
សិស្សានុសិស្សនៅក្នុងទិវាជាតិអំណានលើកទី២ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច(UME) កំពង់ចាម កាលពីថ្ងៃទី១២កុម្ភៈ។ រូបថត សហការី
កំពង់ចាមៈ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកុម្ភៈ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) កំពង់ចាម បានរៀបចំពិធីប្រារព្ធទិវាជាតិអំណាន លើកទី២ ក្នុងគោលបំណងធ្វើការរំឭក និងដឹងគុណដល់សម្តេចព្រះសង្ឃរាជ ជួន ណាត និងដើម្បីបណ្តុះទម្លាប់អានជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ ព្រមទាំងរួមចំណែកការពារ ពង្រឹងវប្បធម៌ និងអរិយធម៌ខ្មែរ។
ក្រៅពីការដាក់បង្ហាញសៀវភៅ កម្មវិធីក៏បានផ្ដល់ឱកាសឱ្យកវីនិពន្ធជាច្រើនរូប បានជួបនិងបានផ្លាស់ប្ដូរបទពិសោធន៍ ចំណេះដឹង និងកិច្ចការនិពន្ធ ស្រាវជ្រាវ រៀបរៀងជាសៀវភៅរបស់ខ្លួនផងដែរ។
បើតាមការឱ្យដឹងពីលោក ឆាវ ឆៃយ៉ា គណៈកម្មការរៀបចំពិធីជាតិអំណានលើកទី២ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ថា ការរៀបចំធ្វើពិធីប្រារព្ធទិវាជាតិនេះ ក្រោមប្រធានបទ «ការសិក្សាពេញ១ជីវិត» មានអ្នកចូលរួមចំនួនជិត ៣ ពាន់នាក់ និងមានស្ថាប័នផ្សេងៗចំនួន ៧៥ស្ថាប័ន ដែលមកពីរាជធានីភ្នំពេញ បាត់ដំបង និងក្នុងខេត្តកំពង់ចាម។
លោក ឆាវ ឆៃយ៉ា បានបញ្ជាក់ពីគោលបំណងនៃការរៀបចំកម្មវិធីនេះថា ៖ «គោលបំណងក្នុងកម្មវិធីគឺការរំឭកដឹងគុណដល់សម្តេចព្រះសង្ឃរាជជួន ណាត ដែលជាអ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរ និងដើម្បីបណ្តុះបណ្តាលទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ រួមចំណែកការពារនិងពង្រឹងវប្បធម៌ និងអរិយធម៌ខ្មែរ»។
គណៈកម្មការរៀបចំពិធីជាតិអំណានលើកទី២ រូបនេះ មានប្រសាសន៍ថា ៖ «ការប្រារព្ធពិធីនៅឆ្នាំនេះមានអ្នកចូលរួមកើនឡើងលើសពីកាលរៀបចំនៅឆ្នាំទី១ ដែលនេះបង្ហាញឱ្យឃើញពីកំណើននៃអ្នកចង់អានសៀវភៅក្នុងខេត្តកំពង់ចាម ក៏ដូចជាក្នុងប្រទេសកម្ពុជាទាំងមូល»។
លោកក៏បញ្ជាក់បន្ថែមថា អ្នកចូលរួមឆ្នាំមុនគឺជាសិស្សនិស្សិត ហើយឆ្នាំនេះសិស្សនិស្សិតជាច្រើនបន្តគាំទ្របូករួមបន្ថែមនឹងការចូលរួមពីសាធារណជនទូទៅផងដែរ។
លោក ឆាវ ឆៃយ៉ា បញ្ជាក់បន្ថែមថា៖ «សម្រាប់ឆ្នាំនេះ មានអ្នកចូលរួមច្រើនទ្វេដង លើសពីឆ្នាំ២០២២ដែលជាឆ្នាំទី១ ហើយអ្នកចូលរួមភាគច្រើនជាសិស្សនិស្សិត»។
លោក ថាត ភឿក ជាគ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែនកំពង់ចាម ដែលបានចូលរួមក្នុងកម្មពិធីនេះដែរ បានប្រាប់ឱ្យដឹងថា លោកពិតជារីករាយដែលឃើញមានអ្នកចូលរួមជាច្រើនក្នុងទិវាជាតិអំណាននាពេលនេះ ដែលបង្ហាញថា ពួកគាត់ចាប់អារម្មណ៍ទៅលើការអានសៀវភៅនេះ។
លោកបានលើកឡើងថា ៖ «ឆ្នាំនេះមានអ្នកចូលរួមច្រើនជាងឆ្នាំកន្លងទៅ ខ្ញុំពិតជាសប្បាយចិត្តដែលមានកម្មវិធីនេះនៅកំពង់ចាម ហើយអាចឱ្យសិស្ស និងសាធារណជនចូលរួមបាន ហើយវាក៏ជាមុខមាត់របស់ខេត្តដែរដែលបានពង្រីកការអានឱ្យកាន់តែប្រសើរឡើង»។
ចំណែក កញ្ញា រស់ រចនា សិស្សថ្នាក់ទី១២ មកពីវិទ្យាល័យហ៊ុនសែនពាមជីកង ក៏បានបង្ហាញថ្លែងពីចំណាប់អារម្មណ៍ចំពោះកម្មវិធីនេះដែរថា៖ «ខ្ញុំទើបតែចូលរួមកម្មវិធីនេះលើកទី១ ខ្ញុំសប្បាយចិត្តដែលឃើញមានការដាក់តាំងបង្ហាញសៀវភៅល្អៗ ហើយសៀវភៅពិតជាសំខាន់សម្រាប់ខ្ញុំ ប្រសិនបើយើងអានច្រើន យើងបានចេះដឹងច្រើន។ ខ្ញុំចង់ឃើញការរៀបចំបែបនេះនៅឆ្នាំក្រោយទៀត ហើយខ្ញុំនឹងចូលរួមទៀត»។
សូមបញ្ជាក់ថា ទិវាជាតិអំណាន ដែលរៀបចំដោយសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច(UME) ខេត្តកំពង់ចាម មានការចូលរួមពីវាគ្មិនល្បីៗមួយចំនួនផងដែរ ក្នុងនោះមាន ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រត្តិអង្គការពុទ្ធសាសនា ដើម្បីការអប់រំនៃកម្ពុជា, ព្រះមង្គលវិជ្ជា នីសុបញ្ញា ប្រធានការិល័យប្រតិបត្តិ និងអាហារូបករណ៍នៃផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្តមសិក្សា រួមនឹងលោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង ភ្នំគិរីរម្យផងដែរ៕