ភ្នំពេញៈ ​កសិករ​ខ្នាតតូច​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន កំពុង​នាំគ្នា​ធ្វើ​យុទ្ធនាការ​សប្តាហ៍​គាំពារ​សង្គម ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល​ដាក់បញ្ចូល​កសិករ​ខ្នាតតូច​ទៅក្នុង​ច្បាប់ និង​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ស្រប​ពេលដែល​រាជរដ្ឋាភិបាល និង​អង្គការ​ដៃគូ​នានា កំពុងមាន​កិច្ចពិភាក្សា​ក្នុង​កម្ម​វិធី​សប្ដាហ៍​គាំពារ​សង្គម​នេះ​។​

​ តាម​មន្ត្រីជាន់ខ្ពស់​ផ្នែក​សម្របសម្រួល​សហគម​ន៍ នៃ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា (CCFC) លោក ញ៉ិល ភាព បាន​ឲ្យ​ដឹងថា យុទ្ធនាការ​សប្ដាហ៍​គាំពារ​សង្គម​របស់​កសិក​រ​ខ្នាតតូច​នេះ បានធ្វើ​ឡើ​តាំងពី​ថ្ងៃទី​១៣ រហូតដល់​ថ្ងៃទី​១៥ ខែកុម្ភៈ​។​

​ លោក​បាន​លើកឡើងថា យុទ្ធនាការ​នេះ​នៅតាម​បណ្ដា​សហគមន៍​ដែល​សមាគម​ប្រតិបត្តិការ ក្នុង​១៤​ខេត្ត​/​ក្រុង រួមមាន ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្ត​ព្រះសីហនុ ខេត្តស្វាយរៀង ខេត្តព្រះវិហារ និង​ខេត្តសៀមរាប​ជាដើម ហើយ​ការធ្វើ​យុទ្ធនាការ​សប្តាហ៍​គាំពារ​សង្គម​នេះ​ក្នុង​គោលបំណង ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល ក៏ដូចជា​បេឡា​ជាតិ​របប​ស​ន្ថិ​សុខ​សង្គម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួមទាំង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ផងដែរ ត្រូវតែ​ដាក់​ប​ញ្ជូ​ល​កសិករ​ខ្នាតតូច​ឱ្យ​ទទួលបាន​សេវា​កិច្ច​គាំពារ​សង្គម​។​

​យុទ្ធនាការ​នេះ​ក៏មាន​ការស្នើ​ឱ្យ​រាជរដ្ឋាភិបាល ផ្ដល់​គាំទ្រ​ដល់​កសិករ និង​លើកកម្ពស់​កសិករ​ខ្នាតតូច​ក្នុង​វិស័យ​ក​សិ​-​ស្បៀងអាហារ​ឱ្យទទួលបាន​កិច្ច​គាំពារ​សង្គម​ប្រកបដោយ​បរិ​យាប័​ន្ន​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​កសិក​រ​ខ្នាតតូច​។ ជាពិសេស​ទាមទារ​ឱ្យរាជរដ្ឋាភិបាល ដាក់​ប​ញ្ចូល​កសិករ​ទៅក្នុង​ច្បាប់ និង​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ឱ្យ​ពួកគាត់​ទទួលបាន​កម្មវិធី​ជំនួយ​សង្គម និង​កម្ម​វី​ធី​របប​សន្តិសុខ​សង្គម​។​

​លោក ញ៉ិល ភាព បាន​ថ្លែ​ថា​៖ «​តាមរយៈ​យុទ្ធនាការ​នេះ បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញថា បញ្ហា​ធំ​បំផុត គឺ​កសិករ​ត្រូវបាន​គេ​ទុកចោល​ចេញពី​ការទទួលបាន​នូវ​សេវា​កិច្ច​គាំពារ​សង្គម​ហ្នឹង ហើយ​គេ​មិន​ផ្ដល់​ការគាំទ្រ​ឱ្យ​ពួកគាត់ ទទួលបាន​សេវា​ទាំងអស់​ហ្នឹង​។ អ៊ីចឹង​យើង​ដឹង​ហើយ​ថា កសិករ​គាត់​មាន​តួនាទី​សំខាន់​ក្នុង​ការផលិត​ស្បៀង និង​សម្រាប់​ផ្គត់ផ្គង់​ទៅដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ទាំង​ក្នុង​ទីក្រុង និង​ទីប្រជុំជន ព្រមទាំង​ការផលិត​ស្បៀង​របស់​ពួកគាត់ ត្រូវបាន​នាំចេញ​ទៅ​ក្រៅប្រទេស​ទៀត​»​។​

​លោក​បន្តថា ​បញ្ហាសំខាន់​បំផុត​របស់​កសិករ គឺជា​អ្នក​ដែល​ប្រកបមុខរបរ​រកស៊ី​នៅក្រៅ​ប្រព័ន្ធ បានន័យថា ​អ្នក​ដែល​រកប្រាក់​ចំណូល​មិន​ទទួល​បានជា​ទៀងទាត់ មិន​ដូចជា​អ្នក​ដែល​នៅក្នុង​ប្រព័ន្ធ ដូចជា មន្ត្រីរាជការ ឫ​ក៏​ក្រុមហ៊ុន ឬក៏​កម្មករនិយោជិត​នោះទេ ដែល​ពួកគាត់​ស្ថិតនៅក្នុង​ប្រព័ន្ធ គឺមាន​ប្រាក់បៀវត្សរ៍​ត្រឹមត្រូវ​របស់​ពួកគាត់ ប៉ុន្តែ​បើ​ងាក​មក​កសិករ​វិញ គឺ​គ្មាន​ប្រាក់ចំណូល​ទៀងទាត់​ឡើយ ដោយ​ថ្ងៃ​ខ្លះ​រកបាន ចំណែក​ថ្ងៃ​ខ្លះទៀត​រក​មិនបាន​។​

