The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ​លោកនាយក​រដ្ឋមន្ត្រី​ប្រកាស​ផ្តល់​ក្របខ័ណ្ឌ​រដ្ឋ​ដល់​បុគ្គលិក VOD ដែល​បាត់បង់​ការងារ​

​លោកនាយក​រដ្ឋមន្ត្រី​ប្រកាស​ផ្តល់​ក្របខ័ណ្ឌ​រដ្ឋ​ដល់​បុគ្គលិក VOD ដែល​បាត់បង់​ការងារ​

Content image - Phnom Penh Post
ការិយាល័យ​វិទ្យុវីអូឌី កាលពីថ្ងៃទី ​១៣​ កុម្ភៈ។ ហុង មិនា

​លោកនាយក​រដ្ឋមន្ត្រី​ប្រកាស​ផ្តល់​ក្របខ័ណ្ឌ​រដ្ឋ​ដល់​បុគ្គលិក VOD ដែល​បាត់បង់​ការងារ​

ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ផ្តល់​ក្របខ័ណ្ឌ​រដ្ឋ​ជូន​ដល់​បុគ្គលិក​វិទ្យុសំឡេង​ប្រជាធិបតេយ្យ (VOD) ដែលមាន​បំណង​ចូល​បម្រើ​កិច្ច ការ​រដ្ឋ ដោយសារ​វិទ្យុ​នេះ​ត្រូវបាន​បិទ​និង​មិន​មានឱកាស​បើក​ឡើងវិញ និង​ដោយ​លោក​គិត​ទៅដល់​ជីវភាព​របស់​បុគ្គលិក​ដែល​បាត់បង់​ការងារ​។​

​លោក​ ហ៊ុន សែន បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី​ ​១៤ ខែកុម្ភៈ​ថា​៖ «​ដោយសារតែ​វិទ្យុ​វី​អូ​ឌី​ត្រូវបាន​បិទ​និង​គ្មាន​ឱកាស​បើក​ឡើងវិញ និង​ដោយ​គិត​ទៅដល់​ជីវភាព​បុគ្គលិក​ដែល​បាត់បង់​ការងារ​ធ្វើ ដោយ​កំហុស​មេដឹកនាំ​។ ខ្ញុំ​សម្រេច​ផ្តល់​ក្របខ័ណ្ឌ​រដ្ឋ សម្រាប់​បងប្អូន​ដែលមាន​បំណង​ចូល​បម្រើ​កិច្ចការរដ្ឋ​។ សូម​បងប្អូន​ធ្វើ​ទំនាក់ទំនង​ជាមួយ​ក្រសួង​មុខងារសាធារណៈ ដើម្បី​ដាក់​ពាក្យសុំ​ធ្វើការ​»​។

​លោកនាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ លោក ព្រុំ សុខា ត្រូវ​ទទួលយក​ពាក្យសុំ និង​បែងចែក​ទៅតាម​ក្រសួង​នានា​ស្របតាម​មុខជំនាញ និង​ត្រូវសុំ​ការសម្រេច​ចុងក្រោយ​ពី​លោក​។

លោក​បន្ថែមថា​៖ «​សូមអ្នក​ដទៃ​កុំ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់​យើង ហើយ​យើង​សូមបញ្ជាក់ថា នឹង​គ្មាន​ការផ្លាស់ប្តូរ​ការសម្រេច​ចិត្ត​របស់​យើង​នោះឡើយ​។ ជនបរទេស គ្មាន​សិទ្ធិមក​បង្គាប់បញ្ជា​ឱ្យ​យើង​ធ្វើ​នេះ​ឬ​ធ្វើ​នោះ​តាម​ការចង់បាន​របស់​ពួកគេ​ឡើយ ព្រោះនេះ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​យើង​»​។

​លោក ​ហ៊ុន សែន​ បន្ថែមថា​៖ «​ការបិទ​ចោល​វិទ្យុ​ដែល​គ្មាន​ក្រមសីលធម៌​មួយ វា​មិន​ធ្វើឱ្យ​ស្លាប់​នូវ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​នោះឡើយ តែ​ផ្ទុយទៅវិញ វា​នឹង​ជួយ​ដល់​ការអនុវត្ត​ច្បាប់​និង​ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌​មាននៅ​កម្ពុជា​ថែម​ទៀតផង​»​។

​ពាក់ព័ន្ធ​នឹង​ការដកហូត​អាជ្ញាប័ណ្ណ​វិទ្យុ VOD បានធ្វើឱ្យ​ស្ថានទូត​បរទេស​មួយចំនួន​បាន​សម្តែង​ការព្រួយបារម្ភ​។ ប៉ុន្តែក្រសួងការបរទេស​លើកឡើងថា ការព្រួយបារម្ភ​របស់​ស្ថានទូត​បរទេស​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ​។​

