ភ្នំពេញៈ លោក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​ស្នើឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ធ្វើយ៉ាងណា​អាច​សហការ​ជាមួយនឹង​គ្រឹះស្ថាន​អប់រំ​ឯកជន​អន្តរជាតិ ដោយ​ជំរុញឱ្យមាន​ការពង្រឹង​កម្មវិធីសិក្សា​ភាសា​ខ្មែរ សីលធម៌ និង​ទំនៀមទម្លាប់ ដែល​ត្រូវ​បំប៉ន និង​បំពេញ​ឱ្យ​ខ្លាំង​ពី​កម្រិត​បឋមសិក្សា ដល់​ថ្នាក់​ទី​​១២ តែម្តង​។​

​លោក​បានលើកឡើង​ដូចនេះ កាលពី​ថ្ងៃទី​ ១២ ខែកុម្ភៈ ក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមប្រឹក្សាភិបាល​អាណត្តិ​ថ្មី និង​ប្រគល់​បណ្ណ​សរសើរ គ្រូ​ឆ្នើម​ប្រចាំឆ្នាំ​ ២០២២ ដល់​លោកគ្រូ អ្នកគ្រូ បុគ្គលិក​អប់រំ នៃ​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា​៖ «​ខ្ញុំ​សូមឱ្យ​ក្រសួង​ធ្វើការ​ពិចារណា ពីព្រោះ​ឥឡូវ​សាលា​អន្តរជាតិ​ខ្លះ កូន​ខ្មែរ​អត់​ចេះ​ខ្មែរ​ទេ តែ​ស្រុក​ខ្មែរ ភាសា​ខ្មែរ​គឺជា​ភាសាផ្លូវការ​។ ដូចនេះ ខ្ញុំ​សុំឱ្យ​បង [​លោក ហង់​ជួន ណា​រ៉ុ​ន​] មិនដឹង​អាច​លូក​បាន​យ៉ាងណា​ទៅក្នុង​សាលា​ឯកជន​បរទេស តែ​សុំឱ្យ​គាត់​ដាក់​តែម្តង​។ អ៊ីចឹង​! គួរតែ​ជា​កាតព្វកិច្ច​របស់​សាលា ទោះបីជា​សាលា​បរទេស សាលា​អាមេរិក សាលា​អង់គ្លេស​ក៏ដោយ ត្រូវដាក់​កម្មវិធីសិក្សា​ភាសា​ខ្មែរ​សម្រាប់​កូន​ខ្មែរ​ឱ្យ​រៀន​ភាសា​ខ្មែរ​»​។​

​ជាមួយគ្នានេះដែរ ក្រៅពី​ការស្នើ​ឱ្យមាន​ការដាក់​ក​ម្ម​វិធី​សិក្សា​ភាសា​ខ្មែរ​បញ្ចូល​ក្នុង​សាលារៀន​អន្តរជាតិ​ហើយ​នោះ លោក ហ៊ុន ម៉ា​ណែ​ត ក៏​ស្នើឱ្យ​មានការ​បញ្ចូល​ទាំង​ចំណេះ​ទូទៅ និង​វប្បធម៌ ប្រពៃណី​ខ្មែរ ផងដែរ​។​

​លោក​បាន​ថ្លែង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ធ្លាប់តែ​ឃើញ​កូន​ខ្មែរ​កើត​នៅ​អាមេរិកាំង ជេរ​ឪ ស្តីឱ្យ​ឪ ពេល​ឪ​បញ្ចេញមតិ​ខុសពី​ខ្លួន​។ ម៉ោង​នេះ​នៅ​ស្រុក​ខ្មែរ​មាន​ហើយ កូន​ខ្មែរ​ដែល​បណ្តុះបណ្តាល​នៅ​ស្រុក​ខ្មែរ មាន​ចេញ​មតិ​បែបនេះ​ឱ្យ​ឪពុកម្តាយ ដែល​នេះ គឺ​មិនអាច​ទៅបាន​ទេ​។ សិទ្ធិមនុស្ស​ជា​សិទ្ធិ​មែន ប៉ុន្តែ​ត្រូវមាន​ប្រពៃណី វប្បធម៌​មួយ​ឱ្យបាន​ច្បាស់​»​។​

​លោក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ទៀតថា​៖ «​ការគោរព​ចាស់ទុំ សីលធម៌ ការគោរព​ដឹងគុណ​ជា​ជំនាញ​ទន់​របស់​មនុស្ស ហើយ​បើ​មនុស្ស​មានតែ​ចំណេះដឹង តែ​បាត់​អត្តសញ្ញាណ បាត់​វប្បធម៌​ក្នុង​ខ្លួន បាត់​តម្លៃ​ក្នុង​ខ្លួន​ជា​ខ្មែរ​។ តើ​យើង​ធ្វើ​អ្វី​? សូមកុំ​ឱ្យ​កូន​ខ្មែរ​អត់​ចេះ​ភាសា​ខ្មែរ​នៅលើ​ទឹកដី​ខ្មែរ ភ្លេច​វប្បធម៌ សីលធម៌​ខ្មែរ​»​។​

