
លោកហ៊ុន សែន ក្នុងវេទិកាកាលពីថ្ងៃ ១០ កុម្ភៈ។ រូបថត SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីល្ងាចថ្ងៃទី ១២ ខែកុម្ភៈ បានបញ្ជាឱ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង ១០ និង០០ នាទីព្រឹកថ្ងៃទី ១៣ កុម្ភៈឆ្នាំ ២០២៣ ជាកំហិតបន្ទាប់ពីវិទ្យុនេះ មិនព្រមសូមទោសជាសាធារណៈ។
លោកនាយករដ្ឋមន្ត្រីបានសរសេរនៅក្នុងហ្វេសប៊ុកលោកថា៖ «ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយសរបស់ខ្លួន ខ្ញុំសម្រេចបញ្ចប់រឿងនេះដោយឱ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី (VOD) ចាប់ពីពេលនេះតទៅនិងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង ១០:00 នាទីថ្ងៃទី ១៣ កុម្ភៈ ២០២៣ ជាកំហិត»។
ការសម្រេចបែបនេះ បន្ទាប់ពីវិទ្យុវីអូឌីបានសរសេរលិខិតផ្ញើជូនទៅលោកនាយករដ្ឋមន្ត្រីដោយមិនបានសុំទោស ហើយបែរជាប្រើពាក្យ «សោកស្ដាយ» ជំនួសវិញ។
លោកនាយករដ្ឋមន្ត្រីបានសរសេរសារនៅក្នុងហ្វេសប៊ុកទៀតថា៖ «តើការប្រើពាក្យសោកស្ដាយនិងសូមអធ្យាស្រ័យវាជំនួសឱ្យពាក្យសុំទោសបានដែរឬទេ សម្រាប់ខ្ញុំមិនអាចទទួលយកបានឡើយ»។
គួររំឭកផងដែរថា លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី ១២ ខែកុម្ភៈនេះ បានសម្រេចកាត់បន្ថយពេលពី ៧២ ម៉ោងមកនៅត្រឹម ២៤ ម៉ោងវិញ ដើម្បីឱ្យវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី (VOD) សុំទោសជាសាធារណៈដើម្បីបញ្ចប់ការភាន់ច្រឡំពាក់ព័ន្ធការចុះផ្សាយថាលោក ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាជំនួសឪពុកក្នុងការផ្តល់ជំនួយថវិកាជួយតួកគីដែលកំពុងរងគ្រោះរញ្ជួយដី។ការប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីកើតឡើង បន្ទាប់ពីសារព័ត៌មាន VOD កាលពីថ្ងៃទី ៩ ខែកុម្ភៈ បានចេញផ្សាយអត្ថបទមួយក្រោមចំណងជើងថា «មន្ត្រីរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្ដល់ជំនួយឱ្យតួកគី មិនមែនជារឿងខុសឆ្គង»។
ក្នុងអត្ថបទនេះលើកឡើងបន្តថា «មន្ត្រីរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកដោយចុះហត្ថលេខាផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីនោះមិនមែនជារឿងខុសឆ្គងទេ ដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាឪពុកកំពុងមានធុរៈ រីឯអ្នកឃ្លាំមើលយល់ថា បើអនុលោមតាមច្បាប់ គឺនាយករដ្ឋមន្ត្រីស្តីទី ឬឧបនាយករដ្ឋមន្ត្រី គួរជាអ្នកបំពេញភារកិច្ចនេះនៅពេលនាយករដ្ឋមន្ត្រីខកខាន»។
ឆ្លើយតបនឹងការចុះផ្សាយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារលើហ្វេសប៊ុកនៅយប់ថ្ងៃទី ១១ ខែកុម្ភៈថា ដើម្បីបញ្ចប់ការភាន់ច្រឡំឬរហូតដល់ការមួលបង្កាច់ដោយចេតនាពីវិទ្យុ VOD មិនត្រឹមតែលើហ៊ុន ម៉ាណែត ប៉ុណ្ណោះទេ តែវាជារឿងរបស់រាជរដ្ឋាភិបាលទាំងមូលលើការគ្រប់គ្រងថវិកាជាតិ។
លោកបានសង្កត់ធ្ងន់ថា៖ «តើការចោទលើហ៊ុន ម៉ាណែត ជាការវាយប្រហារខាងនយោបាយឬជាការភាន់ច្រឡំ? ខ្ញុំទុកពេលឱ្យសុំទោសជាសាធារណៈរយៈពេល ៧២ ម៉ោងដោយសុំទោសរាជរដ្ឋាភិបាលផង និងសុំទោសហ៊ុន ម៉ាណែត ផង»។
