កោះកុងៈ ក្រុមការងារ​ស្រាវជ្រាវ​ជីវចម្រុះ និង​វិទ្យាសាស្ត្រ​នៃ​អង្គការ​អភិរក្ស​អន្តរជាតិ​ប្រចាំ​​កម្ពុជា ​សហការ​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួងបរិស្ថាន បាន​ធ្វើតេស្ត​សាកល្បង​នៅ​ទីវាល​ ដើម្បី​សិក្សា​ស្រាវជ្រាវ​ប្រភេទ​ថនិកសត្វតូចៗដោយ​ប្រើ​ប្រាស់​​ម៉ាស៊ីនថតរូប​ស្វ័យប្រវត្តិ​នៅ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល។

ការធ្វើ​តេស្ត​សាកល្បង​នៅ​ទីវាល​នេះ គឺជា​ផ្នែក​មួយ​នៃ​ផែនការ​សកម្មភាព​សិក្សា​ជីវចម្រុះ​រយៈពេល​វែង ក្នុងការ​អនុវត្ត​គម្រោង​រេ​ដ​បូក​នៅ​ឧទ្យាន​ជួរ​ភ្នំក្រវាញ​កណ្តាល ដោយមាន​ការគាំទ្រ​ថវិកា​ពី USAID តាមរយៈ​គម្រោង USAID Morodok Baitang-មរតក​បៃតង និង​ជំនួយ​ផ្ទៃក្នុង​ពី​អង្គការ​អភិរក្ស​អន្តជាតិ។

អង្គការ​អភិរក្ស​អន្តរជាតិ​ប្រចាំ​​កម្ពុជា បានឱ្យដឹងថា ការសហការ​ចុះ​ធ្វើតេស្ត​សាកល្បង​នៅ​ទីវាល​អំពី​ការសិក្សា​ស្រាវជ្រាវ​ប្រភេទ​ថនិកសត្វតូចៗនេះ បានធ្វើ​ឡើង​ដោយ​មានការ​​ចូលរួម​សហការ​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន ៧ នាក់ នៃ​មន្ទីរ​បរិស្ថានខេត្តពោធិ៍សាត់ កំពង់ស្ពឺ និង​កោះកុង ព្រមទាំង​ប្រជា​សហគមន៍​មូលដ្ឋាន ១៥ នាក់ នៅ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល។

អង្គការ​អភិរក្ស​អន្តរជាតិ​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា៖«ក្រុមការងារ​បាន​បំពាក់​ម៉ាស៊ីនថតរូប​ស្វ័យប្រវត្តិ ចំនួន​ ៣០ គ្រឿង​នៅតាម​ទីតាំង​គោលដៅ​នៅក្នុង​ឧទ្យាន​ជាតិ ជួរ​ភ្នំក្រវាញ​កណ្តាល ហើយ​ក្រុមការងារ​ក៏បាន​ធ្វើការ​បណ្តុះបណ្តាល​បន្ថែម​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ប្រជា​សហគមន៍​មូលដ្ឋានចំនួន ២២ នាក់ អំពី​របៀប​កំណត់ ដំឡើង ដោះ​កា​មេរ៉ា និង​បំពេញ​​ទម្រង់​ទិន្នន័យ​កា​មេ​រ៉ា​ដោយ​ប្រើប្រាស់កម្មវិធី Kobo Collect តាម​ទូរស័ព្ទដៃ​នៅ​ទីវាល​ផងដែរ»។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិ​សា្ថ​ន បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៥ កុម្ភៈថា ការសិក្សា​ស្រាវជ្រាវ​ប្រភេទ​ថនិកសត្វតូចៗនេះ គឺជា​ផ្នែក​មួយ​របស់​គម្រោង ដែល​ក្រសួងបាន​សហការ​ជាមួយ USAID ដើម្បី​ប្រមូល​ជីវចម្រុះ​​ផ្សេងៗ​នៅក្នុង​តំបន់​ព្រៃ​ជួរ​ភ្នំក្រវាញ​កណ្តាល។

លោក​បញ្ជាក់​ថា ការសិក្សា​នេះ ដើម្បី​ឱ្យដឹងពី​ប្រភេទសត្វ​​សម្បូរបែប​នៃ​​ជីវចម្រុះ​នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​កម្ពុជា ត្រូវបាន​ទទួលស្គាល់ថា ជា​ប្រទេស​មាន​ជីវ​ចម្រុះ​សម្បូរបែប ហើយ​ការសិក្សា​កន្លងមក បាន​រកឃើញថា កម្ពុជា មាន​​ជីវ​ចម្រុះ​រហូតដល់​ ៥ ០០០ ប្រភេទ។ ​ការសិក្សា​នេះ នឹង​ជួយ​ឱ្យ​កម្ពុជា អាច​រកឃើញ​ប្រភេទជីវ​ច​ម្រុះថ្មីៗបន្ថែមទៀត ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​ជីវ​ចម្រុះរបស់ខ្លួន។