​នាឱកាស​នោះដែរ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​បញ្ជាក់ដែរថា មិនមាន​អ្វី​ខុស​នោះឡើយ​ដោយ​គ្រាន់តែ​ឱ្យ​កូន​ខ្មែរ​រៀន​ភាសា​ខ្មែរ ស្វែងយល់​ពី​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ សីលធម៌​របស់​ខ្មែរ​ខ្លួនឯង​។​

​លោក​ថ្លែងថា​៖ «​នៅពេលដែល​មនុស្ស បាត់​អត្តសញ្ញាណ​ហើយ គឺ​យ៉ាប់​ហើយ បើ​ក្មេង​ជំនាន់​នេះ បាត់​អត្តសញ្ញាណ បាត់​វប្បធម៌ សីលធម៌ ចាំមើល​ដល់​កូន​គាត់ តើ​គាត់​ប្រដៅ​ទូន្មាន​កូន​គាត់​របៀប​ម៉េច​? ដូចនេះ​ការអប់រំ ទោះបីជា​យ៉ាងណាក៏ដោយ ត្រូវតែ​រក្សា​អត្តសញ្ញាណ​ខ្មែរ ដែលមាន​ការអភិវឌ្ឍ ហើយ​វប្បធម៌ និង​សីលធម៌​នៃ​ការគោរព​មិនមែន​ធ្វើឱ្យ​មនុស្ស​អត់​ស៊ីចង្វាក់​នឹង​ទំនើបកម្ម​នោះឡើយ​»​។​

​អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក យង់ ពៅ បាន​ថ្លែង គាំទ្រ​ចំពោះ​ការលើកឡើង​នេះ ហើយ​លោក​ថា កិច្ចការ​នេះ​គួរតែ​ត្រូវបាន​អនុវត្ត​យូរ​មកហើយ​ដែរ ដោយសារ​ការសិក្សា​ភាសា​បានបង្ហាញ​ពី​ចរិតលក្ខណៈ​របស់​មនុស្ស​។​

​លោក​បាន​ថ្លែង​ដោយ​ចោទ​ជា​សំណួរ​ថា ជា​កូន​ខ្មែរ សិក្សា​ក្នុង​សាលា​អន្តរជាតិ​នៅក្នុង​ប្រទេស​ខ្លួនឯង តែ​បែរជា​មិន​យល់​ភាសាជាតិ​របស់​ខ្លួនឯង សួរថា តើ​អនាគត​ទៅ​បំពេញការងារ​នៅឯណា​? ធ្វើ​ការងារ​នៅក្នុង​ប្រទេស​ខ្លួនឯង តែ​បែរជា​មិនចេះ​ភាសា​ខ្មែរ មិន​យល់​ពី​វប្បធម៌​ខ្មែរ តើ​ត្រូវ​ដឹកនាំ និង​ធ្វើការ​យ៉ាងដូច​ម្តេចទៅ​?​។​

​លោក យង់ ពៅ ថ្លែងថា​៖ «​អ្នក​ដែល​រៀន​នៅ​សាលា​ល្អៗ​ហ្នឹង ភាគច្រើន​ជា​អ្នកមាន​ធនធាន មាន​ស័ក្តិយស​ធំ ដែល​ជំរុញ​កូន​ឱ្យ​រៀន ហើយ​អាច​នឹង​ឈានទៅ​ធ្វើជា​អ្នកដឹកនាំ​អី​ថ្ងៃក្រោយ តែ​ផ្ទុយទៅវិញ​អ្នកដឹកនាំ​នោះ ថ្ងៃក្រោយ​បែរជា​មិនចេះ មិន​យល់ដឹង​ពី​វប្បធម៌​ខ្មែរ នេះ​គឺជា​រឿង​គ្រោះថ្នាក់​ហើយ​។ អ៊ីចឹង​! ចាំបាច់​ណាស់​ត្រូវ​លើក​ទៅជា​ច្បាប់​តែម្តង គឺ​ទោះជា​សាលា​អន្តរជាតិ​កម្រិត​អី​ក៏ដោយ កូន​ខ្មែរ​ត្រូវ​រៀន​ភាសា​ខ្មែរ​ជា​ភាសា​គោល​»​។​

​លោក​បញ្ជាក់ថា វា​មិនទាន់​ហួសពេល​នោះទេ ក្នុងការ​រៀបចំ​កិច្ចការ​នេះ ឱ្យទៅជា​ច្បាប់​អប់រំ​តែម្តង គឺ​តម្រូវ​ចាំបាច់​ត្រូវតែ​រៀន​ភាសា​ខ្មែរ​៕​