ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា ថ្ងៃទី​ ​១៣ ខែកុម្ភៈ ឆ្នាំ​ ២០២៣ គឺជា​ថ្ងៃ​គម្រប់​ខួប​៣​ឆ្នាំ​ដែល​កម្ពុជា​ជាប់​ឈ្មោះ​ជា «​ប្រទេស​តូច តែ​បេះដូង​ធំ​»​ប្រកបដោយ​មនុស្សធម៌​ដែល​ឱ្យ​នាវា MS Westerdam ចូល​ចត​ក្នុងប្រទេស​កម្ពុ​ជានា​អំឡុងពេល​នៃ​ការ​ផ្ទុះឡើង​នូវ​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​ ១៩​។​

​លោក ហ៊ុន សែន បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នា​ព្រឹក​ថ្ងៃទី ​១៣ ខែកុម្ភៈ ថា​៖ «​ថ្ងៃនេះ​គម្រប់​ខួប​ ៣​ ឆ្នាំ​ដែល​កម្ពុជា​ជាប់​ឈ្មោះ​ជា “​ប្រទេស​តូច​តែ​បេះដូង​ធំ​” ប្រកបដោយ​មនុស្សធម៌​ឱ្យ​នាវា MS Westerdam ចូល​ចត​​អំឡុងពេល​ផ្ទុះ​កូ​វីដ​១៩» លោក​បន្តថា ពិភពលោក ពិតជា​បាន​ចងចាំ​នូវ​ព្រឹ​តិ្ត​ការណ៍​ទាក់ទង​ទៅនឹង​កប៉ាល់ Westerdam ដែល​បាន​ចូល​ចត​នៅក្នុង​ដែនទឹក​នៃ​កំពង់ផែ​ក្រុងព្រះសីហនុ ដែល​មកទល់នឹង​ថ្ងៃនេះ ​(១៣ កុម្ភៈ​) គឺមាន​រយ​:​ពេល​ ៣​ ឆ្នាំ​គត់​។

​លោក​ថា​៖ «​រាប់​ចាប់តាំងពី​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​មក ត្រូវបាន​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ​នៅ​ទូទាំង​ពិភពលោក​បាន​សម្តែង​ការ​សាទរ​យ៉ាងខ្លាំង​ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស​របស់​ប្រជាជន​ខ្មែរ​ក៏ដូចជា​មេដឹកនាំ​កម្ពុជា ដែល​បាន​ផ្តល់ឱកាស​ឱ្យ​កប៉ាល់​ទេសចរណ៍​ដ៏​ធំ ដែលមាន​ផ្ទុក​អ្នកដំណើរ​រាប់សិប​ពាន់​នាក់​ហើយ​ដែល​ជិត​អស់​ស្បៀង​ឱ្យមក​ចត​នៅក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

​ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ ដែល​បាន​ផ្ទុះ​ចេញពី​ទីក្រុង​វូ​ហាន នៃ​ប្រទេស​ចិន​ក៏បាន​ធ្វើឱ្យ​កប៉ាល់​ដ៏​ធំ​មួយ​នេះ មានសំណាង​អាក្រក់​ដោយ​ត្រូវបាន​ប្រទេសមួយ​ចំនួន​បដិសេធ​ឱ្យ​ចុះចត ដោយសារ​មូលហេតុ​ខ្លាច​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​ឆ្លង​ចូលដល់​សហគមន៍​។ នេះ​បើតាម​លោក ហ៊ុន សែន​។ លោក​បាន​សង្កត់ធ្ងន់ថា​៖ «​យ៉ាងណាក៏ដោយ​កម្ពុជា​បាន​ទទួលយក​កប៉ាល់​នេះ ដោយ​ត្រូវបាន​អ្នកដំណើរ​ទាំងអស់​គ្រប់​ជាតិ​សាសន៍ នៅលើ​កប៉ាល់​នេះ ប្រសិទ្ធ​នាម​ឱ្យ​កម្ពុជា​ថា ជា​ប្រទេស​តូច តែ​បេះដូង​ធំ​»​។​

​សូម​រំឭក​ផងដែរ​ថា កាលពី​ថ្ងៃទី​ ១៣ កុម្ភៈ ឆ្នាំ​ ២០២០ នាវា​ទេសចរណ៍​អន្តរជាតិ MS Westerdam​ ដែលមាន​អ្នកដំណើរ និង​ក្រុម​នាវិក​សរុប​ចំនួន ២ ២៥៧ ​នាក់ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឱ្យចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដោយ​សុវត្ថិភាព​ខណៈដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​ ១៩​។​

