទៅលើ​កេសរ​កូ​ល​ព្រៃ​»​។​

​រីឯ​គោលបំណង​ទី​៣​គឺ ដើម្បី​ទប់ស្កាត់​កុំឱ្យ​មានការ​ធ្វើ​អាជីវកម្ម​ហួស​ជ្រុល​ទៅលើ​កេសរ​កូ​ល​ព្រៃ គឺ​យើង​បានចេញ​នូវ​សេចក្ដីណែនាំ​ដល់​រដ្ឋបាល​រាជធានី​ខេត្ត​ដែលមាន​តំបន់ការពារធម្មជាតិ ជាពិសេស​គឺ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​សូមឱ្យ​ពួកគាត់​ទៅគ្រប់​គ្រង​ឱ្យបាន​ល្អ ហើយក៏​ជូនដំណឹង​ដល់​ពលរដ្ឋ​កុំឱ្យ​ធ្វើ​អាជីវកម្ម​ហួសប្រមាណ​។​

​គួរ​បញ្ជាក់ថា វេទិកា​ជាតិ​កេសរ​កូ​ល​លើក​ទី​២​កន្លងទៅ បាន​ប្រព្រឹត្ត​ទៅក្នុង​ខែឧសភា ឆ្នាំ​២០២២ ស្ថិតនៅ​អគារ​ខេមរា​នី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​)​។ ក្នុងនោះ​ផងដែរ ក៏មាន​ការចូលរួម​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ប្រជាពលរដ្ឋ មន្ត្រី​បរិស្ថាន ម្ចាស់​អាជីវកម្ម​លក់​ផ្កា ក៏ដូចជា​អ្នក​ថតរូប​ផ្កា សម្រាប់​ផ្សព្វផ្សាយ​ជាដើម​៕​