​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃទី ​១៣ ខែកុម្ភៈ បានសម្រេច​លុប​អាជ្ញាប័ណ្ណ​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ដែល​គ្រប់គ្រង​វិទ្យុ​វី​អូ​ឌី​ (VOD)​។​

​ក្រសួង​ព័ត៌មាន​លើកឡើងថា ការ​លុប​អាជ្ញាប័ណ្ណ​នេះ​ដោយសារ​អង្គភាព​សារព័ត៌មាន​នេះ​បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​វិជ្ជាជីវៈ​សារព័ត៌មាន ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស និង​កិត្យានុភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ហើយ​មិន​ព្រមធ្វើ​ការកែសម្រួល​តាម​បទ​ប្បញ្ញត្តិ​ច្បាប់ ស្តីពី​របប​សារព័ត៌មាន ក្រោយពី​វិទ្យុ​នេះ​បាន​ចុះផ្សាយ​អត្ថបទ​ថា «​មន្ត្រី​រដ្ឋាភិបាល​ថា ការដែល​លោក ហ៊ុន ម៉ា​ណែ​ត ដើរតួនាទី​ជំនួស​ឪពុក​ក្នុងការ​ផ្តល់ជំនួយ​ឱ្យ​តួ​ក​គី មិនមែនជា​រឿង​ខុសឆ្គង​»​ កាលពី​ថ្ងៃទី​ ៩ កុម្ភៈ​។​

​កាលពី​ថ្ងៃទី​ ១៣ កុម្ភៈ ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ បានចេញ​សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា ស្ថានទូត​មានការ​រំខាន​ចិត្តជា​ខ្លាំង ដោយ​ការសម្រេចចិត្ត​ភ្លាមៗ ក្នុង​ការដក​អាជ្ញាប័ណ្ណ​ពី​សារព័ត៌មាន VOD ហើយ​ថា សារព័ត៌មាន​ដែលមាន​ភាពសេរី និង​ឯករាជ្យ ដើរតួនាទី​សំខាន់​ចាំបាច់ នៅក្នុង​លទ្ធិប្រជាធិបតេយ្យ​ត្រឹមត្រូវ​មួយ ដោយ​ផ្តល់ឱ្យ​សាធារណជន និង​អ្នកសម្រេចចិត្ត ឱ្យដឹង​ការពិត ហើយ​ធ្វើឱ្យ​រដ្ឋាភិបាល​មានការ​ទទួលខុសត្រូវ​។

​ស្ថានទូត​អាមេរិក​បញ្ជាក់ថា​៖ «​អស់​រយៈពេល​ជាង​ ២០​ ឆ្នាំ​មកហើយ ដែល​សារព័ត៌មាន VOD បានធ្វើ​សេចក្តីរាយការណ៍​ដោយ​មិន​លម្អៀង ហើយ​ឈរលើ​ការពិត​លើ​បញ្ហា​ដែល​បម្រើ​ប្រយោជន៍​ប្រជាជន​កម្ពុជា​។ យើង​សូម​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ពិនិត្យមើល​ឡើងវិញ​នូវ​ការសម្រេច ចិត្ត​នេះ​»​។​

​បន្ថែម​ពីនេះ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា និង​ស្ថានទូត​បែលហ្ស៊ិក ឆែក ដា​ណឺ​ម៉ាក ហ្វាំ​ង​ឡង់ បារាំង អាល្លឺម៉ង់ អ៊ីតា​លី ហូ​ឡង់ អេ​ស្ប៉ា​ញ ស៊ុយអែត ប៉ូឡូញ និង​ព័រ​ទុយ​ហ្គា​ល់ ក៏បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ផងដែរ ចំពោះ​ការសម្រេចចិត្ត​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ដកហូត​អាជ្ញាប័ណ្ណ របស់​វិទ្យុ​វី​អូ​ឌី​ដែល​បន្ត​ដំណើរការ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ក្នុងប្រទេស​កម្ពុជា​។​

