ភ្នំពេញៈ ​ក្រុមយុវជន​ចលនា​មាតា​ធម្មជាតិ នឹង​រៀបចំ​កម្មវិធី​ ១ ដែលមាន​ឈ្មោះថា «​ក្ដី​ស្រឡាញ់​កោះកុង​ក្រៅ​» នៅ​ថ្ងៃទី​ ១៤ ខែកុម្ភៈ ដើម្បី​បង្ហាញ​ក្ដី​ស្រឡាញ់​របស់​ក្រុមយុវជន​ទៅកាន់​កោះកុង​ក្រៅ និង​ក្រសួងបរិស្ថាន ខណៈដែល​មន្ត្រី​នៃ​ក្រសួង​នេះ​បានស្នើ​ឱ្យ​យុវជន​ចលនា​មាតា​ធម្មជាតិ ឈប់​ធ្វើ​សកម្មភាព​នយោបាយ​ជ្រក​ក្រោម​ស្លាក​បរិស្ថាន​។​

​កម្មវិធី ក្តី​ស្រឡាញ់​កោះកុង​ក្រៅ​នេះ នឹងត្រូវ​ប្រព្រឹត្តឡើង​ចំ​ថ្ងៃ​នៃ​ទិវា​នៃ​ក្តី​ស្រឡាញ់ ថ្ងៃ​ ១៤ កុម្ភៈ នៅ​រាជធានី​ភ្នំពេញ ដែល​នឹងមាន​ការចូលរួម​ពី​សកម្មជន​បរិស្ថាន និង​បណ្ដា​យុវជន​ទាំងអស់​ដែលជា​អ្នក​ស្រឡាញ់​ធនធានធម្មជាតិ​ជាពិសេស​កោះកុង​ក្រៅ​តែម្តង​។​

​បើតាម​ក្រុមយុវជន​ទាំងនេះ គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​នេះ​ឡើង​ដើម្បី​បង្ហាញ​ក្តី​ស្រឡាញ់​ទៅកាន់​កោះកុង​ក្រៅ​, បង្ហាញ​ការស្រឡាញ់​រាប់អាន​របស់​យុវជន សកម្មជន​បរិស្ថាន​ទៅកាន់​ក្រសួងបរិស្ថាន​និង​មានការ​ស្នើឱ្យ​មានការ​លុបបំបាត់​ការ​លាប​ពណ៌ ចោទប្រកាន់​ពី​ខាង​ក្រសួងបរិស្ថាន​មកលើ​យុវជន សកម្មជន​បរិស្ថាន និង​ព្រៃឈើ​ផងដែរ​។​

​ បើតាម​កញ្ញា ភួង កែវ​រស្មី សកម្មជន​ចលនា​មាតា​ធម្មជាតិ បាន​ប្រាប់​ឱ្យដឹងថា មូលហេតុ​ដែល​ក្រុមយុវជន​រៀបចំ​កម្មវិធី ក្ដី​ស្រឡាញ់​កោះកុង​ក្រៅ​នេះ​ឡើង ដោយសារតែ​មើលឃើញថា មនុស្ស​គ្រប់គ្នា សុទ្ធ​តែមាន​ក្ដី​ស្រឡាញ់​មិន​ថា ចំពោះ​គ្រួសារ មិត្តភក្ដិ និង​ចំពោះ​ដៃគូ​នោះឡើយ​។

​កញ្ញា​បន្តថា ក្រុមយុវជន ក៏​ចង់​រំឭក​ឱ្យឃើញ​ក្ដី​ស្រឡាញ់​ចំពោះ​ធនធានធម្មជាតិ ព្រៃឈើ និង​កោះ ដែលជា​ធនធាន​ក្នុងប្រទេស​កម្ពុជា​ផងដែរ​ដែល​វា​ជា​រឿង​សំខាន់​មួយ ក្នុងការ​បង្ហាញ​ក្ដី​ស្រឡាញ់​ទៅកាន់​ធនធានធម្មជាតិ​របស់​ប្រទេស​កម្ពុជា ជាពិសេស​ភពផែនដី​ដែល​មនុស្ស​គ្រប់គ្នា​កំពុង​រស់នៅ​សព្វថ្ងៃ​។

​ កញ្ញា​បាន​បញ្ជាក់ថា ៖ «​កម្មវិធី​នេះ នឹង​កសាង​ទំនាក់ទំនង​រវាង​បណ្ដា​យុវជន​ដែល​ស្រឡាញ់​បរិស្ថាន សកម្មជន និង​ក្រសួងបរិស្ថាន​ផងដែរ ដើម្បីឱ្យ​ពួកគាត់​ដឹងថា ក្រុម​យើង​អត់​ដែលមាន​ចិត្ត​ចង់​ឈ្នះ​ចង់​ចាញ់​នោះទេ ហើយក៏​មិនបាន​ចាត់ទុក​ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ឬ​ដៃគូ​ពាក់ព័ន្ធ​នានា​ក្នុងការ​ការពារ​ធនធាន​ធម្មជាតិ​នៅក្នុង​ស្រុក ថា​ជាស​ត្រូវ ឬ​ជាការ​យកមុខយកមាត់​អ្វី​សម្រាប់​ការពារ​ធនធាន​ធម្មជាតិ​ឡើយ​»​។​

