ភ្នំពេញៈ លោក ​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ចំនួន​ជាង ៧០០​ ​គ្រឿង​ បាន​ចុះបញ្ជី​ហើយ​ចាប់ពី​ឆ្នាំ​ ២០២២ រហូតដល់​បច្ចុប្បន្ន ហើយ​នៅ​ឆ្នាំ​ ២០២៣ នេះ កំពុង​ជំរុញឱ្យមាន​ការប្រើប្រាស់​បន្ថែមទៀត​ដើម្បី​ចូលរួម​កាត់បន្ថយ​ការបំពុល​បរិស្ថាន​បាន​កាន់តែ​ល្អប្រសើរ​។

​លោក​ថ្លែង​បែបនេះ​ក្នុង​កម្មវិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៣ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លើ​ប្រធានបទ «​បន្ត​លើកកម្ពស់​គុណភាព នៃ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ដឹកជញ្ជូន ប្រកបដោយ​ប្រសិទ្ធភាព ចីរភាព បរិ​យា​ប័ន្ន និង​ការអភិវឌ្ឍ​ធនធានមនុស្ស​» ធ្វើ​នៅ​ថ្ងៃទី​ ១៥ ខែកុម្ភៈ​។​

​លោក​ថ្លែងថា បច្ចុប្បន្ន​កម្ពុ​ជាមាន​ស្ថានីយ​ប​ញ្ជូ​ល​ថាមពល​អគ្គិសនី​ចំនួន​ ៩ ​កន្លែង ក្នុងនោះ UNDP បានផ្តល់​ជូន​ក្រសួង​សាធារណការ​ចំនួន ៤​ គ្រឿង ដែល​ដាក់​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ ១​ កន្លែង នៅ​ក្រុងព្រះសីហនុ ​១ ​កន្លែង នៅ​ក្រុង​សៀមរាប​ ១ ​កន្លែង និង​នៅ​ក្រុង​បាត់ដំបង ​១ ​កន្លែង​។

​ក្រៅពីនេះ​ផ្នែក​ឯកជន​បាន​ផ្តល់ជូន ៣ ​គ្រឿង បន្ថែមទៀត​ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ បន្ថែម​លើ​នេះ​ក្រុមហ៊ុន​កាល់​តិច​បានដាក់ ​១​ គ្រឿង នៅ​ព្រៃ​ស និង​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ​ដាក់​ ១​ គ្រឿង​ផងដែរ​។

លោក​ថ្លែងថា​៖ «​យើង​នឹង​ជំរុញ​បន្ថែមទៀត​ឱ្យ​ប្រជាពលរដ្ឋ​ចាប់ផ្តើម​ប្រើប្រាស់​រថយន្ត​ប្រើ​ដោយ​ថាមពល​អគ្គិសនី​។​យើង​បាន​ចុះបញ្ជី​ជាង​ ៧០០​ គ្រឿង​ហើយ​មកដល់​ម៉ោង​នេះ​»​។​

​លោក​ថ្លែងថា ការប្រើប្រាស់​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​មាន​ផលចំណេញ​ច្រើន ទី​១ ពន្ធ​នាំចូល​ត្រូវបាន​កាត់បន្ថយ ហើយ​តម្លៃ​ធ្វើដំណើរ​តាម​រថយន្ត​នោះ​ថោក​ជាង​ចាក់​ប្រេងឥន្ធនៈ​។ តាមរយៈ​ការធ្វើការងារ​ជាមួយ​វិស័យ​ឯកជន ស្ថានីយ​បញ្ជូន​ថាមពល​អគ្គិសនី​នឹងត្រូវ​ដំឡើង​បន្ថែមចំនួន ២០០​ គ្រឿង នៅ​ទូទាំងប្រទេស​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។

​លោក​ថ្លែងថា UNDP បានផ្តល់​ម៉ូតូ ៣០ ​គ្រឿង​ប្រើ​ដោយ​អគ្គិសនី​ផងដែរ​ឱ្យ​សាកល្បង ដោយបាន​ធ្វើការ​ជាមួយនឹង​ញ៉ាំ ​២៤ និង Food Panda ដើម្បី​ជំរុញ​ណែនាំ​ឱ្យ​គាត់​ប្រើ​ម៉ូតូ​ប្រើ​ដោយ​ថាមពល​អគ្គិសនី​ដើម្បី​ចូលរួម​កាត់បន្ថយ​ការបំពុល​បរិស្ថាន​។

​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៥ ខែកុម្ភៈ ឆ្នាំ​ ២០២៣ ​នេះ​ថា ការជំរុញ​ការប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​ដោយ​ប្រើប្រាស់​ថាមពល​អគ្គិសនី ឬក៏​ថាមពល​កកើត​ឡើងវិញ​នេះ គឺជា​ផ្នែក​ ១​ យ៉ាងសំខាន់​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​រយៈពេល​វែង​ដើម្បី​ធ្វើ​អព្យាក្រឹត​កាបូន​។

ផ្នែក​ដឹកជញ្ជូន​ជា​ផ្នែក ​១ ​ដែល​ត្រូវ​ជំរុញ បង្កើន​ការប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ឱ្យដល់​ ៣០% ក្នុង​តំបន់​ទីក្រុង​នៅ​ឆ្នាំ​ ២០៥០​។ ក្រៅពីនេះ​គឺជា​ការដាក់បញ្ចូល​យានយន្ត​អគ្គិសនី​ ៧០% សម្រាប់ទោ​ចក្រយានយន្ត និង​ ៤០%​ សម្រាប់​រថយន្ត និង​រថយន្តក្រុង​ទីក្រុង​នៅ​ឆ្នាំ ​២០៥០៕