​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហោះ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី​​ ១៣ កុម្ភៈ​ថា​៖ «​ការសម្រេចចិត្ត​នេះ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេរីភាព និង​ពហុ​និយម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលមាន​សារៈសំខាន់​សម្រាប់​សង្គម​បើកចំហ និង​សេរី​ណាមួយ​។ ការទទួលបាន​ព័ត៌មាន និង​សេរីភាព​នៃ​ការបញ្ចេញមតិ គឺជា​គោលការណ៍​ជា​មូលដ្ឋាន​នៃ​សង្គម​ប្រជាធិបតេយ្យ​និង​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​។ សិទ្ធិ​ទាំងនេះ​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​រប​ស់​ប្រទេស​កម្ពុជា ហើយ​គួរតែ​ត្រូវបាន​ការពារ​យ៉ាង​ពេញលេញ​»​។​

​ប៉ុន្តែ​អ្នកនាំពាក្យ​បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា​៖ «​អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ មានការ​ខកចិត្ត​យ៉ាងខ្លាំង និង​សូម​ច្រានចោល​ទាំងស្រុង​នូវ​ការព្រួយបារម្ភ​នានា​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ មានការ​រើសអើង និង​មាន​ភាពលម្អៀង​របស់​ស្ថានទូត​បរទេស​មួយចំនួន ចំពោះ​ការដកហូត​អាជ្ញាប័ណ្ណ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ ១ ដែល​ទទួល​មូលនិធិ​ពី​បរទេស​»​។

​អ្នកនាំពាក្យ​បញ្ជាក់ថា ចំណាត់ការ​រដ្ឋបាល​ចំពោះ​អង្គភាព​ដែល​បំពាន​ច្បាប់ មិន​សម​នឹង​ទទួលបាន​ការព្រួយបារម្ភ​អ្វី​ទាំងអស់​។ អ្វីដែល​គួរឱ្យ​បារម្ភ​នោះ គឺ​ការផ្សាយ​ព័ត៌មាន​មិន​ពិត និង​ការ​បង្កាច់បង្ខូច​ដោយ​ចេតនា ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ខ្លឹមសារ និង​គោលការណ៍​នៃ​សិទ្ធិមនុស្ស និង​សេរីភាព​។

​អ្នកនាំពាក្យ​បាន​បន្តថា​៖ «​គួរឱ្យ​សោកស្ដាយ ការ​ថ្លែង​ដោយ​លម្អៀង​របស់​ស្ថាន​តំណាង​ទាំងនោះ បង្ហាញ​ពី​ការធ្វើ​មិនដឹងមិនឮ ចំពោះ​ការពិត​មិនអាច​ប្រកែក​បាន គឺ​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​នោះ បាន​បំពាន​វិជ្ជាជីវៈ​សារព័ត៌មាន​យ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​និង​កិត្យានុភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ព្រមទាំង​បាន​បដិសេធ​មិន​កែប្រែ​កំហុស អនុលោម​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​»​។​

​អ្នកនាំពាក្យ​លើកឡើងថា ការអះអាង​ថា​ជា «​សារព័ត៌មាន​សេរី និង​ឯករាជ្យ​» មិនមែនជា​អាជ្ញាប័ណ្ណ​ដើម្បី​បំពាន​ច្បាប់​ដោយ​និទ្ទណ្ឌភាព​ឡើយ​។ ឯករាជភាព​មិនអាច​កាត់ផ្តាច់​ចេញពី​ភារកិច្ច​ទទួលខុសត្រូវ​លើ​ការងារ និង ការទទួលស្គាល់​កំហុស​។ ការ​ថ្លែងថា សារព័ត៌មាន​នេះ ធ្វើ សេចក្ដីរាយការណ៍​ដោយ​ផ្អែកលើ​ការពិត គឺជា​ការអះអាង​ដោយ​គ្មាន​មូលដ្ឋាន និង​លម្អៀង​»​។

​នា​ថ្ងៃទី​ ១៣ ខែកុម្ភៈ នោះដែរ ស្ថាប័ន​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ​៩៣ ​ស្ថាប័ន បានចេញ​សេចក្តីថ្លែងការណ៍​រួម សម្ដែង​ការសោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​ការសម្រេច​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្នុង​ការលុបចោល​អាជ្ញាប័ណ្ណ​សារព័ត៌មាន​វី​អូ​ឌី ដោយ​ស្ថាប័ន​ទាំង ​៩៣ ​នោះ បាន​អះអាងថា «​វី​អូ​ឌី​គឺជា​សារព័ត៌មាន​ឯករាជ្យ​ចុងក្រោយ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​»​។​

