តាកែវៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប) បាន​បើក​វគ្គ​អប់រំ​អ្នកបោះឆ្នោត​បន្ត ស្តីពី «​សារៈសំខាន់​នៃ​ការបោះឆ្នោត​» ជូន​ដល់​សិស្សានុសិស្ស​នៃ​វិទ្យាល័យ​ភ្ញី​មាស ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ចំនួន ១៤០ ​នាក់ ដើម្បីឱ្យ​ពួកគេ​ចេះ​ប្រើប្រាស់​សិទ្ធិអំណាច និង​ជ្រើសរើស​មេដឹកនាំ​តាមរយៈ​សន្លឹកឆ្នោត​ជាពិសេស​លើកស្ទួយ​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​នៅក្នុង​ប្រទេស​។​

​លោក សោម សូ​រី​ដា អ្នកនាំពាក្យ ​គជប នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៣​ឱ្យដឹងថា វគ្គ​អប់រំ​​នេះ ទទួលបាន​ការគាំទ្រ និង​ឧបត្ថម្ភ​ដោយ​ប្រទេស​ជប៉ុន តាមរយៈ​អង្គការ JICA។ ការបើក​វគ្គ​អប់រំ​នេះ ស្របទៅនឹង​ការរៀបចំ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧ ឆ្នាំ២០២៣ នេះ។​

​លោក​បញ្ជាក់ទៀតថា កម្មវិធី​អប់រំ​អ្នកបោះឆ្នោតនេះ កន្លងមកនេះ គ​.​ជ​.​ប​ បានរៀបចំ​ធ្វើ​នៅតាម​បណ្តា​ស្រុក នានា​នៅ​ទូទាំងប្រទេស ព្រោះ​មាន​សារៈសំខាន់ និង​ចាំបាច់​សម្រាប់ធ្វើ​ការផ្សព្វផ្សាយ​ជូន​ដល់ស្រទាប់​យុវជន ដែល​កំពុង​បំពេញ​ការសិក្សា​នៅតាម​គ្រឹះស្ថាន​អប់រំ​សាធារណៈ និង​ឯកជន និង​គ្រឹះស្ថាន​អប់រំ​ផ្សេងទៀត​។

​លោក​បន្តថា​៖«​អ៊ីចឹង​គោលបំណង គឺ​ចង់ឱ្យ​យុវជន យល់​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត ពីព្រោះ​ប្រជា​ធិ​តេ​យ្យ គឺជា​សិទ្ធិរបស់​ប្រជា​ពរល​ដ្ឋ​ក្នុងការ​ជ្រើសរើស​តំណាង​របស់​ខ្លូន ហើយ​ជ្រើស​តំណាង​របស់ខ្លួន​តាមរ​យៈ​សន្លឹកឆ្នោត​នេះ គឺជា​ការផ្លាស់ប្តូរ​ពី​ការ​កាន់អំណាច​ដោយ​ហិ​ង្សា ដោយ​ចុង​អាវុធ មកជា​ការចូល​កាន់អំណាច​ដោយ​សំឡេង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​»​។​

​ បើតាម លោក សោម សូ​រី​ដា ការអប់រំ​ការបោះឆ្នោត ជូន​ដល់​យុវជន នេះ​ដោយសារតែ​មានកំ​ណើន​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ពី​សំណាក់​យុវជន​ច្រើនប្រមាណពី​២០ ទៅ៣០ ភាគរយ នៅក្នុង​បញ្ជី​បោះឆ្នោត នៅក្នុង​បោះឆ្នោត​នៃ​ឆ្នាំ​នីមួយៗ។ ដូច្នេះ វគ្គ​អប់រំ​បោះឆ្នោត​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ ​សម្រាប់​ពួកគេ​ក្នុងការ​ប្រើប្រាស់​សិទ្ធិ​ក្នុងការ​សម្រេច​ជ្រើសរើស​មេដឹកនាំ​របស់ខ្លួន​។

​លោក ញឿ​ន រ៉ា​ដែន អ្នកនាំពាក្យ​គណបក្ស​ហ្វុ​ន​ស៊ិន​ប៉ិច បាន​ថ្លែង គាំទ្រ​នូវ​កម្មវិធី​អប់រំ អ្នកបោះឆ្នោត​នេះ ជាពិសេស​ធ្វើ​ទៅលើ​យុវជន ដើម្បីឱ្យ​ពួកគេ​បាន​យល់ និង​ដឹង​ពី​ដំណើរការ​បោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា​ជាពិសេស​បាន​ចូលរួម​យ៉ាងសកម្ម ក្នុង​សកម្មភាព​នយោបាយ និង​បោះឆ្នោត ដើម្បី​ជំរុញ​លទ្ធិ​ប្រជា​ធិ​យ​តេ​យ្យ​នៅក្នុង​ប្រទេស ឱ្យមាន​ការរីកចម្រើន។

​គជប បញ្ជាក់ថា ការអប់រំ​អ្នកបោះឆ្នោត​បន្ត ក៏​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការបោះឆ្នោត​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ដល់​អ្នកបោះឆ្នោត និង​អនាគត​អ្នកបោះឆ្នោត ស្តីពី​សារៈសំខាន់​នៃ​ការបោះឆ្នោត ប្រវត្តិ​និង​ដំណើរការ​នៃ​ការបោះឆ្នោត បទបញ្ជា​នីតិវិធី​នៃ​ការបោះឆ្នោត និង​ការចូលរួម​របស់​យុវជន​ក្នុងការ​បោះឆ្នោត​។ ជាពិសេស ដើម្បី​ផ្ដល់ឱកាស​ដល់​សិក្ខាកាម​ទាំងអស់ ទទួលបាន​ចំណេះដឹង ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត និង​អាច​លើក​ជា​ចម្ងល់​ផ្សេងៗ​ដោយផ្ទាល់ ទៅកាន់​គ្រូ​ឧទ្ទេស​ជំនាញ​ដែលជា​ថ្នាក់ដឹកនាំ នឹង​មន្ត្រី គ​.​ជ​.​ប​៕