
លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ថ្លែងកាលពីថ្ងៃម្សិលមិញ។ ហេង ជីវ័ន
កំពង់ធំៈ រដ្ឋបាលខេត្តកំពង់ធំបានកែសម្រួលព្រំប្រទល់ដីតំបន់ ២ ពីតំបន់ ១ នៅតំបន់ជុំវិញបឹងទន្លេសាបជូនប្រជាពលរដ្ឋបាន ១០ ៨០៣ គ្រួសារ ដែលមានផ្ទៃដី ១៧ ៣៣៩ ហិកតា និងបានសម្រួលព្រំប្រទល់តំបន់ ៣ ដែលជាតំបន់ហាមឃាត់ដាច់ខាតមកតំបន់២ជូនពលរដ្ឋបានចំនួន ៨ ៦៦១ គ្រួសារ ស្មើនឹងផ្ទៃដី ៣៤ ១៥៩ ហិកតា។
នេះជាកាអនុវត្តតាមបទបញ្ជា របស់រាជរដ្ឋាភិបាលក្នុងឆ្នាំ ២០២១-២០២២ ទាក់ទងនឹងគោលនយោយបាយដីធ្លីសម្រាប់ពលរដ្ឋអាស្រ័យផលក្នុងតំបន់ជុំវិញបឹងទន្លេសាប ដែលបានដាក់ចេញកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ និងបទបញ្ជាថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២។
នេះជាការថ្លែងរបស់លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល ៥ ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តកំពង់ធំ» ដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី ១៤ ខែកម្ភៈ។
លោកបញ្ជាក់ថា គោលនយោបាយដីធ្លីនេះបានផ្តល់សិទ្ធិបន្ថែម ជូនប្រជាពលរដ្ឋ។ ផ្តល់សិទ្ធិបន្ថែមមានន័យថា ពីតំបន់ ២ មកតំបន់ ១ នេះ ពីមុនប្រជាពលរដ្ឋមានសិទ្ធិតែអាស្រ័យផលប៉ុណ្ណោះ ប៉ុន្តែពេលនេះប្រជាពលរដ្ឋមានសិទ្ធិធ្វើជាម្ចាស់កម្មសិទ្ធិថែមទៀត។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋសប្បាយចិត្ត និងគោលនយោយបាយនេះណាស់ ព្រោះគោលនយោយបានេះបានផ្តល់នូវសុត្ថិភាពនៃការកាន់កាប់ដីធ្លីរបស់គាត់ ដែលកន្លងទៅ មានការប្រឈមជាមួយនឹងច្បាប់ដោយសារលោកទៅរុករានដើម្បីយកផ្ទៃដីបង្កបង្កើនផលដែលច្បាប់មិនបានអនុញ្ញាត»។
លោក ងួន រតនៈ ឱ្យដឹងទៀតថា ក្រៅពីនេះរដ្ឋបាលខេត្តកំពង់ធំ បានសម្រួលព្រំប្រទល់ដីតំបន់ ៣ ដែលជាតំបន់ហាមឃាត់ដាច់ខាត មកតំបន់ ២ ជូនពលរដ្ឋបានចំនួន ៨ ៦៦១ គ្រួសារ ស្មើនឹងផ្ទៃដី ៣៤ ១៥៩ ហិកតាផងដែរ។
លោកគូសបញ្ជាក់ថា ការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលទាំង ២ ដែលមានទាំងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ និងបទបញ្ជាថ្ងៃទី ២៧ ឧសភា ឆ្នាំ ២០២២ ជារួមមកដល់ពេលនេះឃុំ ភូមិដែលពាក់ព័ន្ធជុំវិញបឹងទន្លេសាបបានបញ្ចប់ការកាត់ឆ្វៀលទាំងស្រុង លើកលែងឃុំចំនួន ២ ដែលនៅកណ្តាលទន្លេសាប គឺឃុំពាមបាង នៃស្រុកស្ទោង និងឃុំផាត់សណ្តាយ នៃស្រុកកំពង់ស្វាយ។