​ សកម្មជន​រូបនេះ​បាន​បន្ថែមថា កម្មវិធី​ក្ដី​ស្រឡាញ់​កោះកុង​ក្រៅ នេះ​នឹង​រំពឹងថា អាច​ប្រព្រឹត្ត​ទៅដោយ​រលូន និង​យោគយល់​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ក៏ដូចជា​ក្រសួងបរិស្ថាន​ផងដែរ ពួកគេ​ក៏​រំពឹងថា អាច​នឹងមាន​ការលើក​ទឹកចិត្ត និង​មាន​ការជួយ​គ្នា​ទៅវិញ​មក ក្នុងការ​ការពារ​ធន​ធាន​ធម្មជាតិ​នៅក្នុង​គោលដៅ​រួម ដើម្បី​ប្រទេស​កម្ពុជា ជាពិសេស​នឹង​គ្មាន​សកម្មជន​បរិស្ថាន​ណា​ម្នាក់ និង​ក្រសួងបរិស្ថាន ត្រូវបាន​ចាត់ទុក​គ្នា​ជាស​ត្រូវ​នោះទេ ហើយ​ថ្ងៃ​អនាគត​ទៅ នឹង​អាច​សហការគ្នា​រួមគ្នា​ដោះស្រាយ​អំពី​បញ្ហា​ធនធានធម្មជាតិ​។​

​ ទាក់ទិន​រឿងនេះ លោក នេ​ត ភក្ដ្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានឱ្យដឹងថា នៅ​ថ្ងៃ​ដែលមាន​ការរៀបចំ​កម្ម​វិធី ក្ដី​ស្រឡាញ់​កោះកុង​ក្រៅ​នេះដែរ លោក​ក៏​សុំ​ស្នើឱ្យ​ក្រុមយុវជន​នៃ​ចលនា​មាតា​ធម្មជាតិ ត្រូវ​ចេះ​រៀនធ្វើការ​ដោយស្មោះ​ត្រង់​ចំពោះ​ជាតិ និង​ចេះ​ស្រឡាញ់​ជាតិ​ដោយមាន​ភាពស្មោះត្រង់​។​

​លោក​ថា ក្រុម​យុ​ជន​ទាំងនោះ ក៏​គួរតែ​លះបង់​គំនិត​ទុច្ចរិត ឈប់​ធ្វើ​សកម្មភាព​នយោបាយ​ជ្រក​ក្រោម​ស្លាក​បរិស្ថាន និង​កុំ​ចាញ់បោក​ម្ចាស់ជំនួយ​ដែលមាន​របៀបវារៈ​នយោបាយ​ជាដើម​។ ជាពិសេស លោក​ក៏​ស្នើឱ្យ​ក្រុមយុវជន​ទាំងនោះ​កុំ​ធ្វើ​សកម្មភាព​ទុច្ចរិត​ក្រោម​បញ្ជា​ជនបរទេស​។

​ លោក នេត្រ ភក្ដ្រា បាន​ថ្លែងថា​៖ «​ថ្ងៃ​ ១៤ កុម្ភៈ​ជា​ថ្ងៃ​នៃ​សេចក្តីស្រឡាញ់ ខ្ញុំ​ស្នើឱ្យ​ប្អូនៗ​ជា​យុវជន​នៃ​ចលនា​មាតា​ធម្មជាតិ គួរ​លះបង់​គំនិត​ទុច្ចរិត ឈប់​ធ្វើ​សកម្មភាព​នយោបាយ​ជ្រក​ក្រោម​ស្លាក​បរិស្ថាន និង​កុំ​ចាញ់បោក​ម្ចាស់ជំនួយ​ដែលមាន​របៀបវារៈ​នយោបាយ ត្រូវ​ចេះ​រៀនធ្វើការ​ដោយស្មោះ​ត្រង់​ចំពោះ​ជាតិ ចេះ​ស្រឡាញ់​ជាតិ​ដោយស្មោះ​ត្រង់ និង​កុំ​ធ្វើ​សកម្មភាព​ទុច្ចរិត​ក្រោម​បញ្ជា​ជនបរទេស​ដូចជា អា​ឡិច ជាដើម​ដែលជា​មេគំនិត​ទុច្ចរិត​ប្រឆាំងនឹង​សន្តិភាព និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​»​។

​ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន​រូបនេះ បាន​បញ្ជាក់ថា ៖ «​ពួកគេ​គួរ​គិតពី​អនាគត​របស់ខ្លួន កុំ​ដើរ​ផុងខ្លួន​ក្នុង​ឧបាយកល​បរទេស បំផ្លាញ​ជាតិ​និង​បំផ្លាញ​ជីវិត​របស់ខ្លួន​»៕