ភ្នំពេញៈ លោក ​អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​យកចិត្តទុកដាក់​រួមគ្នា​ក្នុងការ​គាំទ្រ​ដល់​ពលរដ្ឋ​ឱ្យ​ទទួលបាន​ប្រព័ន្ធ​គាំពារ​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព ខណៈ​សប្តាហ៍​គាំពារ​សង្គម​ឆ្នាំ​ ២០២៣ កំណត់​យក​ការពង្រឹង​ប្រសិទ្ធភាព​និង​តម្លាភាព​នៃ​ប្រព័ន្ធ​គាំពារ​សង្គម​កម្ពុជា​ដើម្បី​ពិភាក្សា​។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ​សប្តាហ៍​គាំពារ​សង្គម​ឆ្នាំ​ ២០២៣ រយៈពេល​៣​ថ្ងៃ ចាប់​ថ្ងៃទី​ ១៣ ​ដល់​ថ្ងៃទី ​១៥ ខែកុម្ភៈ នៅ​សណ្ឋាគារ​សុខា​រ៉េស៊ីដង់​ភ្នំពេញ​។ សប្តាហ៍​គាំពារ​សង្គម គឺជា​វេទិកា​មួយ​ដែល​ក្រសួង​បង្កើតឡើង​ដើម្បីឱ្យ​ភាគី​ពាក់ព័ន្ធ​បាន​ជួប​ជជែក​គ្នា​ក្នុងការ​ស្វែងយល់​ពី​ការអភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម​។​

​ក្រសួង​បញ្ជាក់ថា​៖ «​វេទិកា​នេះ ដើម្បី​ស្វែងយល់​ពី​ការកំណត់​ផែនទី​បង្ហាញផ្លូវ​យុទ្ធសាស្ត្រ​ក្នុងការ​អភិវឌ្ឍ​គោលនយោបាយ​គាំពារ​សង្គម ការអភិវឌ្ឍ​នៃ​ប្រព័ន្ធ​សន្តិសុខ​សង្គម​នៅ​កម្ពុជា ការអភិវឌ្ឍ​នៃ​កម្មវិធី​ជាតិ​ជំនួយ​សង្គម និង​ការពង្រឹង​យន្តការ​គាំពារ​សង្គម ដើម្បី​តម្លាភាព និង​គណនេយ្យភាព​»​។​

​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ផង​នោះ ថ្លែង​ក្នុង​ពិធី​បើក​សប្តាហ៍​គាំពារ​សង្គម​ឆ្នាំ​ ២០២៣ នា​ថ្ងៃទី​ ១៣ កុម្ភៈ​ថា មូលបទ​សប្តាហ៍​គាំពារ​សង្គម​ក្នុងឆ្នាំនេះ គឺ​ផ្តោតលើ​ការពង្រឹង​ប្រសិទ្ធភាព និង​តម្លាភាព​ប្រព័ន្ធ​គាំពារ​សង្គម​កម្ពុជា ដើម្បីឱ្យ​ភាគី​ពាក់ព័ន្ធ​បានរួម​គ្នា​ជជែក​ពិភាក្សា បន្ទាប់ពី​ឆ្នាំមុន​វេទិកា​បាន​ផ្តោតទៅលើ​មូលបទ​ឆ្ពោះទៅ​ការអភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម​សម្រាប់​គ្រប់គ្នា​។​

​លោក​បញ្ជាក់ថា​៖ «​ការជ្រើសរើស​មូលបទ​នេះ បាន​បង្ហាញថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង លើ​ដំណើរការ​គ្រប់គ្រង និង​ចាត់ចែង​កម្មវិធី​ជាតិ​ជំនួយ​សង្គម និង​របប​សន្តិសុខ​សង្គម​នីមួយៗ​។ គោលការណ៍​ពង្រឹង​ប្រសិទ្ធភាព និង​តម្លាភាព ពិត​ជាមាន​សារៈសំខាន់​ក្នុងការ​ធានាថា ទាំង​ថវិការដ្ឋ និង​ថវិកា​ភាគទាន ដែល​បង់​ដោយ​និយោជក និង​កម្មករនិយោជិត ត្រូវបាន​ប្រើប្រាស់​ចំ​គោលដៅ និង​មិន​ខ្ជះខ្ជាយ ស្របពេល​ការអភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម​កម្ពុជា បាននិងកំពុង​បោះជំហាន​ទៅមុខ​កាន់តែ​ប្រសើរ​»​។​

​ជាមួយគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​បន្ត​ចូលរួម​គាំទ្រ និង​ពង្រឹង​ការអនុវត្ត​កិច្ច​គាំពារ​សង្គម​នេះ ដើម្បី​ធ្វើយ៉ាងណា​រួមគ្នា​ពិនិត្យ និង​កែតម្រូវ​ភាពខ្វះ​ចន្លោះ​នានា សំដៅ​ឱ្យ​ប្រព័ន្ធ​នេះ ក្លាយទៅជា​ប្រព័ន្ធ​មួយ​ដែលមាន​ប្រសិទ្ធភាព ចីរភាព និង​សមធម៌​សម្រាប់​ពលរដ្ឋ​។​

​លោក​បញ្ជាក់ថា​៖ «​ប្រព័ន្ធ​គាំពារ​សង្គម គឺជា​ចំណែក​កសាង​សង្គម​ប្រកបដោយ​សុខដុម និង​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ទ្រទ្រង់ និង​អភិវឌ្ឍ​ប្រទេស​ឱ្យមាន​ភាព​ធន់ រឹងមាំ និរន្តរភាព សមធម៌ បរិ​យា​ប័ន្ន និង​ជួយ​ឱ្យ​សង្គមជាតិ​ឈានទៅ​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​សំខាន់ៗ​»​។​