ឃុំទាំង ២ នេះមានតំបន់រដ្ឋបាលត្រឹមត្រូវ ហើយប្រជាពលរដ្ឋរស់នៅទីនោះជាងរយឆ្នាំមកហើយ មានទាំងវត្តអារាម សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ជាដើម។ យ៉ាងណាចំពោះឃុំទាំង ២ នេះ រដ្ឋបាលខេត្តបានចុះទៅទីតាំងផ្ទាល់ដើម្បីសិក្សាលទ្ធភាពដើម្បីធ្វើការងារកាត់ឆ្វៀល។ លោកបញ្ជាក់ថា ចំពោះការកាត់ឆ្វៀលនេះ គឺកាត់កាន់តែតូចកាន់តែល្អសម្រាប់ការអភិរក្សធនធានធម្មជាតិ។
លោកអភិបាលខេត្តលើកឡើងថា ក្រៅ ពីបទបញ្ជាទាំង ២ ខាងលើនេះ រដ្ឋបាលខេត្តក៏បានទទួលបទបញ្ជា ១ ផ្សេងទៀត នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២០ ទាក់ទងនឹងការពិនិត្យឡើងវិញនូវការអាស្រ័យផលរបស់ប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់គ្របព្រៃឈើឆ្នាំ ២០០២ និងដែនការពារគម្របបរិស្ថានផ្សេងៗ។ លោកបានបញ្ជាក់ថា កន្លងមករដ្ឋាភិបាលបានផ្តល់គោលនយោបាយម្តងរួចមកហើយតាមបទបញ្ជា ០១ កាលពីឆ្នាំ ២០១២ ដែលបានផ្តល់សិទ្ធិរហូតចេញបណ្ណកម្មសិទ្ធិ ប៉ុន្តែមិនទាន់បានចប់សព្វគ្រប់ដោយសារទំហំអាស្រ័យផលធំធេង ទើបបន្តអនុវត្តជំហាន ២។
លោកថ្លែងថា៖ «ជំហាន២នេះ គឺជាមួយនឹងបទបញ្ជាថ្ងៃទី ៣ ខែកក្កដា គឺរដ្ឋបាលខេត្តរៀបចំឯកសារស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលបន្ថែមទៀត ពាក់ព័ន្ធតំបន់គម្របព្រៃឈើរហូតទៅដល់ ១៦១ ៤៣៩ ហិកតាដែលមានពលរដ្ឋ ៤៦ ៥៣៣ គ្រួសារ ដោយឡែកគម្របបរិស្ថាន គឺមានផ្ទៃដីរហូតដល់ ៦២ ៨៨៣ ហិកតា ស្មើនឹង ១៥ ៧២៩ គ្រួសារ»។
បន្ថែមពីនេះ អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា រដ្ឋបាលខេត្តបានចងក្រងក្បាលដីដើម្បីចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងរយៈពេលកន្លងមករហូតមកដល់បច្ចុប្បន្ននេះ បានចំនួន ៨១ ០០០ ក្បាលដី និងបានផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបាន ៦៥ ០០០ ក្បាលដី។
លោកថ្លែងថា៖ «ចំពោះមុខនេះយើងកំពុងបន្តទាក់ទងនឹងការប្រកាសតំបន់បន្ថែមទៀតដើម្បីជំរុញការចុះបញ្ជីដីឱ្យឆ្លើយតបនឹងផែនការមេរបស់រាជរដ្ឋាភិបាលឱ្យបាន ៧ លានក្បាលដីសម្រាប់ដំណាច់ឆ្នាំនេះ»។
លោក ញឹម សារ៉ាត់ អ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តកំពង់ធំ បានឱ្យដឹងនៅថ្ងៃទី ១៤ ខែកុម្ភៈថា បញ្ហាទំនាស់ដីធ្លីក្នុងខេត្តកំពង់ធំ ក្នុងរយៈពេលចុងក្រោយនេះហាក់មានសភាពស្ងប់ស្ងាត់ មិនមានករណីថ្មីៗកើតឡើងឡើយ ជាពិសេសក្នុងខែមករាដើមឆ្នាំ ២០២៣ នេះតែម្តង។ ដោយឡែកចំពោះការពិនិត្យលទ្ធភាពក្នុងការកាត់ឆ្វៀលដីតំបន់ ៣ ក្នុងតំបន់បឹងទន្លេសាបរបស់រដ្ឋបាលខេត្តកំពង់ធំ ដែលនៅសេសសល់នោះ លោកនឹងបន្តឃ្លាំមើលបន្ថែមទៀត៕