ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី ១២ ខែកុម្ភៈនេះ បានសម្រេចកាត់បន្ថយពេលវេលាពី ៧២ ម៉ោង មកនៅត្រឹម ២៤ ម៉ោងវិញ ដើម្បីឱ្យវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី(VOD) ធ្វើការសុំទោសជាសាធារណៈ ដើម្បីបញ្ចប់ការភាន់ច្រឡំពាក់ព័ន្ធការចុះផ្សាយថាលោក ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាជំនួសឪពុកក្នុងការផ្តល់ជំនួយថវិកាជួយតួកគីដែលកំពុងរងគ្រោះរញ្ជួយដី។ពាក់ព័ន្ធបញ្ហានេះ ប្រធានផ្នែកផ្សព្វផ្សាយនៃស្ថាប័ន VOD បានប្រាប់ថា ខ្លួនកំពុងប្រមូលព័ត៌មាន ដើម្បីឆ្លើយតបនឹងករណីនេះ។
ការប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីកើតឡើង បន្ទាប់ពីសារព័ត៌មាន VOD កាលពីថ្ងៃទី ៩ ខែកុម្ភៈ បានចេញផ្សាយអត្ថបទមួយក្រោមចំណងជើងថា «មន្ត្រីរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្ដល់ជំនួយឱ្យតួកគី មិនមែនជារឿងខុសឆ្គង»។
ក្នុងអត្ថបទនេះលើកឡើងបន្តថា «មន្ត្រីរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកដោយចុះហត្ថលេខាផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីនោះមិនមែនជារឿងខុសឆ្គងទេ ដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាឪពុកកំពុងមានធុរៈ រីឯអ្នកឃ្លាំមើលយល់ថា បើអនុលោមតាមច្បាប់ គឺនាយករដ្ឋមន្ត្រីស្តីទី ឬឧបនាយករដ្ឋមន្ត្រី គួរជាអ្នកបំពេញភារកិច្ចនេះនៅពេលនាយករដ្ឋមន្ត្រីខកខាន»។
ឆ្លើយតបនឹងការចុះផ្សាយនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារលើហ្វេសប៊ុករបស់លោកនៅយប់ថ្ងៃទី ១១ ខែកុម្ភៈថា ដើម្បីបញ្ចប់ការភាន់ច្រឡំឬរហូតដល់ការមួលបង្កាច់ដោយចេតនាពីវិទ្យុ VOD មិនត្រឹមតែលើ ហ៊ុន ម៉ាណែត ប៉ុណ្ណោះទេ តែវាជារឿងរបស់រាជរដ្ឋាភិបាលទាំងមូលលើការគ្រប់គ្រងថវិកាជាតិ។
លោកបានសង្កត់ធ្ងន់ថា៖ «តើការចោទលើ ហ៊ុន ម៉ាណែត ជាការវាយប្រហារខាងនយោបាយឬជាការភាន់ច្រឡំ? ខ្ញុំទុកពេលឱ្យសុំទោសជាសាធារណៈរយៈពេល៧២ម៉ោងដោយសុំទោសរាជរដ្ឋាភិបាលផង និងសុំទោសហ៊ុន ម៉ាណែត ផង»។
ជាមួយគ្នានោះលោកបានណែនាំឱ្យក្រសួងព័ត៌មានត្រូវធ្វើការជាមួយ VOD ព្រមជាមួយលោក គី តិច ប្រធានមេធាវីរាជរដ្ឋាភិបាលដើម្បីត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេមិនព្រមសុំទោស។ លោកថា៖ «យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំ និងត្រឹមត្រូវរបស់យើងឡើយ។សូមកុំថា យើងគំរាមឱ្យសោះ (សិទ្ធិរបស់អ្នកមានព្រំដែនជាមួយសិទ្ធិរបស់អ្នកដទៃ)។ មិត្តភក្តិបរទេសឬសង្គមស៊ីវិលមុនបញ្ចេញមតិសូមស្រាវជ្រាវរឿងនេះជាមុនសិនទាំងអង្គហេតុ និងអង្គច្បាប់»។
