ភ្នំពេញៈ​ កម្ពុជា​-​ជប៉ុន ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ ១​ ក្នុង​ទំនាក់ទំនង​កម្រិត​កង​ទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ ២ និង​ជាការ​បោះជំហាន​ប្រកបដោយ​សក្តានុពល​ដើម្បី​ជំរុញ​សកម្មភាព កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ឱ្យមាន​លក្ខណៈ សកម្ម​រស់​រវើក​ក្នុង​វិស័យ​សំខាន់ៗ​រួមមាន​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​នាយទាហាន​គ្រប់​កម្រិត ការហ្វឹកហ្វឺន ការភ្ជាប់​ទំនាក់ទំនង​រវាង​អង្គភាព និង​អង្គភាព និង លំ​ហាត់​រួម​ជាដើម​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​បញ្ជាការដ្ឋានកងទ័ព​ជើងគោក​។

​ សេចក្តីប្រកាស​ព័ត៌មាន​របស់​បញ្ជាការដ្ឋានកងទ័ព​ជើងគោក​ថ្ងៃទី​១៥ ខែកុម្ភៈ​នេះ​បានឱ្យដឹងថា បន្ទាប់ពី​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​លោក Yoshida Yoshihide មេបញ្ជាការ​កង​ស្វ័យការពារ​ជើងគោក​ជប៉ុន នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ​នេះ លោក​ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​ចុះហត្ថលេខា​លើ​លក្ខខណ្ឌ ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ជាមួយនឹង​កង​ស្វ័យការពារ​ជើងគោក​ជប៉ុន នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​។​

​ ប្រភព​បញ្ជាក់ថា​៖«​នេះ​ជា​ជំហាន​ប្រកបដោយ​សក្តានុពល​ដើម្បី​ជំរុញ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ឱ្យមាន​លក្ខណៈ សកម្ម​រស់​រវើក ក្នុង​វិស័យ​សំខាន់ៗ​មួយចំនួន​ដូចជា ការផ្លាស់ប្តូរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​នាយទាហាន​គ្រប់​កម្រិត ការហ្វឹកហ្វឺន និង​លំ​ហាត់​រួមការ​ភ្ជាប់​ទំនាក់ទំនង​រវាង​អង្គភាព និង​អង្គភាព ការផ្លាស់ប្តូរ​ព័ត៌មាន ព្រមទាំង​ជំនួយ​សម្ភារ​-​បរិក្ខារ​យោធា និង​បច្ចេកវិទ្យា​ជាដើម​»​។​

​សេចក្ដីប្រកាស​ព័ត៌មាន​ដដែលបានឱ្យដឹងថា ការចុះហត្ថលេខា​លើ​ឯកសារ «​លក្ខខណ្ឌ​ស្តីពី កិច្ចសហប្រតិបត្តិការ​រវាង កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ និង​កង​ស្វ័យការពារ​ជើងគោក​ជប៉ុន​» របស់​សម​ភាគី​ទាំង​២​នេះ ធ្វើឡើង​ស្របពេល​មាន​ការ​ប្រារព្ធ​ខួប​អនុស្សាវ​រី​យ៍​លើក​ទី​៧០ នៃ​ការបង្កើតចំណង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជប៉ុន នៅក្នុង​ឆ្នាំ​២០២៣​នេះ ហើយ​ការចុះហត្ថលេខា​នេះ​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង​មាន​កម្រិត​ខ្ពស់​ឡើង​។

​ ក្នុងជំនួប​សម​ភាគី​ទាំង​២​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដែលសម្រេចបាន ក្នុង​រយៈពេល ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជាពិសេស​ការរក្សាបាន​នូវ​ការប្រាស្រ័យ​ទាក់ទង​ជាប់​ជាប្រចាំ ដូចដែល​ស្ដែង ឡើង​តាមរយៈ ការផ្លាស់ប្តូរ ទស្សនកិច្ច​ថ្នាក់ដឹកនាំ​យោធា​ជាន់ខ្ពស់​ជា​ញឹកញាប់ ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុងប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​២​។

