ភ្នំពេញៈ​ រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​លោក​ អ៊ិត ​សំហេង ​ជំរុញ​ដល់​មន្ត្រី​អធិការ​កិច្ច​ការងារ និង​មន្ត្រី​ផ្សះ​ផ្សា​វិវាទ​ការ​ងារ ​ខិតខំ​ដោះ​ស្រាយ​រាល់​បាតុ​ភាព​ដែល​នឹង​កើត​មាន​ឡើង​នៅ​តាម​រោង​ចក្រ​សហ​គ្រាស​ប្រកប​ដោយ​ប្រសិទ្ធ​ភាព សំដៅ​ធានា​ឱ្យ​បាន​នូវ​អត្ថ​ប្រយោ​ជន៍​របស់​កម្ម​ករ​និយោ​ជិត​។​

​ការ​ជំរុញ​នេះ​ធ្វើ​ឡើង​នៅក្នុង​ពិធី​បើក​សិក្ខា​សាលា ​ស្តីពី “​គោល​ការណ៍​ណែ​នាំ​អំពី​ដែន​កំណត់​នៃ​ការដោះ​ស្រាយ​វិវាទ​ការ​ងារ​រួម​នៅ​ថ្ងៃទី​១៥ ​ខែ​កុម្ភៈ ឆ្នាំ​២០២៣ ​នៅ​ទីស្តី​ការ​ក្រសួង​ការងារ​។ សិក្ខា​សា​លា​នេះ​រៀបចំ​ឡើង​ដើម្បី​កសាង​សមត្ថ​ភាព​មន្ត្រី​អធិការ​កិច្ច​ការងារ​និង​មន្ត្រី​ផ្សះ​ផ្សា​វិវាទ​ការងារ​ដើម្បី​ត្រៀម​បង្ការ​ ទប់​ស្កាត់​ និង​ដោះ​ស្រាយ​រាល់​បាតុ​ភាព​ដែល​អាច​នឹង​កើត​មាន​ឡើង​នៅ​តាម​សហ​គ្រាស ​គ្រឹះ​ស្ថាន​នានា​ឱ្យ​បាន​ទាន់​ពេល​និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព សំដៅ​ធានា​បាន​នូវ​អត្ថ​ប្រយោ​ជន៍​របស់​កម្ម​ករ​និយោ​ជិត និង​រក្សា​បាន​​នូវស្ថិ​រភាព​អាជីវ​កម្ម​។

​លោក អ៊ិត ​សំហេង​ បាន​បញ្ជាក់​ថា ​បេសក​កម្ម​របស់​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ត្រូវ​ធានា​ឱ្យ​បាន​នូវ​អនុ​លោម​ភាព​ការ​ងារ ​និង​អត្ថ​ប្រយោជ​ន៍រ​បស់​កម្មក​រនិយោជិត​ក៏ដូចជា​​ផ្តល់​បរិយា​កាស​ការងារ​និង​វិនិ​យោគ​ប្រកប​ដោយ​ចីរភាព​និង​ភាព​ធន់ ​ដើម្បី​បន្ត​ទាក់​ទាញ​ការ​វិនិយោគ​ និង​ការបញ្ជា​ទិញ​ពី​អន្តរ​ជា​តិ ព្រម​ទាំង​រក្សា​បាន​កេរ្តិ៍​ឈ្មោះ​ជា​ប្រទេស​ផលិត​ផលិត​ផល​ស្អាត​ស្អំ ដែ​ល​មិន​មាន​ការរំ​លោភ​បំពាន​សិទ្ធិ​និង​លក្ខខ​ណ្ឌ​ការ​ងារ​។

​លោក​ថ្លែង​ថា​៖«​ខណៈ​ពេល​ដែល​បញ្ជា​ការ​ឯកភា​ព​ក្រុមអ​ធិការ​កិច្ច​ការងារ​សម្រេច​បាន​នូវ​លទ្ធ​ផល​ការងារ​ជា​ច្រើន ឃើញ​ថា​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ចាំ​បាច់​​ត្រូវតែ​យក​ចិត្ត​ទុកដាក់​ និង​ដោះស្រា​យ​ឱ្យបាន​ល្អ​ប្រសើរ ​ជាពិ​សេសការ​កំណត់​អំពី​ដែន​សមត្ថ​កិច្ច​ក្នុង​ការ​ដោះស្រា​យ​វិវាទ​ការ​ងារ​រួម​ កូដ​កម្ម ​បាតុ​កម្ម ដែល​កើត​ឡើង​តាម​សហ​គ្រាស ​គ្រឹះស្ថាន​នៅ​តាម​បណ្តា​ខេត្ត ​ក៏ដូច​ជា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដែល​ជា​ទីប្រជុំ​ជន​»​។

​លោក​បន្ថែម​ថា ផ្អែក​លើ​បទ​ពិសោធន៍​ការងារ​​កន្លង​មក​ ស្ថាន​ភាព​នៃ​ទំនាក់​ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​តែង​តែ​ត្រូវបាន​ធ្វើ​ឱ្យ​មាន​ភាព​ចម្រូង​ចម្រាស​ ដែល​មួយ​ចំនួន​អាច​នាំទៅ​ដល់​ការ​បម្រើឱ្យ​បដិ​វត្តន៍​ពណ៌ ​ជាពិ​សេស​នៅ​ពេល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ខិត​ជិត​មក​ដល់​។

