ភ្នំពេញៈ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នឹង​ដាក់ឱ្យអនុវត្ត​សាកល្បង គម្រោង SPIN នៃ ប​.​ស​.​ស​. សម្រាប់​អ្នកបម្រើ​ក្នុងផ្ទះ និង​អ្នកបើក​ម៉ូតូ​រ៉ឺម៉ក ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ បន្ទាប់ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល ប​.​ស​.​ស​. ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​ ២១ ខែកុម្ភៈ​ឆ្នាំ​ ២០២៣​ នេះ​។​

​លោក ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករង​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) បាន​ថ្លែងថា ការពន្យារពេល​ដាក់ឱ្យអនុវត្ត​សាកល្បង គម្រោង SPIN នេះ ដោយ​សារភាព​មមាញឹក​របស់​មន្ត្រី ប​សស នៅក្នុង​ការ​រើ​ទៅកាន់​អគារ​ថ្មី និង​ការលើក​ពេល​ប្រជុំ​ក្រុមប្រឹក្សាភិបាល ដោយសារ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែលជា​ប្រធាន បាន​លើក​ពេល​ប្រជុំ​ចំនួន ​៣ លើក​មកហើយ​។

​លោក ហេង សុផាន់​ណា​រិ​ទ្ធ បាន​អះអាងថា​៖ «​ពាក់ព័ន្ធ​គម្រោង SPIN ដែល​នឹង​ដាក់ឱ្យអនុវត្ត​នៅពេល​ឆាប់ៗ ក្រោយ​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​ ២១ ខែកុម្ភៈ​ខាងមុខនេះ​»​។​

​បើតាម​លោក សុផាន់​ណា​រិ​ទ្ធ គម្រោង​សាកល្បង (Pilot Scheme)​ នេះ ប​.​ស​.​ស​. មាន​ហេតុផល​មួយ គឺ​ត្រូវតែមាន​ការសម្រេច​ពី​ក្រុមប្រឹក្សាភិបាល​របស់ ប​.​ស​.​ស ដោយ​មិនមាន​ការសម្រេច​ត្រឹម​អគ្គនាយក​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​នោះទេ ដោយសារ​វា​ជាប់ទាក់ទង​នឹង​មូលនិធិ​។

​លោក បាន​បន្ថែមថា​៖ «​បើសិន​យើង​ដើរ Pilot Scheme ស្រាប់តែ​ដើរៗ​ទៅ​អស់​មូលនិធិ សួរថា​តើ​អ្នកណា​ទទួលខុសត្រូវ​។ អ៊ីចឹង​ត្រង់ចំណុច​នេះហើយ យើង​ត្រូវតែ​មានការ សម្រេច​ពី​ក្រុមប្រឹក្សាភិបាល​របស់ ប​.​ស​.​ស​.»​។

​លោក ឈៀង ស៊ី​ណាត តំណាង​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) បានលើកឡើង​នៅក្នុង​វគ្គ​សំណួរចម្លើយ​ក្នុង​ព្រឹត្តិការណ៍​គាំពារ​សង្គម​ថា សមាគម​របស់លោក​បាន​ស្នើឱ្យ​ស្ថាប័ន​មូលនិធិ​របប​សន្តិសុខ​សង្គម​ព​ន្លឿ​ន​ការចុះបញ្ជី​សមាជិក​របស់ខ្លួន​ទៅក្នុង​បញ្ជី ដើម្បី​ខ្លួន​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី ប​.​ស​.​ស​.​។

​លោក ឈៀង ស៊ី​ណាត បាន​និយាយថា​៖ «​កន្លងមក​សមាគម IDEA បាន​ចុះបញ្ជី​ទៅ ប​.​ស​.​ស​. រយៈពេល​ ២​ ខែ​ហើយ​។ អ៊ីចឹង​ខ្ញុំ​សូម​ស្នើ សូមមេត្តា​ជួយ​ព​ន្លឿ​ន នីតិវិធី​យ៉ាងណា​ដើម្បីឱ្យ​ពួកគាត់​ទទួលបាន​បណ្ណ​ប​.​ស​.​ស ដើម្បី​យកមកប្រើ​ប្រាស់ ព្រោះ​នៅក្នុង​សមាជិក​របស់​សមាគម​ដែល​បាន​ចុះបញ្ជី​កន្លងមក នៅក្នុង​នោះ មាន​មួយចំនួន​កំពុងមាន​ជំងឺ អ៊ីចឹង​គាត់​រង់ចាំ​ដើម្បី​បានទទួល​បាន​បណ្ណ ប​.​ស​.​ស យកមក​ព្យាបាល​ជំងឺ​»​។

​លោក ឈៀង ស៊ី​ណាត បន្ថែមថា​៖ «​បើសិនជា​រយៈពេល​ជាង​២​ខែ​ទៅហើយ ពួកគាត់​មិនទាន់​ទទួលបាន​បណ្ណ ជំងឺ​របស់គាត់​គឺ​កាន់តែ​ធ្ងន់ អ៊ីចឹង​ខ្ញុំ​សូម​ឯកឧត្តម​មេត្តាជួយ​ព​ន្លឿ​ន​»​។

​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​អះអាងថា រហូតមកដល់​បច្ចុប្បន្ន​នេះ សមាគម IDEA មាន​សមាជិក​ចំនួន ១៧ ០០០ ​នាក់ ដែល​ពួកគេ​ពិតជា​ចង់បាន​ការបញ្ចូល​ពួកគេ​ទៅក្នុង​សមាជិក​របស់ ប​.​ស​.​ស​. ដើម្បី​ទទួល​អត្ថប្រយោជន៍​ផ្នែក​គាំពារ​សុខភាព​។

​លោក​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ បាន​និយាយថា​៖ «​ខ្ញុំ​ចង់​ដាក់​សមាជិក​ទាំងអស់​ចូលក្នុង ប​.​ស​.​ស​. ប៉ុន្តែ​សំខាន់​ដំណើរការ​របស់ ប​.​ស​. ស​. មាន​ភាពយឺតយ៉ាវ​។ បណ្ណ ប​.​ស​.​ស​. នេះ​មាន​សារៈសំខាន់​ណាស់ ព្រោះ​ពួកគេ​អាច​ទៅ​ព្យាបាល​ថែទាំ​សុខភាព​នៅតាម​មន្ទីរពេទ្យ​បាន​»​។

​លោក​ថា​៖ «​ខ្ញុំ​គិតថា បើ​គាត់​មាន​បណ្ណ ប​.​ស​.​ស​. វា​ជា​មូលដ្ឋានគ្រឹះ​នៃ​ការគោរព​សិទ្ធិ​របស់គាត់​ទាក់ទិន​នឹង​សិទ្ធិ​រស់រានមានជីវិត ហើយ​វា​ជា​ភាពថ្លៃថ្នូរ​នៃ​មនុស្សជាតិ​ដែល​រស់នៅ​ក្នុងសង្គម ដូច​យើង​រស់នៅ​ក្នុងប្រទេស​អភិវឌ្ឍន៍​ជឿនលឿន​ផងដែរ​»​។

​លោក អិ​ុ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចារ​ឯកភាព​លើ​ការដាក់ឱ្យ​ដំណើរការ​សាកល្បង​នូវ​គម្រោង​ខាងលើ​។ យោងតាម​បេឡា​ជាតិ​សន្តិសុខ​សង្គម​ដែល​ចេញផ្សាយ​កាលពី​ខែសីហា ឆ្នាំ​ ២០២២៕