
អគារបុរីកីឡា ផ្លូវលេខ ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញៈ រដ្ឋបាលបាលខណ្ឌ ៧មករា បានចេញលិខិតអញ្ជើញប្រជាពលរដ្ឋទាំងអស់មកទទួលប័ណ្ណកម្មសិទ្ធិនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៤:០០នាទី នៅមុខអគារបុរីកីឡា ផ្លូវលេខ ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
លិខិតជូនដំណឹងរបស់រដ្ឋបាលខណ្ឌ ៧មករា ចេញថ្ងៃទី ១០ ខែកុម្ភៈ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ៧មករា និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានសហការគ្នាចុះប្រមូលឯកសារពាក់ព័ន្ធ និងបំពេញសាលាកបត្រព័ត៌មាន ដើម្បីរៀបចំធ្វើប័ណ្ណកម្មសិទ្ធិផ្ទះជូនបងប្អូនទាំងអស់ដែលកំពុងរស់នៅអគារទាំង៨ បុរីកីឡា បានរួចរាល់។
ប្រភពបញ្ជាក់ថា៖«ដូច្នេះ រដ្ឋបាលខណ្ឌ៧មករា សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់មកទទួលប័ណ្ណកម្មសិទ្ធិនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៤:០០នាទី នៅមុខអគារបុរីកីឡា ផ្លូវលេខ ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ»។
រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះសំណេះសំណាល និងរៀបចំយុទ្ធនាការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិលើចំណែកឯកជន ចំនួន ១ ៣៩២យូនីត ស្មើនឹងជាង ១ ២០០គ្រួសារ ជូនពួកគាត់ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ដោយពិនិត្យឃើញអំពីស្ថានភាពរបស់បងប្អូន និងដើម្បីជួយសម្រួលឱ្យបងប្អូនទទួលបានកម្មសិទ្ធិស្របច្បាប់លើចំណែកឯកជននៃអគារសហកម្មសិទ្ធិបុរីកីឡា ក៏ដូចសម្រាលបន្ទុកក្នុងការបង់ពន្ធ-អាករ និងសេវាសុរិយោដីនានា ក្នុងដំណើរការបំពេញនីតិវិធីកសាងប័ណ្ណកម្មសិទ្ធិខាងលើ លោកនាយករដ្ឋមន្ត្រី បានសម្រេចឱ្យអាជ្ញាធររាជធានីភ្នំពេញរៀបចំបែបបទ ដើម្បីចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិលើចំណែកឯកជន ចំនួន ១ ៣៩២យូនីត នៃអគារបុរីកីឡា ទាំង ៨អគារ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រមាណជាង ១២០០គ្រួសារ។
ជាមួយគ្នានោះ ការផ្តល់ជូននេះ នឹងលើកលែងនូវការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗព្រមទាំងសេវាអន្តរក្រសួងនានា ក្នុងការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិលើចំណែកឯកជន ចំនួន ១ ៣៩២យូនីត នៃអគារបុរីកីឡា ទាំង ៨អគារ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់។
អភិបាលរាជធានីលើកឡើងថា៖ «នេះពិតជាស្ដែងឱ្យឃើញអំពីការយកចិត្តទុកដាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងអគារបុរីកីឡា ទាំង៨អគារ»៕