​ភ្នំពេញៈ ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ព្រួយបារម្ភ​ខណៈ​មានការ​រីកចម្រើន​បច្ចេក​វិទ្យា ដែល​អាច​នាំទៅរក​ការរំលោភបំពាន​លើ​កុមារ​និង​យុវវ័យ​កាន់តែ​កើនឡើង​ស្រប​ពេលដែល​បច្ចេកវិទ្យា​កាន់តែ​រីកចម្រើន និង​ការប្រើប្រាស់​បច្ចេកវិទ្យា​បណ្តាញ​សង្គម​កាន់តែ​កើនឡើង​។​

​អង្គការ​ជា​ដៃគូ​ជាច្រើន រួមជាមួយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​ ១៣ ​ខែកុម្ភៈ​ឆ្នាំ​ ២០១៣​ បាន​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ទិវា​អន្តរជាតិ​ដើម្បី​សុវត្ថិភាព​អ៊ី​ន​ធឺ​ណិ​ត ក្រោម​ប្រធានបទ «​នាំគ្នា​និយាយ​អំពី​ការប្រើប្រាស់​អ៊ី​ន​ធឺ​ណិ​ត​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​កុមារ​» ហៅ​កាត់​ថា​ «​ស្ក្រូ​ល​» រយៈពេល​ ៣ ​ឆ្នាំ មាន​គោលបំណង ជួយ​ទប់ស្កាត់ និង​ការពារ​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អន​ឡាញ​។

​ក្នុងពេល​បើក​យុទ្ធនាការ​នេះ លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិ​ន្រៃ្ត​យ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​លើកឡើងថា នាពេល​បច្ចុប្បន្ននេះ ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ប្រទេស​កម្ពុជា បាននិងកំពុង​រីកចម្រើន​ឥតឈប់ឈរ ដែល​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន ក្នុងការ​ជំរុញ និង​ព​ន្លឿ​ន​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ហើយ​ទន្ទឹមនឹងនេះ ក៏មាន​ជនខិលខូច​ឆ្លៀតឱកាស​យក​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​នេះ សម្រាប់​បោកប្រាស់ ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ផងដែរ​។​

​លោកស្រី ជូ ប៊ុន​អេង បញ្ជាក់ថា​៖ «​កុមារា កុមារី ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​នេះ និង​កុំ​លង់លក់​នឹង​ការ​ឆាត [Chat] លួងលោម​តាម​ហ្វេ​ស​ប៊ុ​ក ឬ​តាម​បណ្តាញ​ផ្សេងៗ​របស់​បុគ្គល​មួយចំនួន​។ ករណីខ្លះ គឺជា​ការ​ឆបោក និង​បញ្ឆោត​ឱ្យ​ប្រព្រឹត្ត​នូវ​បទល្មើស​ផ្សេងៗ ដែល​សង្គម​ស្អប់ខ្ពើម​»​។

​បើ​យោងទៅតាម​ការសិក្សា​ស្រាវជ្រាវ គម្រោង​បញ្ឈប់​គ្រោះថ្នាក់ (Disrupting Harm)​ ដែល​បានចេញ​ផ្សាយ​នៅក្នុង ឆ្នាំ​ ២០២២ មាន​កុមារ​ប្រហែលជា ១៦០ ០០០ នាក់​ដែលមាន​អាយុ​ចន្លោះ​ពី​ ១២​ ដល់​ ១៧ ​ឆ្នាំ​ធ្លាប់មាន​បទពិសោធន៍​ជាមួយនឹង​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អន​ឡាញ ដែល​រួមមាន​៖ ការ​លួងលោម​តាម​អន​ឡាញ និង​ការបង្ខំ​ឱ្យ​ផលិត និង​ចែកចាយ​រូបភាព ព្រមទាំង​សម្ភារ​អាសអាភាស​។

​លោកស្រី​រដ្ឋលេខាធិការ ក៏បាន​លើកឡើង​ផងដែរ​ថា នាពេល​បច្ចុប្បន្ន នេះ​ប្រទេស​កម្ពុជា ត្រូវបាន​ជនខិលខូច​យក​ធ្វើជា​ជម្រក សម្រាប់ធ្វើ​ការជួញដូរ​មនុស្ស និង​ឆបោក​មនុស្ស​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​នេះ ប៉ុន្តែ​ជនរងគ្រោះ​គឺ​មិនមែនជា​ខ្មែរ​នោះទេ គឺ​សុទ្ធតែ​ជនបរទេស ដែល​ត្រូវបាន​ជនបរទេស​ដូចគ្នា​ធ្វើការបោក​បញ្ឆោត​។​