​សេចក្តីប្រកាស​ព័ត៌មាន​នៃ​កងទ័ពជើងគោក​កម្ពុជា​បានឱ្យដឹង​ទៀតថា សម្រាប់​ពេល​បន្ត​ទៅមុខ សម​ភាគី​ទាំង​២​ក៏បាន​ពិភាក្សា​អំពី​គោល​គំនិត និង​យន្តការ​ក្នុងការ​អនុវត្ត ទិសដៅ​សហប្រតិបត្តិការ​នានា ជាពិសេស​លើ​ការងារ​ពង្រឹងសមត្ថភាព​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ក្នុងការ​បោសសម្អាត​មីន​មនុស្សធម៌ និង ប្រតិបត្តិ​ការសង្គ្រោះ​គ្រោះមហន្តរាយ សំដៅ​រួមចំណែក​ពូន​ជ្រំ និង​ជំរុញ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ កម្ពុជា​-​ជប៉ុន ដែល​ទើប​ត្រូវបាន​ដំឡើង​កាលពីពេល​ថ្មីៗ​នេះ និង ដែល​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ឆ្នាំ​២០២៣ តទៅ​។

​លោក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​ថ្លែងអំណរគុណ​ចំពោះ​ការរួមចំណែក របស់​រាជរដ្ឋាភិបាល កងទ័ព​និង​ប្រជាជន​ជប៉ុន​នៅក្នុង​ដំណាក់​កាលដែល​ក​ម្ពុ​ជា​បាន​ជួបប្រទះ​នូវ​ការលំបាក រួមមាន​ទាំង​ការចូលរួម​ក្នុង​ដំណើរ​ការចរចា​ស្វែងរក​សន្តិភាព ក៏ដូចជា​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​របស់​កម្ពុជា ឱ្យមាន​ការរីកចម្រើន​ឡើងវិញ​។ មួយវិញទៀត មេបញ្ជាការ​កងទ័ព ជើងគោក​កម្ពុជា ក៏បាន​គូសបញ្ជាក់​អំពី ការគាំទ្រ​តួនាទី​ដ៏​មាន​សារៈសំខាន់​របស់​ប្រទេស ជប៉ុន​នៅក្នុង​ការថែរក្សា​សន្តិភាព និងជំរុញ​ការអភិវឌ្ឍ​នៅក្នុង​តំបន់​។

​ លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹង​នៅ​ថ្ងៃទី១៥ ខែកុម្ភៈ​ថា តួនាទី​របស់​ជប៉ុន​កាន់​តែមាន​សារៈសំខាន់​នៅក្នុង​តំបន់​និង​ពិភពលោក​ជាពិសេស​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ការផ្លាស់ប្តូរ​អាកាសធាតុ​ជាដើម​។ ហេតុនេះ​ប្រទេស​កម្ពុជា​ដែលមាន​កិច្ចសហការ​ស៊ីជម្រៅ​ជាមួយ​ប្រទេស​ជប៉ុន​លើ​វិស័យ​សន្តិសុខ​ការពារជាតិ​នេះ​គឺជា​រឿង​១​ដ៏​ល្អ។ មួយវិញទៀត​ក៏​បង្ហាញ​ពី​ភាព​ចម្រុះ​នៃ​កិច្ចសហការ​លើ​វិស័យ​ការពារជាតិ​ជាមួយ​ប្រទេស​ផ្សេងៗ​ផងដែរ​។

​លោក​ថ្លែងថា​៖«​កន្លងមក​គេ​ហាក់ដូចជា​ផ្តោត​ការចាប់អារម្មណ៍​ថា​ កម្ពុជា​យើង​មាន​កិច្ចសហការ​ស៊ីជម្រៅ​លើ​វិស័យ​ផ្សេងៗ​ទាំងអស់​តែ​ជាមួយ​ចិន តែ​មែនទែន​កម្ពុជា​មានការ​ប្តេជ្ញាចិត្ត​សុច្ឆន្ទៈ និង​បើកចំហ​សម្រាប់​កិច្ចសហការ​លើ​គ្រប់​វិស័យ​ជាមួយ​ប្រទេស​នានា​ទាំង​ក្នុង​តំបន់​និង​ពិភពលោក​»​។

​លោក​ គិ​ន ភា​ បញ្ជាក់ថា យ៉ាងណាក៏ដោយ​ទំនាក់ទំនង​អន្តរ​រដ្ឋ​គឺ​ចំណុះ​ទៅលើ​ចរន្ត​ទ្វេ​ទិស បើ​កម្ពុ​ជាមាន​សុច្ឆន្ទៈ ហើយ​ភាគី​ម្ខាង​ទៀត​គ្មាន​សុច្ឆន្ទៈ​នោះ​ក៏​មិន​អាចធ្វើ​ផ្លែផ្កា​នៃ​ទំនាក់ទំនង​នៃ​កិច្ចសហការ​រវាង​ប្រទេស​ទាំង​២​បានដែរ​៕