ជាមួយគ្នានោះ លោកបានណែនាំឱ្យក្រសួងព័ត៌មានត្រូវធ្វើការជាមួយ VOD ព្រមជាមួយលោកគី តិច ប្រធានមេធាវីរាជរដ្ឋាភិបាលដើម្បីត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេមិនព្រមសុំទោស។
លោកថា៖ «យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំនិងត្រឹមត្រូវរបស់យើងឡើយ។ សូមកុំថាយើងគំរាមឱ្យសោះ (សិទ្ធិរបស់អ្នកមានព្រំដែនជាមួយសិទ្ធិរបស់អ្នកដទៃ)។ មិត្តភក្តិបរទេសឬសង្គមស៊ីវិល មុនបញ្ចេញមតិសូមស្រាវជ្រាវរឿងនេះជាមុនសិនទាំងអង្គហេតុនិងអង្គច្បាប់»។
បន្ថែមពីនេះលោក ហ៊ុន សែន បានរំឭកនូវពាក្យដាស់តឿនរបស់លោកសម្រាប់អ្នកសារព័ត៌មានពីថ្ងៃ ១៤ ខែមករា នៅក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានថា៖ «អ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃការពិត»។
ពាក់ព័ន្ធការគ្រប់គ្រងថវិកាជាតិវិញលោកបានពន្យល់ថា៖ «ខ្ញុំសូមចែករំលែកនូវរបៀបគ្រប់គ្រងថវិកា និយាយជារួមនិងនិយាយដោយឡែកលើការផ្តល់ជំនួយចំពោះប្រទេសតួកគី។ច្បាប់និងការអនុវត្តនៅប្រទេសយើងគឺមានតែនាយករដ្ឋ មន្ត្រីម្នាក់គត់មានសិទ្ធិបញ្ជាចំណាយក្រោមច្បាប់ថវិកាជាតិដែលជាអគ្គបញ្ជាការកំពូល។ឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុគឺជា នាយអគ្គ សេនាធិការសម្រាប់ដឹកនាំអនុវត្ត ឯថ្នាក់ដឹកនាំផ្សេង រាប់ទាំងឧបនាយករដ្ឋមន្ត្រី មិនមានសិទ្ធិឬមកលូកលាន់កិច្ចការនេះឡើយ លើកលែងតែការបញ្ជាចំណាយក្នុងស្ថាប័នរបស់ខ្លួនដែលច្បាប់ថវិកាផ្តល់ជូន»។
លោកបន្តថា៖ «សម្រាប់ជំនួយទៅប្រទេសតួកគីយោបល់ទី ១ គឺរដ្ឋមន្ត្រីការបរទេសប្រាក់ សុខុនព្រឹកថ្ងៃ ៨ កុម្ភៈ ម៉ោង ៦ និង ៥៦នាទី។បញ្ជាខ្ញុំឱ្យប្រកាស ១០ ម៉ឺនដុល្លារម៉ោង ៧ និង ១២ នាទី និងបញ្ជូនសំណេរទាំង ២ ជូនឯកឧត្តមអូន ពន្ធមុនីរ័ត្ន ដែលគាត់ឆ្លើយទទួលអនុវត្តនៅម៉ោង ៧ និង ១៨ នាទី នៅព្រឹកថ្ងៃ ៨ កុម្ភៈ ២០២៣ ដូចគ្នា»។
ទាក់ទងនឹងបញ្ហានេះដែរ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា កាលពីថ្ងៃទី ១១ ខែកុម្ភៈ ក៏បានស្នើឱ្យសារព័ត៌មានវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) បង្ហាញឯកសារដែលថា លោកជាអ្នកចុះហត្ថលេខាជំនួសឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគី។
លោកបន្តថា៖ «ខ្ញុំសុំឱ្យវិទ្យុ VOD បង្ហាញឯកសារដែលបញ្ជាក់ថា ខ្ញុំបានចុះហត្ថលេខាជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីផងព្រោះខ្ញុំមិនបានដឹងរឿងនេះ ហើយខ្ញុំក៏មិនមានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រាជរដ្ឋាភិបាលដែរ»។
ពាក់ព័ន្ធបញ្ហានេះលោក អ៊ិត សូធឿត ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)ដែល VOD ផ្នែកមួយនៃប្រព័ន្ធផ្សព្វផ្សាយនេះបានថ្លែងថា ពេលនេះក្រុមការងារកំពុងសិក្សា និងប្រមូលព័ត៌មានពាក់ព័ន្ធករណីនេះ។
លោកឱ្យដឹងថា៖ «ពេលនេះសូមអត់ទាន់ឆ្លើយ ដោយសារយើងកំពុងសិក្សាពីករណីនេះនៅឡើយទេ យើងកំពុងប្រមូលព័ត៌មាន ជជែកពិភាក្សាគ្នាដើម្បីថា តើនឹងឆ្លើយតបយ៉ាងម៉េច?»។
ចំណែកកញ្ញា ប៉ា សុខេង អ្នកសារព័ត៌មានប្រចាំស្ថាប័ន VOD ដែលបានសរសេរអត្ថបទនេះ បានថ្លែងប្រាប់នៅថ្ងៃទី ១១ ខែកុម្ភៈថា៖ «ចាស សូមអរគុណសម្រាប់ព័ត៌មានបង, ខ្ញុំសរសេរតាមការបញ្ជាក់ពីប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោកពូ ផៃ ស៊ីផាន ប៉ុណ្ណោះ។ យ៉ាងណា ខ្ញុំនឹងរង់ចាំពិភាក្សាពីខាងស្ថាប័ន តើគាត់នឹងធ្វើយ៉ាងណាបន្ត?»។
លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងប្រាប់នៅថ្ងៃទី ១២ ខែកុម្ភៈ ថា៖ «ខ្ញុំអត់បាននិយាយ ១ ម៉ាត់ទាល់តែសោះ។ ឱ្យគេ (វីអូឌី) រកភ័ស្ដុតាងមកដែលនិយាយថា ឯកឧត្តម ហ៊ុនម៉ាណែត បានចុះហត្ថលេខា»។
ពាក់ព័ន្ធបញ្ហានេះដែរ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី ១១ ខែកុម្ភៈ បានចេញសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ថា៖ «ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មិនបានចុះហត្ថលេខាលើឯកសារផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលបាននិងកំពុងរងគ្រោះរញ្ជួយដី ជំនួសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដូចការប្រឌិតផ្សព្វផ្សាយរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) នោះឡើយ»។
ប្រភពដដែលបញ្ជាក់ថា៖ «ព័ត៌មានទាំងឡាយដែលថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើឯកសារផ្ដល់ជំនួយជាការលើកឡើងរបស់អ្នកកាសែត ដែលគ្មានប្រភពព័ត៌មានពិតប្រាកដ។ ដូចនេះ ព័ត៌មានដែលត្រូវបានផ្សព្វផ្សាយដោយវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) គឺជាព័ត៌មានចចាមអារ៉ាម និងជាព័ត៌មានប្រឌិតក្លែងក្លាយ ដែលបំផុសឡើងដោយអ្នកសារព័ត៌មានវិទ្យុនេះតែប៉ុណ្ណោះ»។
ជាមួយគ្នានេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្នើឱ្យវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) និងសារព័ត៌មានផ្សេងទៀតដែលបានផ្សព្វផ្សាយឬបន្តដោយធ្វើការប្រឌិតបំផ្លើសការពិតនោះសូមធ្វើការកែតម្រូវជាបន្ទាន់។
តាមរយៈការបង្ហោះសាររបស់លោកនាយករដ្ឋមន្ត្រីនេះដែរ ក៏មានគណនីហ្វេសប៊ុកមួយ Min Pov ដែលជាអតីតអ្នកសារព័ត៌មាននៅវីអូឌី ១ រូប បានចូលទៅបញ្ចេញមតិថា៖ «វីអូឌី ជាស្ថាប័នសំខាន់ ១ ក្នុងការផ្តល់ព័ត៌មាន ហើយក៏ជួយរដ្ឋាភិបាលឱ្យដឹងបន្ថែមជ្រុង ១ ទៀតនៃសង្គមដែរ។បើសង្ស័យមានការយល់ច្រឡំគួរអង្គុយតុជុំគ្នាជជែកគ្នាសិនទៅ មិនគួរឈានដល់កំណត់ម៉ោងឱ្យសុំទោសអ៊ីចឹងទេ ពូ»។
លោក ហ៊ុន សែន បានឆ្លើយតបទៅនឹងខមមុិននោះថា៖ «ខ្ញុំទុកពេលឱ្យ ៧២ ម៉ោងវាលើសពីគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការដែលរួមបញ្ចូលទាំងធ្វើការជាមួយក្រសួងព័ត៌មានដែលនោះជាការអង្គុយជុំគ្នាដូចលោកចង់បានហើយ។ តើលោកចេះអាននិងយល់ខ្លឹមសារនេះទេ?ឬមួយលោកចង់ឱ្យខ្ញុំចេញបញ្ជាទៅក្រសួងព័ត៌មានដើម្បីដកអាជ្ញាប័ណ្ណបញ្ឈប់ការផ្សព្វផ្សាយ...»។
លុះដល់ព្រឹកថ្ងៃទី ១២ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រីបានសម្រេចកាត់បន្ថយពេលពី ៧២ ម៉ោង មកនៅត្រឹម ២៤ ម៉ោងវិញ ដើម្បីឱ្យវីអូឌីសុំទោសជាសាធារណៈ។
លោកបានឱ្យដឹងថា៖ «មុននេះបន្តិច ខ្ញុំបានឆ្លើយតបជាមួយឈ្មោះ MinPov ទាក់ ទងដល់វិទ្យុ VOD ដូចមានខ្លឹមសារជូនភ្ជាប់មកជាមួយ។ ខ្ញុំកំពុងរង់ចាំចម្លើយពីគាត់វិញ។ ពេលនេះខ្ញុំសម្រេចកាត់បន្ថយពេលវេលាសុំទោសមកនៅត្រឹម ២៤ ម៉ោងគឺកំណត់ត្រឹមម៉ោង ១០ ព្រឹកថ្ងៃ ១៣ កុម្ភៈវិញ៕