ព្រះសីហនុៈ សមាគមជប៉ុន-កម្ពុជា ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជណ្ដើរ​វែង ១គ្រឿង ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ខេត្ត​ព្រះសីហនុ មាន​ទីតាំង​នៅ​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ និង​បានអញ្ជើញ​ចូលរួម​ពិធី​ប្រគល់-ទទួល​ដោយ​លោក គួច ចំរើន អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ព្រះសីហនុ និង​តាកាហាស្សិ ហ្វូមីអាគិ ប្រធានសមាគម ជប៉ុន-កម្ពុជា។

លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ថ្លែងអំណរគុណ​សមាគម ជប៉ុន-កម្ពុជា ដែល​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ជណ្ដើរ​វែង​ជូន​ដល់រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក្នុង​នាម​រដ្ឋបាល​ខេត្ត លោក​បាន​សម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​គណៈប្រតិភូ​សមាគម​ជប៉ុន-កម្ពុជា ដែល​បាន​អញ្ជើញ​មក​ដល់​ខេត្ត​ព្រះសីហនុ។

លោកបញ្ជាក់ថា៖ «សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមាគម និង​ក្រុមហ៊ុន​ដែល​បាន​ឧបត្ថម្ភ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជណ្តើរ​វែងចំនួន ១គ្រឿង ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នាឱកាសនេះ»។

លោក​អភិបាល​ខេត្ត​បាន​បន្តថា កម្ពុជា-ជប៉ុន មាន​ទំនាក់ទំនង​យ៉ាង​ស្អិត​រមួត និង​មាន​ប្រវត្តិ​ឧបត្ថម្ភ​គាំទ្រ គ្នា​តាំង​ពី​យូរលុង​ណាស់​មក​ហើយ។ ប្រទេស​កម្ពុជា និង​ប្រទេស​ជប៉ុន បាន​បង្កើត​ទំនាក់ទំនង​ការទូត​ផ្លូវការ​នៅ​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ ១៩៥៣ ហើយ​នៅ​ក្នុង​ឆ្នាំ ២០២៣ នេះ​ គឺជា​ខួប​លើក​ទី៧០ នៃ​ទំនាក់ទំនង​ការ​ទូត​រវាង កម្ពុជា-ជប៉ុន។

ពីមួយឆ្នាំ​ទៅមួយឆ្នាំ ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ​មាន​ភាព​ល្អប្រ​សើរ​ជា​បន្តបន្ទាប់ ជាពិសេស វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទ្វេភាគី​មាន​ការ​រីកចម្រើន។ ក្រោម​គម្រោង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា-ជប៉ុន ខេត្ត​ព្រះសីហនុ ទទួល​ការ​ឧបត្ថម្ភ​គាំទ្រ​លើ​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ក្នុង​វិស័យ​នានា ដូចជា សុខាភិបាល អប់រំ បរិស្ថាន ទូរគមនាគមន៍ ធារាសាស្ត្រ ជាពិសេស គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ និង​តំបន់​សេដ្ឋកិច្ច​ពិសេស។

លោកថ្លែងថា៖«បេសកកម្ម​របស់​ឯកឧត្តម កាលពី​ឯកឧត្តម​ជា​ឯកអគ្គរដ្ឋ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា តែងតែ​បាន​ជួបប្រជុំ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជាច្រើន​លើក​ច្រើន​សា​និង​បាន​ផ្សព្វផ្សាយ​អំពី​ខេត្ត​ព្រះសីហនុ ព្រម​ទាំង​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ ជប៉ុន​មក​ទស្សនា និង​សិក្សា​ឈ្វេងយល់​អំពី​ឱកាស​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ»។

លោកអភិបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​ថា ការ​ផ្ដល់​នូវ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជណ្ដើរ​វែង ១គ្រឿងនេះ ពិតជា​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន និង​មាន​សម្ភារសំខាន់​ក្នុង​ការ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ និង​កាត់​បន្ថយ​ហានិភ័យ​នានា បង្ក​ឡើង​ដោយ​អគ្គិភ័យ​ក្នុង​ខេត្ត​ព្រះសីហនុ។

រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ឱ្យ​ដឹង​ថា រថយន្ត​ពន្លត់​អគ្គិភ័យ​ជណ្តើរ​វែង​នេះ មាន​ដៃ​រហូត​ដល់ ៣៥ម៉ែត្រ អាច​ធ្វើ​ការងារ​លើ​សំណង់​អគារមាន​កម្ពស់ ១៣ ជាន់ ហើយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មាន​តម្រូវ​ការ​រថយន្ត​ប្រភេទ​ជណ្តើរ​វែង​នេះ​បន្ថែម​ទៀត ដើម្បី​ចូលរួម​អន្តរាគមន៍ ក្នុងការ​ជួយ​ពន្លត់​អគ្គិភ័យ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​របស់​យើង ដោយសារ​តែ​បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ​មាន​អគារ ខុនដូរ​ខ្ពស់​ជាច្រើន ព្រម​ទាំង​ស្នើសុំ​ឱ្យ​មាន​ការ​ជួយ​បណ្តុះ​បណ្តាល​ការ​ប្រើប្រាស់ និង​ការ​ថែទាំ​ឱ្យ​មាន​គុណភាព គុណតម្លៃ​ជា​ប្រយោជន៍​ប្រើប្រាស់​បាន​យូរនា ពេល​ខាងមុខ៕