បន្ថែមពីនេះលោក ហ៊ុន សែន បានរំឭកនូវពាក្យដាស់តឿនរបស់លោកសម្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃ ១៤ ខែមករា ២០២៣ កន្លងទៅនៅក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានថា៖ «អ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃការពិត»។
ពាក់ព័ន្ធការគ្រប់គ្រងថវិកាជាតិវិញលោកឱ្យដឹងថា៖ «ខ្ញុំសូមចែករំលែកនូវរបៀបគ្រប់គ្រងថវិកានិយាយជារួម និងនិយាយដោយឡែកលើការផ្តល់ជំនួយចំពោះប្រទេសតួកគី។ ច្បាប់និងការអនុវត្តនៅប្រទេសយើងគឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់ មានសិទ្ធិបញ្ជាចំណាយក្រោមច្បាប់ថវិកាជាតិដែលជាអគ្គបញ្ជាការកំពូល។ ឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ គឺជានាយអគ្គសេនាធិការសម្រាប់ដឹកនាំអនុវត្ត ឯថ្នាក់ដឹកនាំផ្សេង រាប់ទាំងឧបនាយករដ្ឋមន្ត្រី មិនមានសិទ្ធិឬមកលូកលាន់កិច្ចការនេះឡើយ លើកលែងតែការបញ្ជាចំណាយក្នុងស្ថាប័នរបស់ខ្លួនដែលច្បាប់ថវិកាផ្តល់ជូន»។
លោកបន្តថា៖ «សម្រាប់ជំនួយទៅប្រទេសតួកគីយោបល់ទី១គឺរដ្ឋមន្ត្រីការបរទេសប្រាក់ សុខុនព្រឹកថ្ងៃ ៨ កុម្ភៈ ម៉ោង៦ និង ៥៦ នាទី។ បញ្ជាខ្ញុំឱ្យប្រកាស ១០ ម៉ឺនដុល្លារម៉ោង ៧ និង ១២ នាទី និងបញ្ជូនសំណេរទាំង២ជូនឯកឧត្តម អូន ពន្ធមុនីរ័ត្ន ដែលគាត់ឆ្លើយទទួលអនុវត្តនៅម៉ោង ៧ និង ១៨ នាទី នៅព្រឹកថ្ងៃ ៨ កុម្ភៈ ២០២៣ ដូចគ្នា»។
ទាក់ទងនឹងបញ្ហានេះដែរ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ក៏បានស្នើឱ្យសារព័ត៌មានវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD)បង្ហាញឯកសារដែលចុះផ្សាយថាលោកជាអ្នកចុះហត្ថលេខាជំនួសឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដី។
លោក ហ៊ុន ម៉ាណែត បានបង្ហោះសារលើសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី១១ ខែកុម្ភៈនេះថា៖«ពិតជាមានរឿងប្លែកៗមែន...បើអ្នកនិយាយតាម facebookតាមអារម្មណ៍មិនមានអាជីពពិតប្រាកដខ្ញុំមិនថាទេ ប៉ុន្តែសម្រាប់សារព័ត៌មានអាជីពដែលជ្រកក្រោមស្ថាប័នសារព័ត៌មានច្បាស់លាស់ ខ្ញុំត្រូវការការបំភ្លឺមួយដែលមានភាពប្រាកដប្រជា និងការទទួលខុសត្រូវ»។
លោកបន្តថា៖«ខ្ញុំសុំឱ្យវិទ្យុ VOD បង្ហាញឯកសារដែលបញ្ជាក់ថាខ្ញុំបានចុះហត្ថលេខាជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះខ្ញុំមិនបានដឹងរឿងនេះហើយខ្ញុំក៏មិនមានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រាជរដ្ឋាភិបាលដែរ»។
លោកបន្តថា៖«ខ្ញុំបានស្រាវជ្រាវរកឯកសារដែលពាក់ព័ន្ធ ប៉ុន្តែឃើញមានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិតែ ១គត់ដែលមិនមានហត្ថលេខាអ្នកណាទាំងអស់។បើVOD មិនមានឯកសារ ហើយចុះផ្សាយពត៌មានមិនត្រឹមត្រូវសូមធ្វើការសុំទោសព្រមទាំងធ្វើការកែសម្រួលព័ត៌មាននិងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ ដើម្បីកុំឱ្យសាធារណមតិមានការយល់ច្រឡំក្នុងរឿងនេះ។ខ្ញុំមិនចង់បានអ្វីក្រៅតែពីការពារភាពត្រឹមត្រូវនិងច្បាស់លាស់ទេ»។