​លោក​ថា​៖«​ជា​ទូទៅ​យើង​តែង​សង្កេត​ឃើញ​ថា​មាន​ការ​កើន​ឡើង​នូវ​វិវាទ​ការ​ងារ​រួមកូដក​ម្ម និង​បាតុ​កម្ម ដែល​មាន​ភាព​ស្មុគ​ស្មាញ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ចប់​ដោយ​សន្តិ​វិធី បើ​ទោះបី​ជាក្រ​សួង​បាន​ប្រឹង​ប្រែង​ដោះ​ស្រាយ​យ៉ាង​ណាក៏​ដោយ​។​ជាក់​ស្តែង​ កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រនីតិ​​កាលពី​៧ នៃ​រដ្ឋ​សភា ​ក៏​កាន់​តែ​ខិត​ជិត​មក​ដល់​ផង​ដែរ ​ដែល​ក្នុង​នោះ ​ចលនា​ផ្សេងៗ​ក្នុង​ចេតនា​ទុច្ចរិត​បង្ក​អស្ថិរ​ភាព​ក្នុង​សង្គម​កម្ពុជា​»​។

​ប្រធាន​សម្ព័ន្ធ​សហ​ជីព​ចលនា​កម្មករ​លោក​ ប៉ាវ ស៊ី​ណា ​បាន​ថ្លែង​ថា ​ការ​ជំរុញ​នេះ​ជា​រឿង​ល្អ ​ប៉ុន្តែ​លោក​ចង់​ឃើញ​ការ​ដោះ​ស្រាយ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​និង​តម្លា​ភាព​ជូន​ដល់​កម្មក​រនិយោ​ជិត ​ខណៈ​ថៅកែ​រោង​ចក្រ​មួយ​ចំនួន​មិន​គោរព​តាម​ច្បាប់​ស្តីពី​ការងារ​។

លោក​ថា​៖«​ការ​ដោះស្រា​យ​វិវាទ​ការងារ​ជា​រឿង​មួយ​តែអ្វី​ដែល​សំខាន់​មួយ​ទៀត​យើង​ចង់​ឃើញ​​ការ​គោរព​សិទ្ធិ​សេរី​ភាព​សហ​ជីព​ព្រោះ​រាល់​ថ្ងៃ​នេះ​ឃើញ​មានការ​រើស​អើង​ធ្ងន់ធ្ងរ​ស​ហជីព​នៅ​តាម​បណ្តាល​រោង​ចក្រ សហ​គ្រាសនៅ​ពេល​កម្មករ​គាត់​ប្រើ​សិទ្ធិ​ក្នុង​ការ​បង្កើត​សហ​ជីព​»​។

លោក​បាន​បន្ដ​ថា តាម​ការ​សង្កេត​ឃើញ​ថា ករណី​កូដកម្ម​ដែល​កើតឡើ​ង​ចុង​ក្រោយ​​នេះ​ក្រោម​ហេតុផ​ល​២​យ៉ាង​គឺ​រោង​ចក្រ​ព្យួរ​ការងា​រ និង​រោង​ចក្រ​បិទ​ទ្វារ​ដោយ​ថៅកែ​មិន​បាន​ដោះ​ស្រាយ​សំណង​តាម​ផ្លូវ​ច្បាប់ ​ដោយ​លោក​ជំរុញ​ដល់​មន្ត្រី​ពាក់ព័​ន្ធ​ដោះ​ស្រាយ​ជូន​កម្មក​រនិយោ​ជិត​ដើម្បី​ផ្តល់​អត្ថ​​ប្រយោ​ជន៍​ជូន​ពួក​គាត់​។​

​ក្នុង​ឱ​កាសសិក្ខា​សាលា​នោះ​លោក​ អ៊ិត សំហេង ក៏​បាន​ណែនាំ​និង​ផ្តល់​ជា​អនុ​សាសន៍​ដល់​មន្ត្រី​ដឹក​នាំ​ដោះ​ស្រាយ​បញ្ហា​ទាំងនេះ​ដោយ​ត្រូវ​អនុវត្ត​តាម​គោល​ការណ៍​ណែ​នាំ​ស្តីពីនី​តិវិធី​នៃ​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​ឱ្យ​បាន​ត្រឹមត្រូវ​ប្រក​បដោយ​ប្រសិទ្ធ​ភាព ប្រ​សិទ្ធ​ផល និង​ការ​ទទួល​ខុស​ត្រូវ​។

លោក​ណែ​នាំ​ថា​៖«​ត្រូវ​បន្ត​ដោះស្រា​យ​វិវាទ​ការ​ងារ​តាម​នីតិ​វិធី​ដោយ​ឈរលើ​មូល​ដ្ឋាន​ច្បាប់ ​ភាព​ស្មោះត្រង់ តម្លាភា​ព មិន​លម្អៀង​ប្រកប​ដោយ​វិជ្ជាជីវៈ​​ត្រូ​វអនុវត្ត​ឱ្យបាន​តឹង​រ៉ឺង​និង​ម៉ឺង​ម៉ាត់​នូវ​រាល់​ច្បាប់ ​និង​បទ​ប្បញ្ញត្តិ​ពាក់​ព័ន្ធ​ប្រកប​ដោយ​យុទ្ធ​សាស្ត្រ​»៕