លោក​លើកឡើងថា​៖ «​ដូច្នេះហើយ​រាជរដ្ឋាភិបាល គួរតែ​ដាក់​ប​ញ្ចូល​កសិករ​ខ្នាតតូច​ហ្នឹង ឲ្យ​ទៅជា​អ្នករកស៊ី​នៅក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ហើយ​ទទួលបាន​សេវា​កិច្ច​គាំពារ​សង្គម​ពីរ​ដ្ឋ​»​។​

​ លើសពីនេះ​ទៀត លោក​ញ៉ិល ភាព បន្តថា កសិករ​ខ្នាតតូច ពួកគាត់​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ពី​សេវា​កិច្ច​គាំពារ​សង្គម​នេះ នៅពេលដែល​ប្រទេសជាតិ កំពុងតែ​ជួប​នូវ​ជំងឺឆ្លង​ដ៏​កាច​សាហាវ និង​នៅពេលដែល​ប្រទេសជាតិ​ជួបនឹង​វិបត្តិ​គ្រោះធម្មជាតិ ដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត និង​រួមទាំង​ទឹកជំនន់​ជាដើម​។​

​លោក​បន្ថែមថា កសិករ ក៏​ជា​អ្នកដើរ​តួនាទី​បង់ពន្ធ​ដែរ ហេតុដូច្នេះ ពួកគាត់សម​នឹង​ទទួលបាន​នូវ​របប​សន្តិសុខ​សង្គម​ពី​រាជ​ដ្ឋា​ភិ​បាល ដែលមាន​ប្រាក់​សោធន​និវត្តន៍ ពេលដែល​ពួកគាត់​ចូល​វ័យចាស់ ដែលមាន​ការពារ​ពី​ហានិភ័យ​ការងារ និង​រួមទាំង​ការផ្ដល់​នូវ​ទីផ្សារ​លក់​ផលិតផល​របស់​ពួកគាត់​ផងដែរ​។​

​ ជាមួយគ្នានេះ អ្នកស្រី ខៀវ សារ៉ុន តំណាង​សហគមន៍​សាមគ្គី​រមាសហែក បាន​ប្រាប់ថា ក្រោយពី​ធ្វើ​យុទ្ធនាការ​សប្ដាហ៍​គាំពារ​សង្គម​នេះ ក្រុម​សមាគម​សង្ឃឹមថា​ រាជរដ្ឋាភិបាល នឹងមាន​ការពិចារណា​ដាក់​ក្រុម​កសិករ​ខ្នាតតូច​ទៅក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ដើម្បី​អាច​កាត់បន្ថយ​ហានិភ័យ​ផ្សេងៗ​មកកាន់​កសិករ​ក្រីក្រ​។​

​អ្នកស្រី ខៀវ សារ៉ុន បាន​ប្រាប់ថា​៖ «​យើង​ធ្វើ​នេះចង់​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ដោះស្រាយ​បញ្ហាដីធ្លី​​ផង និង​មានការ​គាំទ្រ​ផលិតផល​របស់​ខ្មែរ ដែល​កសិករ​ផលិត​បាន​ដោយ​ខ្លួនឯង​ផង​។ ជាពិសេស​ក៏​ឲ្យ​ចង់​រាជរដ្ឋាភិបាល ផ្ដល់​កិច្ច​គាំពារ​មកលើ​កសិក​រដែរ​»​។

​សូមបញ្ជាក់​ផងដែរ​ថា ទាក់ទង​យុទ្ធនាការ​សប្ដាហ៍​គាំពារ​សង្គម​នេះដែរ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏មាន​ការរៀបចំ​កម្ម​វិធី​សប្តាហ៍​គាំពារ​សង្គម​ប្រចាំឆ្នាំ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​និង​តម្លាភាព​នៃ​ប្រព័ន្ធ​គាំពារ​សង្គម​នៅ​កម្ពុជា ក្រោម​ប្រធានបទ «​ពង្រឹង​ប្រសិទ្ធភាព និង​តម្លាភាព​នៃ​ប្រព័ន្ធ​គាំពារ​សង្គម​នៅ​កម្ពុជា​»​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​អំពី​ការអភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម ខណៈ​សង្គម​ស៊ីវិល​ចង់ឱ្យ​រាជរដ្ឋាភិបាល​ជំរុញ​បាន​ឆាប់​ក្នុងការ​អនុវត្ត​ប្រព័ន្ធ​សន្តិសុខ​សង្គម ដល់​អ្នកធ្វើការ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​

​ លោក មាស សុខ​សេន​សាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្លាប់បាន​ប្រាប់ឱ្យដឹង​កាលពី​សប្តាហ៍​មុន​ថា សប្តាហ៍​គាំពារ​សង្គម ជា​វេទិកា​ថ្នាក់ជាតិ​មួយ​ដែល​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ពិភាក្សា និង​ពិគ្រោះ​យោបល់ រវាង​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ទាំង​កម្រិត​គោលនយោបាយ និង​បច្ចេកទេស ដើម្បី​ទទួលបាន​ធាតុ​ចូល​បន្ថែម​សម្រាប់​ការអភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ រួមទាំង​លើកកម្ពស់​ការយល់ដឹង​អំពី​ប្រព័ន្ធ​គាំពារ​សង្គម​នៅ​កម្ពុជា​ដល់​សាធារណជន​៕