​ទាក់ទង​នឹង​នាវា​នេះដែរ ក្រសួងទេសចរណ៍​បាន​លើកឡើងថា ភ្ញៀវទេសចរ​ទាំងអស់​នៅក្នុង​នាវា​នេះ ត្រូវ​បានទទួល​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ដោយផ្ទាល់​ពី​លោក​ហ៊ុន សែន និង​ប្រតិភូ​អមដំណើរ​ជាច្រើនរូប​នៅ​ថ្ងៃបុណ្យ​នៃ​សេចក្តីស្រឡាញ់​។ ក្រសួងទេសចរណ៍​បន្ត​ថា តាមរយៈ​សកម្មភាព​ម​នុស្ស​ធម៌​ជា​ប្រវត្តិសាស្ត្រ នេះ បានធ្វើឱ្យ​ពិភពលោក​ស្គាល់​កម្ពុជា​កាន់តែច្បាស់ ជាពិសេស​ការជឿជាក់​ម​កលើ​សុខសន្តិភាព​ពេញលេញ​របស់​កម្ពុជា ព្រមទាំង​ទទួលបាន​ការ​កោតស្ញប់ស្ញែង​ពី​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​កំពូលៗ​ពិភពលោក រួមមាន អង្គការ​សុខភាព​ពិភពលោក​,​អង្គការ​ទេសចរណ៍​ពិភពលោក​, ស្ថានទូត​បរទេស​នានា​ប្រចាំ​កម្ពុជា និង​សាធារណជន​ទូទៅ​ផងដែរ​។​

​ក្រសួងទេសចរណ៍​បញ្ជា​ក់ថា​៖ «​ដើម្បី​អបអរសាទរ​ខួប​៣​ឆ្នាំ នៃ​ការចូល​ចត​របស់​នាវា​ទេសចរណ៍​អន្តរជាតិ MS Westerdam ក៏ដូចជា​អបអរសាទរ យុទ្ធនាការ​ឆ្នាំ​ទស្សនា​កម្ពុជា ​២០២៣ និង​ការធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​អន្តរជាតិ​ជាច្រើន​ទៀត ក្រសួងទេសចរណ៍ សូម​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ សមាគម​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍ ដៃគូ​អភិវឌ្ឍន៍ ផ្នែក​រដ្ឋ ឯកជន អ្នកសារព័ត៌មាន និង​សាធារណជន ចូលរួម​ផ្សព្វផ្សាយ​វីដេអូ និង​កម្រង​រូបភាព​នៃ​ព្រឹត្តិការណ៍​ទាំងនេះ​ឱ្យបាន​ផុសផុល និង​ទូលំទូលាយ សំដៅ​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ឱ្យមក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន​ថែមទៀត​»​។​

​សូមបញ្ជាក់ថា កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព ស្អាត និង​បៃតង ដែល​បាន​បើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ឡើងវិញ​ទាំងស្រុង​ជាក់ស្ដែង​កាលពី​ថ្ងៃទី​ ១០-១៣ ខែវិច្ឆិកា ឆ្នាំ ​២០២២ ​ហើយ​កម្ពុជា​សម្រេចបាន​ជោគជ័យ​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៤០,៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ជា​លើក​ទី​ ៣ នៅ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​។

​បើតាម​ក្រសួងទេសចរណ៍ ក្នុង​ឆ្នាំ​ ២០២៣ នេះ កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​ជាតិ​អន្ដរជាតិ​សំខាន់ៗ រួមមាន​៖ បុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ធំ​, សប្តាហ៍​ម្ហូបអាហារ​រុស្ស៊ី នៅ​ភ្នំពេញ​, ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប និង​ជា​ម្ចាស់ផ្ទះ វេទិកា​ទេសចរណ៍​មេគង្គ​នៅ​ខេត្ត​ព្រះសីហនុ​, ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​ ៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​ ១២ ​នៅ​ភ្នំពេញ និង​យុទ្ធនាការ​ឆ្នាំ​ទស្សនា​កម្ពុជា ២០២៣ ​ក្រោម​ប្រធានបទ ​«Every Day is a Wonder»​ ដោយ​ផ្ដោតលើ MICE and Sports៕