​យ៉ាងណាក្តី​លោក ប៉ែន បូ​ណា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បាន​បង្ហោះ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី​ ១៤ ខែកុម្ភៈ​ថា​៖ «​អ្នកសារព័ត៌មាន​ត្រូវ​ស្វែងរក​ភាពច្បាស់លាស់​ឱ្យឃើញ​មុន​សរសេរ​សាច់រឿង​គឺ​មិនមែន​ចេញពី​ភាពច្បាស់លាស់​ទៅ​បង្កើត​ភាព​មន្ទិល​ទៅវិញ​ទេ​។ ដូច្នេះ សូមអ្នក​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​ទាំងឡាយ យល់​ឱ្យ​ច្បាស់​និង​សរសេរ​ឬ​អត្ថាធិប្បាយ​ឱ្យ​ត្រឹមត្រូវ​តាម​សាច់រឿង ហើយ​កុំ​បង្កើត​ភាព​មន្ទិល​ដើម្បី​កេងចំណេញ​នយោបាយ​»​។​

​លោក ប៉ែន បូ​ណា ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នា​ថ្ងៃទី​ ១៤ ខែកុម្ភៈ ថា វា​ជា​រឿង​មួយ​គួរឱ្យ «​ឆ្ងល់​មែនទែន​» ចំពោះ​ការ​លើកឡើងថា វី​អូ​ឌី​ជា​ស្ថាប័ន​ឯករាជ្យ​ចុងក្រោយ​មួយ​។ ស្ថាប័ន​សារព័ត៌​មាននៅ​ប្រទេស​កម្ពុ​ជាមាន​ចម្រុះ ដែល​រាប់មិនអស់​នោះទេ មាន​ទាំង​វិទ្យុ ទូរទស្សន៍ និង​សារព័ត៌មាន​អន​ឡាញ​។​

​លោក​ថ្លែងថា​៖ «​ហេតុ​អី​បានជា​ត្រូវ​និយាយថា មាន​សារព័ត៌មាន​តែមួយ​ហ្នឹង​ជា​តួអង្គ​ឯករាជ្យ​។ បងប្អូន​អ្នក​ស្តាប់​ប្រហែលជា​យល់ តើ​សព្វថ្ងៃ​ហ្នឹង​សារព័ត៌​មានអី​ខ្លះ ដែល​កំពុង​ផ្សាយ​នូវ​ជា​ភាសា​ខ្មែរ​ដែល​ប្រជាពលរដ្ឋ​បាន​ស្តាប់​ហ្នឹង​។ ដូច្នេះ​ជាការ​លើកឡើង​មួយ ដែល​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៅ​ប្រទេស​កម្ពុជា​ទាល់តែសោះ​។ ការលើកឡើង​នេះ​សុទ្ធ​តែមាន​របៀបវារៈ គំនិត​មួយ​ដែល​មិន​សុចរិត​។ ខ្ញុំ​គិតថា ជាការ​គួរឱ្យ​សោកស្តាយ​ដែល​សង្គម​ស៊ីវិល​យើង​បាន​លើក​បញ្ហា​នេះ​»​។​

​របាយការណ៍​ក្រសួង​ព័ត៌មាន​បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២២ គេហទំព័រ និង TV Online ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន​មាន​ចំនួន​ ៨៧៨ ​អង្គភាព កាសែត ​៤៤៦​ អង្គភាព (២៥ ​អង្គភាព​មាន​ចាងហ្វាង​ជា​ជន​បរ​ទស​)​ សមាគម​សារព័ត៌មាន​ ៥១​ អង្គភាព (១ ​អង្គភាព​មាន​សហប្រធាន​ជា​ជនបរទេស​) ទីភ្នាក់ងារសារព័ត៌មាន​បរទេស និង​ការិយាល័យ​ចំនួន​ ២៦ ​អង្គភាព​ស្ថានីយ​វិទ្យុ FM ៨៣ ​ស្ថានីយ​នៅ​ភ្នំពេញ និង​នៅតាម​ខេត្ត​ចំនួន ​១៣៧​ ស្ថានីយ និង​វិទ្យុ AM​ ចំនួន ​១ ​ស្ថានីយ​នៅ​ភ្នំពេញ​។​

​របាយការណ៍​ឱ្យដឹងថា ទូរទស្សន៍​អាណា​ឡូ​ក ១៩​ ស្ថានីយ ទូរទស្សន៍​ឌីជីថល​ ៨ ​ស្ថានីយ ទូរទស្សន៍​ខ្សែកាប​នៅ​ភ្នំពេញ​ ២ ​ស្ថានីយ និង​នៅតាម​ខេត្ត​ ២១០​ ស្ថានីយ​ប្រព័ន្ធ OTT ៧ ស្ថានីយ និង​ទូរទស្សន៍ Satellite (Decho DTV, SkyOne DTV) ២​ ស្ថានីយ​៕​

អត្ថបទគួរចាប់អារម្មណ៍