សៀមរាបៈ អាជ្ញាធរជាតិ​អប្សរា និង​ស្ថាប័ន​អន្ដរជាតិ​ដែល​កំណាយ​ស្រាវជ្រាវ​ខឿន​ព្រះវិហារ​ខាង​កើត ប្រាសាទ​បាយ័ន រក​ឃើញ​គំនរបំណែក​ក្បឿង​នៅលើ​ខឿន​កាកបាទ ដែល​ជា​សក្ខីភាព​បញ្ជាក់​អំពី​សំណង់​ឈើ​ប្រក់​ក្បឿង​មាន​វត្តមាន​នៅ​លើ​ខឿន​នេះ។

លោក Andrew Harris ជា​ប្រធាន​គម្រោង​ស្រាវជ្រាវ​ព្រះវិហារ​សម័យ​អង្គរ (Angkor Vihara Project) បាន​ឱ្យ​ដឹង​ថា ជា​ទូទៅ​ក្រៅអំពី​បំណែក​កុលាល​ភាជន៍ខ្មែរ និង​ភាជន៍ចិន ដែល​ជា​ភ័ស្តុតាង​ការ​ប្រើប្រាស់​នា​សម័យ​អង្គរ ក្រុម​ការងារ​ក៏​ជួប​ប្រទះ​នូវ​ភ័ស្តុតាង​នៃ​ការ​ប្រើប្រាស់​ កុលាលភាជន៍ សម័យ​ក្រោយ​អង្គរ (នា​សតវត្សរ៍ទី ១៦ ទៅ ១៧) នៅ​ក្នុង​ស្រទាប់​ជិត​ព្រះវិហារ។

អាជ្ញាធរជាតិ​អប្សរា និង​ស្ថាប័ន​អន្ដរជាតិ​បាន​និង​កំពុង​កំណាយ​ស្រាវជ្រាវ​ខឿន​ព្រះវិហារ​ខាងកើត ប្រាសាទ​បាយ័ន គម្រោង​ស្រាវជ្រាវ​ព្រះវិហារ​សម័យ​អង្គរ​របស់​សាកល​វិទ្យាល័យ​ តូរិនតូ ប្រទេស​កាណាដា ក្រោម​កិច្ច​សហការ​ជាមួយ​អាជ្ញាធរជាតិ​អប្សរា កំពុង​ធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​ខឿន​ព្រះវិហារ​បុរាណ​មួយ ស្ថិត​នៅ​ខាងកើត​ប្រាសាទ​បាយ័ន ចម្ងាយ​ប្រមាណ ២០០ម៉ែត្រ។

អាជ្ញាធរជាតិ​អប្សរា​បាន​ឱ្យ​ដឹង​ថា ការ​ស្រាវជ្រាវ​បង្កើត​ទ្បើង​ក្នុង​គោល​បំណង​ស្វែង​យល់​អំពី​តួនាទី​របស់​រចនា​សម្ព័ន្ធ និង​តួនាទី​របស់​សំណង់បុរាណ​នានា​ដែល​ក្នុង​នោះ​រួមមាន ខឿន​ព្រះវិហារ ខឿន​កាកបាទ​ស្ថិត​ខាង​លិច​ជាប់​នឹង​ព្រះវិហារ និង​សំណង់​ខឿន​ព្រះធាតុ។ ជាពិសេស គឺស្វែង​យល់​អំពី​សម័យ​កាល​វិវត្តន៍​នៃ​ការ​គោរព​បូជា​ព្រះពុទ្ធ​សាសនា នា​ចុង​សម័យអង្គរ។

