
មូលនិធិជាតិជំនួយសង្គម ជំរុញអាជ្ញាធរខេត្តតាកែវតាមដានការអនុវត្តកម្មវិធីជំនួយសង្គមប្រកបដោយប្រសិទ្ធភាព។ រូបថត មូលនិធិជំនួយសង្គម
អគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម លោក ឈួរ សុបញ្ញា ជំរុញឱ្យអាជ្ញាធរស្រុក/ក្រុង ក្នុងខេត្តតាកែវ ជួយពិនិត្យតាមដាននូវការអនុវត្តកម្មវិធីជំនួយសង្គមនៅថ្នាក់មូលដ្ឋានរបស់ខ្លួន ដើម្បីធានាដល់ការឧបត្ថម្ភនានាបានដល់ក្រុមងាយរងគ្រោះ និងឆ្លើយតបទៅនឹងវិបត្តិនានាប្រកបដោយប្រសិទ្ធភាព។
ការស្នើនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីបើកវគ្គកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ លើទឹកដីខេត្តតាកែវ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៣។ កម្មវិធីនេះ មានការចូលរួមពីភាគីពាក់ព័ន្ធរួមមានអភិបាលខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុង/ស្រុក ប្រធានការិយាល័យសង្គមកិច្ច និងមន្រ្តីសុខុមាលភាពសង្គមក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ អ្នកកាន់កម្មវិធីឃុំ/សង្កាត់ សាខាវីង មន្រ្តីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ប្រមាណ ៣០០ នាក់។
អគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម លោក ឈួរ សុបញ្ញា បានថ្លែងថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ឆ្លុះបញ្ចាំងពីវឌ្ឍនភាពការងារកម្មវិធីឧបត្ថម្ភសាច់ប្រាក់រយៈពេល ១២ ខែ ក្នុងឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត ហើយក៏មានការចែករំលែកបទពិសោធន៍ បញ្ហាប្រឈមនានា និងដំណោះស្រាយ នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់កន្លងមក ឆ្លងតាមរយៈបទបង្ហាញ និងកិច្ចពិភាក្សា។
លោកថ្លែងថា ក្នុងនាមជាប្រត្តិបត្តិករនៃវិស័យជំនួយសង្គម មូលនិធិជាតិជំនួយសង្គមមានចក្ខុវិស័យ និងបេសកកម្មវែងឆ្ងាយ ស្របតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម និងដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។ លោកបញ្ជាក់ថា៖«ការកសាងប្រព័ន្ធគាំពារសង្គមមួយដែលមានភាពធនពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមជាតិយ៉ាងពិតប្រាកដ។ ការវិនិយោគលើវិស័យជំនួយសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជាលើជនរងគ្រោះនិងជនងាយរងគ្រោះពិតជាបានឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងបានផ្តល់នូវភាពធនយ៉ាងពិតប្រាកដដល់ក្រុមងាយរងគ្រោះដើម្បីឆ្លើយតបទៅនឹងវិបត្តិនានា»។
នាពិធីនោះដែរលោក ឈួរ សុបញ្ញា បានស្នើដល់អាជ្ញាធរខេត្តតាកែវ ជាពិសេសលោកអភិបាលស្រក/ក្រុង ជួយពិនិត្យតាមដាន គាំទ្រដល់ការអនុវត្តកម្មវិធីជំនួយសង្គមនៅឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈឱ្យមានប្រសិទ្ធភាពផងដែរ។ បន្ថែមពីនេះលោក ស្នើដល់មន្ត្រី ឃុំ សង្កាត់មុននឹងអនុវត្តកម្មវិធីជាមួយអ្នកទទួលផល ត្រូវធ្វើទៅតាមនីតិវិធីឱ្យបានច្បាស់លាស់ និងដោះស្រាយបញ្ហាឱ្យអស់លទ្ធភាពមុននឹងបញ្ជូនមកមន្ទីរ និងក្រសួង ជាពិសេសត្រូវពិនិត្យនូវការអនុវត្តលក្ខខណ្ឌ ចំពោះស្រ្តីមានផ្ទៃពោះកុំឱ្យមានការខកខាន។
សូមជម្រាបថា មូលនិធិជាតិជំនួយសង្គម នាពេលបច្ចុប្បន្នបានគ្រប់គ្រង និងអនុវត្តនូវកម្មវិធីជំនួយសង្គមដូចជា កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលកម្មវិធីទាំងពីរនេះពិតជាទទួលបានការសាទរ និងវាយតម្លៃខ្ពស់។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោម ២ ឆ្នាំ បានលើកកម្ពស់សុខុមាលភាពមាតា និងទារក បានរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងកូនក្នុងផ្ទៃរហូតដល់អាយុ ២ ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។
ដោយឡែកកម្មវិធីឧបត្ថម្ភគ្រួសារក្រីក្រអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ កម្មវិធីនេះបានផ្តល់អត្ថប្រយោជន៍ប្រជាជនក្រីក្រ ស្រ្តី មនុស្សវ័យចាស់ កុមារ ជនមានពិការភាព អ្នកផ្ទុកមេរោគអេសដ៍ បានបង្កើតប្រព័ន្ធគាំពារសង្គមមួយមានប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដើម្បីរក្សាលំនឹងសេដ្ឋកិច្ចគ្រួសារសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ និងបានចូលរួមធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើនផងដែរ។
គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ (៣១លើក) រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិការដ្ឋសរុបអស់ ៩៣១,៧១ លានដុល្លារ លើកម្មវិធីជំនួយសង្គមទាំងនោះ៕