​លោក សំលៀង សិលា នាយក​ប្រតិបត្តិ​អង្គការ​សកម្មភាព​ដើម្បី​កុមារ​ (APLE)​ បាន​លើកឡើងថា នាពេល​បច្ចុប្បន្ន ពិភពលោក មាន​កុមារ​ជាច្រើន កំពុង​ត្រូវបាន​រងគ្រោះ តាមរយៈ​ប្រព័ន្អ៊ី​ន​ធឺ​ណិ​ត​។ នៅក្នុង​ចន្លោះ​ឆ្នាំ​ ២០១៧ និង​ឆ្នាំ​ ២០១៩ រូបភាព​អាសអាភាស​កុមា​រលើ​អ៊ី​ន​ធឺ​ណិ​ត ត្រូវបាន​កើនឡើង​យ៉ាងច្រើន ហើយ​បន្ត​កើនឡើង​យ៉ាងគំហុក​នៅពេល​ពិភពលោក មាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩​។​

​លោក សិលា និយាយថា​៖ «​ការរក្សា​សុវត្ថិភាព​កុមារ​តាម​ប្រព័ន្ធ​អន​ឡាញ និង​ការប្រើប្រាស់អ៊ី​ន​ធឺ​ណិ​ត​ដោយ​សុវត្ថិភាព ជា​រឿង​សំខាន់បំផុត​នៅ​សម័យ​ឌីជីថល​នេះ​។ តាងនាម​ជា​អង្គការ​ដៃគូ​អនុវត្តន៍​គម្រោង «​ស្ក្រូ​ល​» ​យើង​សង្ឃឹមថា គម្រោង​នឹង​ជួយ​ជំរុញ​បន្ថែម​នូវ​ការបង្កើត​យន្តការ​ថ្នាក់ជាតិ​ដើម្បី​ទប់ស្កាត់​ការរំលោភបំពាន​កុមារ​តាម​ប្រព័ន្ធ​អន​ឡាញ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។

​លោក ​គង់ វីឡា ប្រធាន​គ្រប់គ្រង​កម្មវិធី អង្គការ​ដែនដី​មនុស្ស​ហូឡង់ដ៍​ប្រចាំ​កម្ពុជា​ថ្លែងថា​៖ «​គម្រោង​ស្ក្រូ​ល​មាន​មហិច្ឆតា​នាំយក​សំឡេង​កុមារ​កម្ពុជា​ទាំងអស់​ឱ្យ​អ្នក​អនុវត្តន៍​ច្បាប់​នៅ​ថ្នាក់ក្រោម​ជាតិ ថ្នាក់ជាតិ និង​ថ្នាក់​តំបន់ បានដឹង​ពី​បញ្ហា​ប្រឈម​របស់​កុមារ និង​ចាត់វិធានការ​ដោះស្រាយ​ដើម្បី​បង្កើន​សុវត្ថិភាព​ដល់​កុមារ​តាម​ប្រព័ន្ធ​អន​ឡាញ​»​។

​យោងតាម​សេចក្តីប្រកាស​របស់​គម្រោង អង្គការ​ដែនដី​មនុស្ស​ហូឡង់ដ៍​ប្រចាំ​កម្ពុជា និង​អង្គការ​ដៃគូ បាន​អនុវត្ត​គម្រោង​ប្រឆាំង និង​ទប់ស្កាត់​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អន​ឡាញ តាំងពី​ឆ្នាំ​ ២០១៧ ប៉ុន្តែ​បញ្ហា​នេះ នៅតែ​បន្ត​កើតមាន​ដោយ​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា កាន់តែ​ងាយស្រួល និង​តម្លៃថោក សម្រាប់​ការប្រើប្រាស់​របស់​កុមារ នៅក្នុង​បរិបទ​ដែល​មិនមាន​ការផ្សព្វផ្សាយ​គ្រប់គ្រាន់ និង​ការអនុវត្ត​ច្បាប់​ឱ្យបាន​តឹងរ៉ឹង​៕