ភ្នំពេញៈ អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ (TVET) បាន​អះអាងថា គិត​ត្រឹម​ពាក់កណ្តាល​ខែកុម្ភៈ​នេះ មានការ​ចុះឈ្មោះ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​ទូ​ទាំង​ប្រទេស​ប្រមាណ ២ ម៉ឺន​នាក់ ខណៈ​គោលដៅ​ក្នុង​ឆ្នាំ ២០២៣ នេះ នឹង​ផ្តល់​ការបណ្តុះបណ្តាល​ក្នុង​រង្វង់ ៦ ម៉ឺន​នាក់។

លោក ថង សាម៉ុន អគ្គនាយករង​ នៃ​អគ្គនាយដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៥ កុម្ភៈ​ថា ចាប់ពីឆ្នាំសិក្សាថ្មី រហូតមកដល់​បច្ចុប្បន្ននេះ ក្រសួង​ការងារ បានរៀបចំ​សេចក្តីជូនដំណឹង និង​ការផ្សព្វផ្សាយ​ជាច្រើន ទាំង​មុនពេល​សិស្ស និស្សិត បានបញ្ចប់​ការសិក្សា កាល​​​ពី​ឆ្នាំមុន ទៅតាម​គ្រប់​រាជធានី​ ខេត្ត ដើម្បីឱ្យ​ពួកគេដាក់​ស្នើសុំ​អាហារូបករណ៍។

លោកបញ្ជាក់ថា៖«តាម​ផែនការ​ឆ្នាំ ២០២៣ នេះ TVET គ្រោង​នឹង​បណ្តុះបណ្តាល​ដល់​សិស្ស និស្សិត និង​យុវជន​នូវ​ជំនាញ​បច្ចេកទេស​ក្នុង​រង្វង់​ប្រមាណ ៦ ម៉ឺន​នាក់ ស្របតាម​ថវិកា​ជាតិ​ដែល​បានកំណត់។ ចំនួន​តួលេខ​ដែល​សាលា​យើង បានជ្រើសរើសឱ្យ​ចូលរៀនមកដល់​ថ្ងៃនេះ មិនទាន់មាន​ទេ ព្រោះ​សាលា​ខ្លះ បាន​ចូល​ហើយ ចំណែក​សាលា​ខ្លះ​នៅ​មិនទាន់បាន​ចូលរៀន​ទេ តែ​ចំនួន​ចុះឈ្មោះ​ចូលរៀនមាន​រង្វង់ ២ ម៉ឺន​នាក់»។

ជាមួយនឹង​ការអះអាង​នេះ លោក ថង សាម៉ុន បានឱ្យដឹង​ដែរ​ថា សម្រាប់​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ក្នុង​១​​ឆ្នាំៗ គឺមាន​សិស្សានុសិស្ស​ដែល​បានបញ្ចប់​ការសិក្សា និង​កំពុងតែ​សិក្សាជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​នេះ​ប្រមាណ៧ ម៉ឺន​នាក់។

ដោយឡែក​សម្រាប់​កម្មវិធី​ដែល​បាន​អនុវត្ត​កាលពី​ឆ្នាំ ២០២១ និង​ឆ្នាំ ២០២២ កន្លងមក ពាក់ព័ន្ធ​នឹង​ការបណ្តុះបណ្តាល​សញ្ញាបត្រ​បច្ចេកទេស​វិជ្ជាជីវៈ​ពិសេស​ទៅដល់​កម្មករ ក​ម្មា​ការិនី​ដែល​រង​ផលប៉ះពាល់​នឹង​វិបត្តិ​កូ​វីដ ១៩ លោក បាន​អះ​អាងថា ក្នុង​រយៈពេល២ឆ្នាំនេះ គឺមាន​ចំនួន ១៤ ០០០ នាក់ ដែលមាន​រយៈពេល ៤ ខែ។ ​

សម្រាប់​ឆ្នាំ ២០២៣ នេះ ក្រសួង​នឹង​អនុវត្ត​កម្មវិធី​នេះ​បន្តទៀត ក្រោយ​ទទួលបាន​ការអនុម័ត​យល់​ព្រម​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ។

លោក ថង សាម៉ុន បញ្ជា​ក់ថា៖ «ក្នុងឆ្នាំនេះ​ទៀតសោត យើង​ដឹងថា​ កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ប​ច្ចេក​​ទេស និង​វិជ្ជា​ជីវៈ គឺ​សំខាន់​ណាស់។ យុវជន​យើង គឺ​ត្រូវតែ​ងាក​មក​រៀន​ជំនាញ​ហ្នឹង​ឱ្យបាន​ច្រើន ជាជាង​គាត់​ចូលក្នុង​ទីផ្សា​រការ​ងារ​ដោយ​មិនបាន​រៀន​ជំនាញ​វិជ្ជាជីវៈ ឬក៏​គាត់​ទៅ​រៀន​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ច្រើន ដោយ​ចំណាយពេល​ច្រើនជាង​ជំនាញ​ខ្លី​នេះ»​។

