សៀមរាបៈ ក្រសួង​កិច្ចការនារី និង​អង្គការ​ភ្លែ​ន​អន្តរជាតិ បង្ហាញ​ការប្តេជ្ញាចិត្ត​រួមគ្នា ដើម្បី​លើកកម្ពស់​ភាព​អង់អាច និង​ពង្រឹង​អំណា​ច​របស់​ក្មេងស្រីក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត​លើ​រូបរាងកាយ​ខ្លួនឯង និង​ការចូលរួម​អភិវឌ្ឍ​នានា ដោយ​រំពឹងថា​ នៅ​ឆ្នាំ​ ២០២៦ ខាងមុខ ក្មេងស្រី​ក្នុង​ប្រទេស​ប្រមាណ ២,៥ លាន​នាក់ នឹង​ទទួលផល​ពី​គម្រោង​​នេះ​។

ការបង្ហាញ​​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី ១៤ កុម្ភៈ ក្នុង​សិក្ខាសាលា​ឆ្លុះបញ្ចាំង​ពាក់កណ្តាល​ឆ្នាំ​នៃ​កម្មវិធី​ភាពជា​អ្នកដឹកនាំ​របស់​ក្មេងស្រី របស់អង្គការ​ភ្លែ​ន​អន្តរជាតិ នា​ខេត្តសៀមរាប ខណៈ​សិក្ខាសាលា​នេះ គឺជា​វេទិកា​សម្រាប់​អង្គការ​និង​ស្ថាប័ន​ដៃគូ ផ្លាស់ប្តូរ​ពី​វឌ្ឍនភាព ការ​ប្រឈម និង​បទពិសោធន៍​នៃ​ការអនុវត្ត​គម្រោង​ក្នុងពេល​កន្លងមក។

គម្រោង​ភាព​ដឹកនាំ​របស់​ក្មេងស្រី គឺជា​កម្មវិធី​មួយ​ ដែ​ល​ផ្តោត​សំខាន់​ទៅលើ​ក្មេងស្រី​វ័យ​ជំទង់អាយុ​ចន្លោះ​ពី១២ ដល់​១៧ ឆ្នាំ និង​ស្ត្រី​វ័យក្មេង ដែលមាន​អាយុ​ចន្លោះ​ពី ១៨ ដល់ ២៥ ឆ្នាំ ស្ថិតនៅ​តំបន់​ជនបទ និងទី​​ប្រជុំជន ដោយ​ត្រូវ​បាន​ប្រកាស​​ឱ្យ​ដំណើរ​តាំងពី​ឆ្នាំ ២០២១ និង​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ ២០២៦ ខាង​​មុខ។

លោក យី គីម​ថា​ន នាយករង​ប្រចាំ​ប្រទេស​ទទួលបន្ទុក​កម្មវិធី​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃ​ទី​ ១៤ កុម្ភៈ​ថា សិក្ខាសាលា​ឆ្លុះបញ្ចាំង​ពាក់កណ្តាល​ឆ្នាំ ដែល​អង្គការ​ភ្លែ​ន រួមជាមួយ​ក្រសួង​កិច្ចការនារី និង​អ្នកពាក់ព័ន្ធ​បាន​ធ្វើ​ឡើង​នៅពេល​នេះ គឺមាន​គោលបំណង​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​វឌ្ឍនភាព​គម្រោង ការ​អនុ​វ​ត្ត​សកម្មភាព​គម្រោង និង​បញ្ហា​ប្រឈម​សំខាន់ៗ រួមទាំង​ផ្តល់​វេទិកា​សម្រាប់​ការរៀនសូត្រ​ពីគ្នា​ទៅវិញទៅមក ក្នុងការ​ប្រមូល​ធាតុ​ចូល​សម្រាប់​ការរៀបចំ​គម្រោង និង​ដោះ​ស្រា​យឧ​ប​សគ្គ​សម្រាប់​កែលម្អ​គុណភាព​នៃ​គម្រោង។

ដូច្នេះ លោករំពឹងថា សិក្ខាសាលានេះ នឹង​អាច​ផ្តល់​ធាតុ​ចូលក្នុង​ការពង្រឹង​ការអនុវត្ត និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កើតមាន​នៅក្នុង​គម្រោង ដើម្បី​ចូលរួម​ផ្តល់​ផល​ដល់​ក្មេងស្រី​នៅក្នុង​ប្រទេស​ប្រមាណ២,៥លាន​នាក់ នៅ​ឆ្នាំ​២០២៦ ខាងមុខ។

លោកបញ្ជាក់ថា៖ «ការលើកកម្ពស់​សិទ្ធិអំណាច​របស់​ក្មេង​ស្រី ជាពិសេស​ក្មេង​វ័យ​ជំទង់ និង​ស្ត្រី​វ័យក្មេង​នៅ​កម្ពុជា និង​លើកស្ទួយ​សំឡេង​នៃ​ពិពិធ​ភាព (ភាព​ចម្រុះ​ផ្សេងគ្នា) របស់​ពួកគេ ហើយ​គាំទ្រ​ពួកគេ​ក្នុងការ​ទទួលបាន ចំណេះដឹង ជំនាញ និង​ទំនុក​​ចិត្ត ដែល​ពួកគេ​ត្រូវការ​ដើម្បី​បំពេញបាន​សិទ្ធិ និងការ​​សម្រេចបាន​សក្តា​នុព​ល​ពេញលេញ​របស់ខ្លួន។ គោលដៅ​រួម​របស់​យើង គឺ​លើកកម្ពស់​ភាព​អង់អាច និង​ពង្រឹង​អំណាច​របស់​ក្មេងស្រី​ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត​លើ​រូបរាង​កាយ​ខ្លួនឯង និង​ការចូលរួម​អភិវ​ឌ្ឍ​នានា»។