ប្រធាន​គម្រោង​ស្រាវជ្រាវ​ព្រះ​វិហារ​សម័យ​អង្គរ (Angkor Vihara Project) លោក Andrew Harris បាន​ឱ្យ​ដឹង​ថា នេះ​ជា​គម្រោងកំណាយ​ស្រាវជ្រាវ​លើក​ទី៣ លើ​ខឿន​ព្រះវិហារ​នៅ​ក្នុង​ក្រុង​អង្គរធំ។ លោក​ពន្យល់​ថា កំណាយ​ស្រាវជ្រាវ​នេះ​ធ្វើឡើង​ក្នុង​បំណង ស្វែងយល់​ពី​តួនាទី​ខឿន​កាកបាទ និង​ខឿន​ព្រះពុទ្ធ​សាសនា​ដែល​ស្ថិត​នៅ​ជ្រុង​ខាងកើត ដើម្បី​ដឹង​ពី​អាយុកាល និង​តួនាទី​នៃ​សំណង់​ទាំងនោះ។

លោក​បញ្ជាក់​បន្ថែម​ថា៖ «ការងារ​លើក​នេះ គឺ​រួម​បញ្ចូល​ទាំង​ការ​សិក្សា​អំពី​តួនាទី មុខងារ អាយុកាល​របស់​ខឿន​ព្រះធាតុ ដែល​ស្ថិត​នៅ​ដាច់​អំពី​សំណង់​ព្រះវិហារ​បុរាណ និង​ជាពិសេស គឺ​ស្វែងយល់​អំពី​ទំនាក់​ទំនង​ប្រើប្រាស់​របស់​សំណង់​ព្រះវិហារ​ទៅ​ជាមួយ​នឹង​សហគមន៍​មនុស្ស​រស់​នៅ​ជុំវិញ។ល។»។

លោកបន្តថា ចាស់​បុរាណ​នា​សម័យ​ក្រោយ​អង្គរ​លោក​បាន​បញ្ចុះ​ធាតុ​អ្នក​ស្លាប់​ក្នុង​កូន​ក្រឡកប់​ក្នុង​ដី​បរិវេណ​ខឿន​កាកបាទ ទៅ​តាម​ទំនៀមទម្លាប់​ជំនឿ​ព្រះពុទ្ធ​សាសនា។ ជាងនេះ​ទៅទៀត គេ​ក៏​ប្រទះឃើញ​ស្លាក​ស្នាម​ទឹកហូរ ចេញចូល​ពី​ស្រះទឹក​ដ៏​ធំ​មួយ​ក្បែរ​នោះ ទៅ​មុខ​ព្រះវិហារ​ផងដែរ។

កិច្ចការ​សហការ​សិក្សា​ស្រាវជ្រាវ​សំណង់​ខឿន​ព្រះវិហារ​សម័យ​អង្គរ​នេះ​បង្ហាញ​នូវ​ភ័ស្តុតាង​មួយ​ចំនួន​ទាក់ទង​នឹង​ការ​វិវត្តសង្គម​សាសនា​ចុងសម័យ​អង្គរ និង​សង្គម​មនុស្ស​បន្ត​រស់​នៅ​ក្រោយ​ការ​ផ្លាស់ប្ដូរ​រាជធានី​ទៅ​ភាគ​ខាងត្បូង។

លោក Andrew Harris បន្ថែមថា កន្លងមក អ្នក​ស្រាវជ្រាវ​យល់ថា រាជធានី​អង្គរ​ត្រូវ​បាន​គេ​បោះបង់​ចោល និង​ពុំមាន​មនុស្ស​រស់នៅ។

