
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ជួបពិភាក្សាជាមួយគណៈប្រតិភូកូរ៉េ ដែលដឹកនាំដោយលោក Kim Young Saing មកពីវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលវិជ្ជាជីវៈកូរ៉េ (KRIVET) នៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២៣។
កម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកូរ៉េ (KRIVET) នៃសាធារណរដ្ឋកូរ៉េ គ្រោងបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយនឹងកម្ពុជា ក្នុងគោលបំណងក្នុងការពង្រីកចំណេះដឹងទាក់ទងជំនាញបច្ចេកទេស។
គម្រោងនេះ ត្រូវបានផ្តួចផ្តើមឡើងក្នុងអំឡុងពេលដែលរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានអនុញ្ញាតឱ្យគណៈប្រតិភូកូរ៉េ ដែលដឹកនាំដោយលោក Kim Young Saing មកពីវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលវិជ្ជាជីវៈកូរ៉េ (KRIVET) នៃសាធារណរដ្ឋកូរ៉េ ចូលជួបពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២៣។ គំនិតផ្តួចផ្តើមនេះផងដែរ បន្ទាប់ពីគណៈប្រតិភូកូរ៉េ បានទៅទស្សនកិច្ចសិក្សា នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង។
ប្រភពពីក្រសួងអប់រំកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបនោះប្រតិភូកូរ៉េ បានធ្វើបទបង្ហាញទាក់ទងទៅនឹងគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយនឹងកម្ពុជា។
ប្រភពដដែលបន្តថា៖ «កិច្ចសហប្រតិបត្តិការនេះមានគោលបំណងក្នុងការពង្រីកចំណេះដឹងទាក់ទងទៅនឹងវិស័យអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពង្រីកគំរូអាស៊ានលើការអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ASEAN TVET Model) ដែលសមស្របនឹងបរិបទ និងយុទ្ធសាស្រ្ដអភិវឌ្ឍន៍អាស៊ាន និងការបង្កើតហេដ្ឋារចនាសម្ព័ន្ធសម្រាប់គ្រូបង្រៀនអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីផ្លាស់ប្ដូរការសិក្សា»។
ឆ្លៀតក្នុងឱកាសនេះ លោក ហង់ ជួនណារ៉ុន បានថ្លែងអរគុណ ចំពោះគណៈប្រតិភូកូរ៉េ ដែលបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់កម្ពុជា។
ជាមួយគ្នានោះ លោកបានស្នើសុំឱ្យនាយកដ្ឋានជំនាញ សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលវិជ្ជាជីវៈកូរ៉េ (KRIVET) សិក្សាស្វែងយល់អំពីជំនាញបច្ចេកទេស ដូចជា ការប្រើប្រាស់ដ្រូន (Drone) និងជំនាញទាក់ទងនឹងសម្ភស្ស (Beauty) ទៅលើវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសនៅភ្នំពេញ ដើម្បីឈានទៅដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការអនុវត្តកម្មវិធីនាពេលខាងមុខ។
សូមជម្រាបថា វិទ្យាស្ថានស្រាវជ្រាវ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកូរ៉េ (KRIVET) បានអនុវត្តវគ្គបណ្ដុះបណ្ដាលជំនាញដូចជា ការប្រើប្រាស់ដ្រូន (Drone) ការព្រីនបែប 3D (3D Printer) ជំនាញគ្រឿងចក្រ (Automation) ជំនាញទាក់ទងនឹងសម្ភស្ស (Beauty) និងព័ត៌មានវិទ្យា នៅបណ្ដាប្រទេសរួមមាន ប្រទេសថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងឥណ្ឌា៕