ពាក់ព័ន្ធបញ្ហានេះលោក អ៊ិត សូធឿត ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) ដែលVODផ្នែកមួយនៃប្រព័ន្ធផ្សព្វផ្សាយនេះបានថ្លែងថា ពេលនេះក្រុមការងារកំពុងសិក្សា និងប្រមូលព័ត៌មានពាក់ព័ន្ធករណីនេះ។
លោកឱ្យដឹងថា៖«ពេលនេះសូមអត់ទាន់ឆ្លើយ ដោយសារយើងកំពុងសិក្សាពីករណីនេះនៅឡើយទេ យើងកំពុងប្រមូលព័ត៌មាន ជជែកពិភាក្សាគ្នាដើម្បីថា តើនឹងឆ្លើយតបយ៉ាងម៉េច»។
ចំណែកកញ្ញា ប៉ា សុខេង អ្នកសារព័ត៌មានប្រចាំស្ថាប័ន VOD ដែលបានសរសេរអត្ថបទនេះ បានថ្លែងប្រាប់នៅថ្ងៃទី១១ ខែកុម្ភៈថា៖«ចាស សូមអរគុណសម្រាប់ព័ត៌មានបង, ខ្ញុំសរសេរតាមការបញ្ជាក់ពីប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោកពូ ផៃ ស៊ីផាន ប៉ុណ្ណោះ។យ៉ាងណា ខ្ញុំនឹងរង់ចាំពិភាក្សាពីខាងស្ថាប័ន តើគាត់នឹងធ្វើយ៉ាងណាបន្ត»។
លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងប្រាប់នៅថ្ងៃទី១២ ខែកុម្ភៈថា៖«ខ្ញុំអត់បាននិយាយ ១ម៉ាត់ទាល់តែសោះ។ ឱ្យគេ(វីអូឌី) រកភ័ស្ដុតាងមកដែលនិយាយថា ឯកឧត្តម ហ៊ុន ម៉ាណែត បានចុះហត្ថលេខា»។
ពាក់ព័ន្ធបញ្ហានេះដែរ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី១១ ខែកុម្ភៈ បានចេញសេចក្តីថ្លងការណ៍ដោយបញ្ជាក់ថា៖ «ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មិនបានចុះហត្ថលេខាលើឯកសារផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលបាននិងកំពុងរងគ្រោះរញ្ជួយដី ជំនួសសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដូចការប្រឌិតផ្សព្វផ្សាយរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD)នោះឡើយ»។
ប្រភពដដែលបន្តថា ជាមួយគ្នានេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏មិនដែលបានលើកឡើងថា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាជំនួសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនឡើយ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា៖«ព័ត៌មានទាំងឡាយដែលថា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើឯកសារផ្ដល់ជំនួយជាការលើកឡើងរបស់អ្នកកាសែត ដែលគ្មានប្រភពព័ត៌មានពិតប្រាកដ។ ដូចនេះ ព័ត៌មានដែលត្រូវបានផ្សព្វផ្សាយដោយវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD)គឺជាព័ត៌មានចចាមអារ៉ាម និងជាព័ត៌មានប្រឌិតក្លែងក្លាយ ដែលបំផុសឡើងដោយអ្នកសារព័ត៌មានវិទ្យុនេះតែប៉ុណ្ណោះ»។