តែ​តាម​រយៈ​ការ​សិក្សា​ថ្មីៗ​របស់​អ្នក​ស្រាវជ្រាវជាតិ និង​អន្តរជាតិ រួម​ទាំង​ការ​ស្រាវជ្រាវ​ទាំងបី​លើក​ក្នុង​គម្រោង​ព្រះវិហារ​អង្គរ ​ក៏​បាន​បន្ថែម​នូវ​ភ័ស្តុតាង​សំខាន់ៗ​មួយ​ចំនួន ដែល​អាច​បញ្ជាក់​អំពី​ការ​ផ្លាស់ប្តូរ​ជំនឿ​សាសនា និង​ការ​ស្ថាបនា​សំណង់​សាសនា តាម​បែប​ទស្សនៈ​ព្រះពុទ្ធសាសនា ដែល​អាច​រាប់​ចាប់​ពី​ចុង​សតវត្សរ៍​ទី១៣ ដល់​ទី​បញ្ចប់​សតវត្សរ៍​ទី១៤ និង ជាពិសេស នៅ​សតវត្សរ៍​ទី១៦ តរៀងមក។

តាមរយៈ​សិល្បៈ​សំណង់​ព្រះវិហារ​នីមួយៗ​ក្នុង​ក្រុង​អង្គរធំ បញ្ជាក់​នូវ​អាយុកាល​នៃ​ការ​ស្ថាបនា​ នាចុង​សម័យ​អង្គរ និង​មាន​សំណង់​មួយ​ចំនួន​តូច​ទាក់ទង​នឹង​សម័យ​ក្រោយ​អង្គរ។ ជា​ការពិត​ណាស់​ព្រះវិហារ​មួយ​ចំនួន​ត្រូវ​បាន​កែ​លម្អ ឬ​ស្ថាបនា​ក្រោយ​វត្តមាន​ព្រះបាទ​អង្គចន្ទ ព្រះរាជវង្ស និង​ព្រះពុទ្ធ​សាសនា​នឹង​ត្រលប់​មក​កាន់​រាជធានីចាស់។

របក​គំហើញ​ថ្មីៗ​របស់​ក្រុម​ស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ​ផ្តល់​លទ្ធភាព​ក្នុង​ការ​ចងក្រង​ប្រវត្តិសាស្រ្ត​មួយ​បែបថ្មី ដែល​កន្លងមក​តែង​យល់​ថា ព្រះវិហារ​ក្នុង​រាធានី​អង្គរ​ត្រូវ​បាន​ស្ថាបនា​ទ្បើង​នា​សម័យ​ក្រោយ​អង្គរ​ស្រប​ជាមួយ​ការ​ត្រទ្បប់​មក​វិញ​របស់​ព្រះបាទ​អង្គចន្ទ យាង​មក​ជួសជុល​ទីសក្ការៈ​បូជា​ក្នុង​ប្រាសាទ​អង្គរវត្ត។ ជា​សក្ខីភាព​ដូចជា​ ជួសជុល​កែប្រែ​ប្រាសាទ​អង្គរវត្ត ស្ថាបនា​ព្រះពុទ្ធ​រូបធំៗ លើ​ភ្នំបាខែង និង​ប្រាសាទ​បាភួន និង​ព្រះវិហារ​ជុំវិញ​ប្រាសាទ​បាយ័ន។

តាម​ការ​ស្រាវជ្រាវ​កន្លងមក គេ​បាន​សន្និដ្ឋាន​ថា សំណង់​ខឿន​ព្រះវិហារ​ព្រះពុទ្ធ​សាសនា​ក្នុង​កំពែង​ក្រុង​អង្គរធំ មាន​ចំនួន​ចន្លោះពី​ ៦២ ទៅ៧២។ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ការ​ស្រាវជ្រាវ​នៅ​ទួល​ព្រះវិហារ​ទាំងនោះ មាន​ចំនួន​តិចតួច​នៅទ្បើយ និង​ជា​ប្រធាន​បទថ្មី​មួយ​សម្រាប់ក្រុម​ស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ​សហការ​គ្នា​ដើម្បី​ស្វែង​យល់​ឱ្យ​កាន់​តែ​ច្បាស់​អំពី​សង្គម​រស់នៅ​របស់​បុព្វបុរស​ខ្មែរ​លើ​រាជធានី​អង្គរ​នាចុងសម័យ​អង្គរ និង​ក្រោយអង្គរ៕