ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី ១៦ កុម្ភៈ បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ទៅលើ​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងការ​បង្កើត​អង្គការ​អន្តរជាតិ​សម្រាប់​សន្ធានកម្ម ដើម្បី​ដោះស្រាយ​វិវាទ​អន្តរជាតិ ជាពិសេស​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម។​

​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី ១៥ ខែកុម្ភៈ​ឆ្នាំ ២០២៣ បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម ស្តីពី​ការបង្កើត​ការិយាល័យ​រៀបចំ សម្រាប់​ការចរចា​បង្កើត​អង្គការ​អន្តរជាតិ​សម្រាប់​សន្ធានកម្ម​នាពេល​អនាគត (Joint Statement on the Future Establishment of International Organization for Mediation)។​

​លោក​សុខ សុភ័ក្ត្រ រដ្ឋលេខា​ក្រសួងពាណិជ្ជកម្ម តំណាង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​បែបនេះ នៅ​ក្នុង​ពិធី​សម្ពោធ​ការិយាល័យ​រៀបចំ​អង្គការ​សន្ធានកម្ម​អន្តរជាតិ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង​ហុងកុង សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមរយៈ​ប្រព័ន្ធ Video Conference កាលពី​ល្ងាច​ថ្ងៃទី ១៦ កុម្ភៈ។​

​នៅក្នុង​សុន្ទរកថា លោក​រដ្ឋលេខាធិការ បាន​លើកឡើងថា ការបង្កើត​អង្គការ​អន្តរជាតិ សម្រាប់​សន្ធាន​កម្មនេះ នឹង​ផ្តល់នូវ​យន្តការ​នៃ​ការដោះស្រាយ​វិវាទ​ថ្មី​មួយ ដែល​មាន​ភាព​បត់បែន​មាន​ប្រសិទ្ធិ​ផល ចំណាយពេល​វេលា​និង​កម្រៃ​សេវា​តិច សម្រាប់​ដោះស្រាយ​វិវាទ​អន្តរជាតិ ជាពិសេស​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម ដែល​យន្តការ​ថ្មី​នេះ​នឹង​ក្លាយជា​មធ្យោបាយ​បន្ថែម​លើ​យន្តការ​តុលាការ និង​មជ្ឈត្តការ​ផ្នែក​ពាណិជ្ជកម្ម​ដែលមាន​ស្រាប់។

​បើតាម​ក្រសួងពាណិជ្ជកម្ម ក្នុងនាម​ជា​ប្រទេស​ហត្ថលេខី​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម កម្ពុជា​នឹង​ត្រៀមខ្លួន​រួចជា​ស្រេច ដើម្បី​ចូលរួម​ក្នុងការ​ចរចា​លើ​អនុសញ្ញា​អន្តរជាតិ និង​លិខិតូបករណ៍​អន្តរជាតិ​ដទៃទៀត​ពាក់ព័ន្ធ​នឹង​សន្ធាន​កម្មនេះ ក៏ដូចជា​បន្ត​គាំទ្រ​និង​អនុវត្ត​នូវ​វិធាន​នានា​ដែល​ពាក់ព័ន្ធ​ផងដែរ៕​