ជាមួយគ្នានេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្នើឱ្យវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) និងសារព័ត៌មានផ្សេងទៀតដែលបានផ្សព្វផ្សាយឬបន្តដោយធ្វើការប្រឌិតបំផ្លើសការពិតនោះសូមធ្វើការកែតម្រូវជាបន្ទាន់។
តាមរយៈការបង្ហោះសាររបស់លោកនាយករដ្ឋមន្ត្រីនេះដែរ ក៏មានគណនីហ្វេសប៊ុកមួយ Min Povដែលជាអតីតអ្នកសារព័ត៌មាននៅវីអូឌី ១រួប បានចូលទៅបញ្ចេញមតិថា៖«វីអូឌី ជាស្ថាប័នសំខាន់មួយក្នុងការផ្តល់ព័ត៌មាន ហើយក៏ជួយរដ្ឋាភិបាលឱ្យដឹងបន្ថែមជ្រុង ១ទៀតនៃសង្គមដែរ។បើសង្ស័យមានការយល់ច្រឡំគួរអង្គុយតុជុំគ្នាជជែកគ្នាសិនទៅ មិនគួរឈានដល់កំណត់ម៉ោងឱ្យសុំទោសអ៊ីចឹងទេ ពូ»។
លោក ហ៊ុន សែន បានឆ្លើយតបទៅនឹងខមិននោះថា៖«ខ្ញុំទុកពេលឱ្យ៧២ម៉ោងវាលើសពីគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការដែលរួមបញ្ចូលទាំងធ្វើការជាមួយក្រសួងព័ត៌មានដែលនោះជាការអង្គុយជុំគ្នាដូចលោកចង់បានហើយ។តើលោកចេះអាននិងយល់ខ្លឹមសារនេះទេ?ឬមួយលោកចង់ឱ្យខ្ញុំចេញបញ្ជាទៅក្រសួងព័ត៌មានដើម្បីដកអាជ្ញាប័ណ្ណបញ្ឈប់ការផ្សព្វផ្សាយនូវវិទ្យុនេះក្នុងប៉ុន្មានខាងមុខនេះ?សូមលោកឆ្លើយតបជាមួយសំណួរខ្ញុំតើទុកពេលជូនឬបិទវិទ្យុចោលតែម្តង»។
រហូតដល់ម៉ោងជាង១០ព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចកាត់បន្ថយពេលវេលាពី៧២ម៉ោង មកនៅត្រឹម២៤ម៉ោងវិញដើម្បីឱ្យវីអូឌីសុំទោសជាសាធារណៈ។ លោកបានឱ្យដឹងថា៖«មុននេះបន្តិចខ្ញុំបានឆ្លើយតបជាមួយឈ្មោះ MinPovទាក់ទងដល់វិទ្យុVODដូចមានខ្លឹមសារជូនភ្ជាប់មកជាមួយ។ខ្ញុំកំពុងរង់ចាំចម្លើយពីគាត់វិញ។ ពេលនេះខ្ញុំសម្រេចកាត់បន្ថយពេលវេលាសុំទោសមកនៅត្រឹម២៤ម៉ោងគឺកំណត់ត្រឹមម៉ោង១០.០០នាទីព្រឹកថ្ងៃ១៣កុម្ភៈ២០២៣វិញ។
លោកបន្តថា៖«ដើម្បីកុំឱ្យយប់យូរសុបិនច្រើននិងអន្ទង់វែងឆ្នាំងវែង ខ្ញុំបញ្ជាឱ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណបញ្ចប់ការផ្សាយរបស់ វិទ្យុVODត្រឹមម៉ោង១០.០០នាទីថ្ងៃទី១៣ កុម្ភៈ២០២៣ស្អែកនេះក្នុងករណីដែលពួកគេមិនបានធ្វើការសូមទោស។ ដំបៅមិនឈឺកុំយកឈើចាក់។ បើគង់តែពួកគេចោទថាខ្ញុំប្រើអំណាចខ្ញុំត្រូវតែប្រើអំណាចនេះដើម្បីបំពេញបំណងរបស់ពួកគេ។ស្អែកនេះឯកឧត្តមប៊ិន ឈិន នឹងត្រូវធ្វើជានាយករដ្ឋមន្ត្រីស្តីទីត្រូវធ្វើកិច្ចការនេះឱ្យបានព្រោះទាំងខ្ញុំសម្តេច ស ខេង ទៀ បាញ់លោកជំទាវម៉ែន សំអននឹងទស្សនកិច្ចនៅ ឡាវជាមួយគ្នា»។
សូមជម្រាបថាកាលពីថ្ងៃទី៨ ខែកុម្ភៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ជំនួយមនុស្សធម៌១០០ ០០០ដុល្លារអាមេរិកដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដល់ជនរងគ្រោះតួកគីជាមួយនឹងសមានចិត្តចូលរួមរំលែកទុក្ខចំពោះសោកនាដកម្មដែលកើតឡើង ដោយគ្រោះរញ្ជួយដីក្នុងប្រទេសនេះ ពីថ្ងៃទី៦ កុម្ភៈ៕