លោក​​បញ្ជាក់ថា៖ «នេះ គឺជា​ភាពចាំបាច់​ដែល​យើង​ត្រូវ​សិក្សា​ស្រាវជ្រាវ ដើម្បី​កំណត់​ប្រភេទ​សត្វ​នៅក្នុង​ព្រៃ​ហ្នឹង​ឱ្យបាន​ច្បាស់លាស់ ងាយស្រួល​យើង​រៀបចំ​ផែនការ​ក្នុងការ​ការពារ និង​អភិរក្ស ហើយ​និង​កំណត់​តំបន់ផ្សេងៗនៅក្នុង​ការពារ​ធម្មជាតិ​របស់​យើង។ នៅពេល​យើង​មាន​ទិន្នន័យ​ច្បាស់លាស់ នឹងធ្វើ​ឱ្យ​យើង​រៀបចំ​ផែនការ​កាន់តែ​មាន​ភាព​ច្បាស់​​​លាស់ និង​ត្រឹមត្រូវ​បន្ថែមទៀត ក្នុងការការពារធនធានជីវចម្រុះរបស់យើងឱ្យកាន់តែមានប្រសិទ្ធភាព»។

លោក នេត្រ ភក្ត្រា ក៏ឱ្យដឹង​ដែរ​ថា តាមរយៈ​កិច្ចសហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​កន្លងមក ជុំវិញ​ការសិក្សា​ពី​ប្រភេទ​ថនិកសត្វ​ទាំងនេះ នៅតាមតំបន់ការពារធម្មជាតិ​ជាច្រើនលើក ជាពិសេស​នៅតាម​តំបន់​បឹង​ទន្លេសាប ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ថត​រូប​ស្វ័យប្រវត្តិ ​បាន​រកឃើញ​ថា កម្ពុជាមានវត្តមាន​សត្វធំៗជាច្រើន ដូចជាមាន​ដំរី ខ្លា ប្រើស​ជាដើម។

យោងតាម​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ គឺបានបែងចែក​តំបន់​ការពារ​ជា ៤ ប្រភេទ ដែលមាន​ដូចជា ទី១ តំបន់​ស្នូល ដែលជា​តំបន់ហាមឃាត់​ការចូល ព្រោះ​វា​មាន​ប្រព័ន្ធ​អេកូឡូស៊ី​ផុ​យស្រួយ និង​មាន​វត្តមាន​ប្រភេទ​សត្វផ្សេងៗ ទី២ គឺ​តំបន់​អភិរក្ស ដែលជា​តំបន់​ទ្រ​នា​ប់ ហើយ​ទី៣ ជា​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព និង​ទី៤ ជា​តំបន់​សហគមន៍ ដែល​អាច​អនុញ្ញាតឱ្យ​មានការ​ប្រើប្រាស់​សម្រាប់អា​ស្រ័យ​ផល​បាន។

កាលពីអំឡុងខែតុលា ឆ្នាំ ២០២២ ក្រុមការងារ​ស្រាវជ្រាវ​ជីវ​ចម្រុះ​អង្គការ​អភិរក្ស​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ​បាន​សហការ​ជាមួយ​អ្នកជំនាញ​សត្វ​ស្លាប ​កំណត់​អត្តសញ្ញាណ​នូវ​សំឡេង​សត្វ​ស្លាប​មួយចំនួន​នៅ​ទីវាលនៅ​ឧទ្យាន​​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល តាមរយៈ​ការវិភាគ​ទិន្នន័យ​សត្វ​ស្លាប​ដែល​ប្រមូលបាន​ជិត ១០០ ប្រភេទ ដើម្បី​ចងក្រង​ជា​ឯកសារ​វិទ្យាសាស្ត្រ និង​របាយការណ៍​បច្ចេក​ទេស។

ការកំណត់​អត្តសញ្ញាណ​នូវ​សំឡេង​សត្វ​ស្លាប​​ទាំងនោះ ត្រូវបានសន្និដ្ឋានថា មានប្រភេទសត្វស្លាប ដូចជាសត្វ​ប៉ោលតោក ប៉ោលតោក​ត្រចៀក​ខៀវ ប៉ោលតោក​ត្រចៀក​បៃតង កេងកង​ធំ កេងកង​តូច សត្វ​ចំពុះ​មាស សត្វ​ចំពុះ​ធំ​កស ចេកទុំ​ក្បាល​ខ្មៅ ចេក​ខៀវ ស្តេច​កូ​លី​ត ចាប​ចៀប​​ក្រហម ឬ​កន្ទោង​ពួច​ក្រហម ត្រដេវ​ព្រៃ ចាប​សួគ៌ា​អាស៊ី ត្រសេះ​ត្នោត ត្រសេះ​ដំរី ល្វាចេក​ព្រៃ និង​សត្វ​ចេក​ខ្ចី​ស្លាប​ខៀវ៕