
លោក ខៀវ កាញារីទ្ធ និងសេចក្ដីប្រកាសព័ត៌មានលុបចោលអាជ្ញាប័ណ្ណ VOD ជាផ្លូវការ។ រូបថត ក្រសួងព័ត៌មាន
ភ្នំពេញៈ ក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈនេះ បានប្រកាសសម្រេចលុបចោលលិខិតលេខ ១៦៥ព.ម.ប.ក ចុះថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ របស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ធ្វើសកម្មភាពការងារលើវិស័យព័ត៌មាននៅកម្ពុជា។
ក្រសួងបានបញ្ជាក់មូលហេតុនៃការលុបអាជ្ញាប័ណ្ណថា៖ «ដោយអង្គភាពសារព័ត៌មាននេះបានរំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួលតាមបទប្បញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន»។
ដោយឡែក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈនេះ បានបដិសេធមិនទទួលយកការសុំទោសទាំងកណ្តាលអធ្រាត្ររបស់វិទ្យុ VOD។
លោកនាយករដ្ឋមន្ត្រីបានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ «យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។ ហេតុអ្វីមិនសូមទោសពីល្ងាច និងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង ១២ យប់ទៅវិញ។ តើឈឺណាស់ទៅឬ ក្រោយត្រូវមួយកំភ្លៀង? មុនត្រូវមួយកំភ្លៀងគិតណាស់រឿងកិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់ មិនហ៊ាននិយាយផង តែក្រោយត្រូវមួយកំភ្លៀងបែរជាភ្លេចអស់កិត្តិយស មកសូមទោសជាងពាក់កណ្តាលអធ្រាត្រទៅវិញ»។
ប្រមុខរដ្ឋាភិបាលបានបញ្ជាក់ថា៖ «ខ្ញុំ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌី នោះឡើយ។ ស្ថាប័នមានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូចដែលបានប្រគល់កាលពីល្ងាចថ្ងៃ ១២ កុម្ភៈ ២០២៣ ដោយគ្មានការកែប្រែ»។
លោកនាយករដ្ឋមន្ត្រីបានប្រាប់ទៅបុគ្គលិក VOD ដែលបានបាត់បង់ការងារឱ្យបន្ទោសមេដឹកនាំរបស់ខ្លួន ឬប្រទេសម្ចាស់លុយ ដែលបានកសាងកំហុសតាំងពីការផ្សាយព័ត៌មានមួលបង្កាច់រហូតដល់ល្ងង់មិនចេះទទួលខុសត្រូវ លើការសូមទោស ហើយធ្វើឱ្យបុគ្គលិកបាត់បង់ការងារធ្វើ។
លិខិតវិទ្យុ VOD ដែលបានបង្ហោះនៅក្នុងផេកហ្វេសប៊ុករបស់ខ្លួន កាលពីយប់មិញ បានសរសេរថា វីអូឌី ពិតជាមានការសោកស្តាយជាពន់ពេកចំពោះការផ្សព្វផ្សាយព័ត៌មានរបស់ វីអូឌី ដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោកហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាល ដែលមានលោកហ៊ុន សែនជាប្រមុខដឹកនាំ។
វិទ្យុ VOD បានសរសេរថា៖ «វីអូឌី សូមទោសសម្តេចផ្ទាល់ក៏ដូចជា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចំពោះការផ្សាយអត្ថបទព័ត៌មាននោះ»៕