ជាមួយនឹង​ការជំរុញ​ការបណ្តុះបណ្តាល​ជំនាញ​ខ្លី​នេះ នៅ​ថ្ងៃទី ១៥ និង ១៦ កុម្ភៈ​ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​កា​រងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ (NEA) បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រៀប​ចំ​កម្មវិធី “កិច្ច​សម្ភាសន៍​ការងារ” រយៈពេល២​ថ្ងៃ​ជាប់​គ្នា ដោយមាន​ក្រុមហ៊ុនធំៗចំនួន ៧ ចូលរួម​ផ្តល់ឱកាស​ការងារ​ជិត ​៦០០ កន្លែង​ដល់​យុវជន សិស្ស/និស្សិត និង​អ្នកស្វែងរក​ការងារ​ធ្វើ។

ក្រសួង​ បាន​អះអាងថា កម្មវិធី “កិច្ច​សម្ភាសន៍​ការងារ”នេះ ត្រូវ​រៀបចំឡើង​នៅក្នុង​បរិវេណ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តា​ល​វិជ្ជាជីវៈចាប់ពី​ម៉ោង៨:០០ព្រឹក ដល់​ម៉ោង ៥:០០ល្ងាច ដោយមាន​ក្រុមហ៊ុន CMED Construction ផ្តល់ឱកាស ការងារ​ចំនួន៣៥កន្លែង និង​មាន​ក្រុមហ៊ុន​ចំនួន៦ទៀត ដូចជា​ក្រុមហ៊ុន Mekong Net, ផ្សារ​ទំនើប AEON Cambodia​​, ក្រុមហ៊ុន SVI, ធនាគារ វី​ង, ក្រុមហ៊ុន JACCS និង​ធនាគារ​ហត្ថា ដែល​ផ្តល់ឱកាស​ការងារ​សរុប ៥៦៦ កន្លែង។

លោក ស្រី សំឆៃ​យ៉ា អ្នកគ្រប់គ្រង​ធនធានមនុស្ស​របស់​ផ្សារ​ទំនើប AEON Cambodia បាន​ឱ្យ​ដឹងថា NEA បានរួម​ចំណែក​ជាច្រើន​ក្នុង​ការជួយ​ដល់​ក្រុមហ៊ុន​របស់លោក ដើម្បី​ជ្រើសរើស​បុគ្គលិក​កន្លងមក។ លោក​ថា តាម​យ​រយៈ ការ​សហការ​ជាមួយ NEA ជាច្រើនលើក​ច្រើនសា​ក​ន្ល​ង​មក ក្រុមហ៊ុន ទទួលបាន​បុគ្គលិក​ប្រមាណ​ជា៤០ភាគរយ ក្នុងចំណោម​បុគ្គលិក​សរុប ដែល​កំពុងធ្វើការ​នៅ AEON។

លោក ឆៃ​យ៉ា រំពឹងថា៖«សម្រាប់​ថ្ងៃ​ទី១៦ នេះ AEON នឹង​ទទួល​បុគ្គលិក​ជាច្រើន​បន្ថែមទៀត ដែល​នឹង អាចជួយ​បំពេញតម្រូវការ​របស់​ក្រុមហ៊ុន​ដែល​កំពុងមាន​ការខ្វះខាត។ សូម​សិស្ស-និស្សិត សាធារណៈជន​ទូទៅ​ដែលមាន​បំណង ចង់​ស្វែងរក​ការងារ ឬ​ផ្លាស់ប្តូរ​ការងារ កុំ​ភ្លេច​ចូលរួម​ដាក់ពាក្យ​សម្ភាស​ជាមួយ ក្រុមហ៊ុន​ផ្ទាល់​នៅ​ថ្ងៃទី១៦ និង​ស្នើ​ដល់​អ្នកស្វែងរក​ការងារ ឬ​ផ្លាស់ប្តូ​ការងារ ត្រូវ​រៀបចំខ្លួនឱ្យ​បាន​សមរម្យ មុននឹង​ចូល​សម្ភាស​ដោយ​ភ្ជាប់​ជាមួយនឹង​ប្រវត្តិរូប​របស់ខ្លួន​ផងដែរ»៕