ជាមួយនឹង​ការរំពឹង​នេះ លោក យី គឹម​ថា​ន អំពាវនាវ និង​បង្ហាញ​ការប្តេ​ជ្ញាចិត្តថា អង្គការ នឹងចូលរួម​ចំណែក​ក្នុងការ​បណ្តុះបណ្តាល​ស្តីពី​ការលើកកម្ពស់​ភាព​អង់អាច និង​ភាពជា​អ្នកដឹកនាំ ភាពជា​ពលរដ្ឋ​សកម្ម និង​ការចូលរួម​របស់​ពល​រដ្ឋ​ក្នុងនាម​បុគ្គល ឬ​ក្រុម ដើម្បី​កសាង និង​ប្រើប្រាស់​ភ្នាក់ងារ បណ្តាញ និង​ធនធាន​របស់​ពួកគេ​ក្នុងការ​ផ្លាស់ប្តូរ​វិសម​ភាព​នៃ​ទំនាក់​ទំនង​អំ​ណា​ច។

លោកបាន​បញ្ជាក់​ថា៖ «គាំទ្រ​យុវជន គឺជា​ចំណុច​ដ៏​សំខាន់​ដើម្បី​ធានាថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ពួកគេ គឺអាច​ពង្រឹងសមត្ថភាព និង​ការអភិវឌ្ឍ​សហគមន៍ ការសម្រេចបាន​គោលបំណង និង​សមត្ថភាព​ក្នុងការ​រៀបចំ​ជីវិត​ផ្ទាល់ខ្លួន និង​តថភាព​សង្គម។ ការគាំទ្រ​យុវជន គឺជា​ចំណុច​សំខាន់​ដើម្បី​ធានាថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ពួកគេ អាច​ព​ង្រឺ​ង​សមត្ថភាព និង​អភិវឌ្ឍ​សហ​គមន៍»។

លោកស្រី ស ស៊ី​ណែ​ត អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​សង្គម ក្រសួង​កិច្ចការនារី បាន​ថ្លែងថា ក្រសួង​បាន​អនុវត្ត​កម្មវិធី​ក្មេងស្រី​ជាអ្នកដឹកនាំ​ជាមួយ​ដៃគូ​នានា​ នៅក្នុង​ឃុំ​ក្នុង​ខេត្ត​គោលដៅ​ទាំង៣ គឺ​ខេត្តសៀមរាប ស្ទឹងត្រែង និង​រតនគិរី។ ក្រៅពី​កម្មវិធី​នេះ ក៏មាន​យុទ្ធនាការ​ក្មេងស្រី​មានឱ​កាស​ស្មើគ្នា និង​ការកាត់បន្ថយ​ការ​រៀប​អាពាហ៍ពិពាហ៍​កុមារ និង​ការ​មាន​ផ្ទៃពោះ​នៅ​វ័យក្មេង​របស់​ស្ត្រី​ជនជាតិដើម​ភាគតិច​នៅ​ខេត្តរតនគិរី​ផងដែរ ដើម្បី​ទប់ស្កាត់​ការរៀប​អាពាហ៍ពិពាហ៍​វ័យ​កុមារ។

លោកស្រី​បញ្ជាក់​ថា ចំណុច​អាទិភាព​បន្ទាប់ កិច្ចប្រជុំ​ប្រចាំត្រីមាស​ឆ្លុះបញ្ចាំង​អំពី​ការអនុវត្ត​សកម្មភាព និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ក្រុមការងារ និង​ពិភាក្សា​លើ​ផែន​ការបន្ត ទៅលើ​ការអនុវត្ត​ការងារ​ដោយមាន​ការគាំទ្រ​ពី​ទី​ប្រឹក្សា និង​ចូលរួម​អនុវត្ត​ការងារ​ចាំបាច់​រវាង​ក្រុមការងារ​ក្រសួង​កិច្ចការនារី និង​ក្រុមការងារ​អង្គការ​ភ្លែ​ន​អន្តរ​ជាតិ។

លោកស្រី​បាន​បញ្ជា​ក់ថា៖ «ក្រុមការងារ​ក្រសួង​កិច្ចការនារី ព្យាយាម​នឹង​អនុវត្ត​ការងារ​ដែល​គាំទ្រ​ដោយ​អង្គការ​ភ្លែ​ន​ជា អា​ទិភាព​បំផុត​ ក្នុងចំណោម​ការងារ​អង្គការ​ដៃគូ។ បង្កើន​ឱ​កាស និង​រៀបចំ​កម្មវិធី​ពង្រឹងសមត្ថភាព​ដល់​ស្ត្រី និង​ក្មេងស្រី រួមទាំង​យុវជន​ទាំង២ភេទ​ឱ្យបាន​ច្រើន ជាពិសេស​ក្រុម​គោលដៅ​សិស្សសាលា។ បង្កើន​កម្មវិធី​ផ្សព្វផ្សាយ ឬ​កម្មវិធី​នានា ដល់​សិស្សានុសិស្ស​ឱ្យបាន​ច្រើន»៕