​តាម​ការប្រកាស​ក្នុង​ឆ្នាំ​ ២០២៣ ​នេះ រដ្ឋាភិបាល គ្រោង​ចំណាយ​ថវិកា​ប្រមាណ ​៤៦៥​ លាន​ដុល្លារ ដើម្បី​ដំណើរការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ខណៈ​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម កំពុង​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​សម្រាប់​ឆ្នាំ​ ២០១៦ ដល់​ ២០២៥ ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ ដែល​ផ្តោតលើ​ធាតុ​ផ្សំ​សំខាន់ៗ​ចំនួន​ ៥​។

​លោក អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់ថា​៖ «​ធាតុ​ផ្សំ​ទាំង​ ៥ មាន ១ ការគិតគូរ​ពង្រីក​វិសាលភាព​ជាតិ​សម្រាប់​ជំនួយ​សង្គម និង​របប​សន្តិសុខ​សង្គម​ជា​ជំហានៗ ដោយ​ផ្អែកលើ​ភាព​ទ្រទ្រង់បាន​ថវិការដ្ឋ និង​ថវិកា​ភាគទាន​។ ២ ការធ្វើ​ស្ថាប័ន​នូ​ប​នីយកម្ម​យន្តការ​ឆ្លើយតប​គ្រោះអាសន្ន​។ ៣ ការធ្វើ​ឌី​ជី​ថ​លូ​ប​នីយកម្ម​នូវ​នីតិវិធី​អនុវត្តន៍​។ ៤ ការពង្រឹង​យន្តការ​តាមដាន និង​វាយតម្លៃ និង​៥ ការពង្រឹង​យន្តការ​បញ្ជ្រាប​ចំណេះដឹង ទំនាក់ទំនង​សាធារណៈ ទំនាក់ទំនង​រវាង​ស្ថាប័ន និង​ការផ្សព្វផ្សាយ​»​។​

​លោក ច​ន ណា​រិ​ទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម ឱ្យដឹងថា កន្លងមក រាជរដ្ឋាភិបាល​បាន​បង្កើត​កម្មវិធី​គាំពារ​សង្គម​ជាច្រើន ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​។

​កម្មវិធី​ទាំងនោះ​គឺ​រួមមាន​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​អាយុ​ ២ ​ឆ្នាំ កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន​ដោយ​ប្រើប្រាស់​កសិផល​តាម​សហគមន៍ កម្មវិធី​អាហារូបករណ៍​សម្រាប់​សិស្ស​ក្រីក្រ​ថ្នាក់បឋមសិក្សា និង​មធ្យមសិក្សា កម្មវិធី​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជូន​កម្មករនិយោជិត​ជា​ស្ត្រី​ក្នុង និង​ក្រៅ​ប្រព័ន្ធ​នៅពេល​សម្រាលកូន កម្មវិធី​ផ្តល់​សាច់ប្រាក់​ជូន​ជនពិការ​ក្រីក្រ​ក្នុង​សហគមន៍ និង​កម្មវិធី​សាច់ប្រាក់​ពលកម្ម​។

​លោកបន្ថែមថា ចំពោះ​ផ្នែក​សន្តិសុខ​សង្គម រាជរដ្ឋាភិបាល ក៏បាន​បង្កើត​ផ្នែក​ប្រាក់​សោធន ផ្នែក​ថែទាំ​សុខភាព និង​ផ្នែក​ហានិភ័យ​ការងារ​សម្រាប់​មន្ត្រីរាជកា​រ អតីតមន្ត្រី​រាជការ និង​អតីត​នីតិជន ហើយ​របប​ទាំង​៣​នេះ ក៏មាន​សម្រាប់​បុគ្គល​ដែល​ស្ថិតក្នុង​វិស័យ​ឯកជន​ផងដែរ​។

​លោក​បញ្ជាក់ថា​៖ «​កម្ពុជាបាន​បង្កើត​មូលនិធិ​សម្រាប់​ពលរដ្ឋ​ដែលមាន​បណ្ណសម​ធម៌ និង​ក្រុម​ប្រជាពលរដ្ឋ​គោលដៅ​មួយចំនួនទៀត​។ ក្រៅពី​មានកម្ម​វិធី​ទាំងនេះ រាជរដ្ឋាភិបាល​ក៏បាន​បង្កើត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ពិសេស​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុង​វិបត្តិ​កូ​វីដ ​១៩ ​ជាង​ ៧០​ ម៉ឺន​គ្រួសារ ឬ​ស្មើ ២,៧​ លាន​នាក់ ហើយ​គិត​មកដល់ពេលនេះ គឺមាន​រយៈពេល​ ៣១ ខែ​»​។​

​បន្ថែម​ពីនេះ កម្មវិធី​ទាំងនេះ​កាលពី​ខែធ្នូ ឆ្នាំ ២០២២ រាជរដ្ឋាភិបាល ក៏បាន​ដាក់ចេញ​អន្តរាគមន៍​ជំនួយ​សង្គម​ពិសេស ​២ បន្ថែមទៀត គឺ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ក្នុងអំឡុង​មាន​សម្ពាធ​អតិផរណា និង​រងគ្រោះ​ពី​ទឹកជំនន់​ដើម្បី​ជួយ​សម្រាល​បន្ទុក​នានារ​បស់​ពលរដ្ឋ​នៅ​ទូទាំងប្រទេស​ផងដែរ​។ នេះ​បើតាម​លោក​ច​ន ណា​រិ​ទ្ធ​៕