ភ្នំពេញៈ ប្រធានាធិបតី​អាល្លឺម៉ង់ លោក ហ្រ្វាំង វ៉ាល់​ធ័​រ ស្តែ​ន​ម៉ៃ​យ័រ​ ​(FrankWalter Steinmeier)​ បានបញ្ជាក់​សាជាថ្មី​នូវ​ការត្រៀមខ្លួន​របស់​អាល្លឺម៉ង់ ក្នុង​ការជួយ​កម្ពុជា​ប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អាកាសធាតុ និង​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ ព្រមទាំង​នៅតែ​បន្ត​គាំទ្រ​ដល់​ប្រតិបត្តិ​ការដោះមីន​នៅ​កម្ពុជា និង​កិច្ចខិតខំ​ប្រឹងប្រែង​អភិរក្ស​ប្រាសាទ​អង្គរ​។​

​លោក​បញ្ជាក់​ដូច្នេះ​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជារយៈពេល​ ៣ ​ថ្ងៃ គឺ​នៅ​ថ្ងៃទី ​១៤-១៦ កុម្ភៈ​។

​ក្នុងជំនួប​ជាមួយ​លោក Steinmeier លោក ហ៊ុន សែន បាន​កោត​សរ​សើ​រ​យ៉ាងខ្លាំង​ចំពោះ​ការគាំទ្រ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ សម្រាប់​សកម្មភាព​ដោះមីន​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ១៩៩៤ មក ខណៈ​កម្ពុជា​បានដាក់​គោលដៅ​ក្លាយជា​ប្រទេស​គ្មាន​គ្រាប់មីន​នៅត្រឹម​ឆ្នាំ​ ២០២៥​។

​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​កម្ពុ​ជា​ចេញ​ថ្ងៃទី​ ១៦ កុម្ភៈ​ ក្រុម​បាន​ដកស្រង់​សម្ដី​លោក Steinmeier ថា​៖ «​ឯកឧត្តម​ប្រធានាធិបតី ហ្រ្វាំង វ៉ាល់​ធ័​រ ស្តែ​ន​ម៉ៃ​យ័របាន​ឆ្លើយ​បញ្ជាក់​វិញ​ដោយ​ក្តី​រីករាយ​ថា រដ្ឋាភិបាល​អាល្លឺម៉ង់ នឹង​នៅតែ​បន្ត​គាំទ្រ​ដល់​ប្រតិបត្តិ​ការដោះមីន​នៅ​កម្ពុជា និង​កិច្ច​ខំប្រឹងប្រែង​អភិរក្ស​ប្រាសាទ​អង្គរ​»​។​

​ក្រសួង​បន្តថា​៖ «​ឯកឧត្តម​ប្រធានាធិបតី បានបញ្ជាក់​សាជាថ្មី នូវ​ការត្រៀមខ្លួន​រួចជាស្រេច​របស់​ប្រទេស​អាល្លឺម៉ង់ ក្នុង​ការជួយ​ដល់​កម្ពុជា​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ និង​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​។ បច្ចេកវិទ្យា​អាល្លឺម៉ង់ ក៏មាន​ផងដែរ ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​រយៈពេល​វែង​របស់​កម្ពុជា​»​។

​លោក Steinmeier បាន​ទៅ​ទស្សនា​អង្គការ​ហា​ឡូ​ត្រាស (Halo Trust) និង​ឧទ្យាន​បុរាណវិទ្យា​អង្គរ ក៏ដូចជា​គម្រោង​ផ្សេងៗ​នៅក្នុង​ខេត្តសៀមរាប​ដែល​គាំទ្រ​ដោយ​ប្រទេស​អាល្លឺម៉ង់ ជាមួយនឹង​អាជ្ញាធរ​ជាតិ​អប្សរា​ខណៈ​នៅ​រាជធានី​ភ្នំពេញ លោក​បាន​ទៅ​ទស្សនា​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក Steinmeier មក​កម្ពុជា​ថា បាន​បើក​ទំព័រ​មាស​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​នៃ​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ល្អប្រសើរ រវាង​កម្ពុជា និង​អាល្លឺម៉ង់ ហើយ​ថា​៖ «​ទស្សនកិច្ច​នេះ បាន​ប្រារព្ធ​ឡើង​ប្រកបដោយ​ផ្លែផ្កា​និង​ក្នុង​បរិយាកាស​ស្និទ្ធស្នាល​នៃ​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក ការវាយតម្លៃ​ខ្ពស់ និង​ការគោរព ដែល​បង្កើតបានជា​ឆ្អឹងខ្នង​សម្រាប់​ទំនាក់ទំនង​មិត្តភាព​ជិតស្និទ្ធ និង​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ជាច្រើន​រវាង​ប្រ​ទេស​ទាំង​ ២»​។​

​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​បញ្ជាក់​ក្នុង​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី ​១៤ ខែកុម្ភៈ ថា ប្រទេស​អាល្លឺម៉ង់​បាន​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​បោសសម្អាត​មីន​នៅ​កម្ពុជា និង​គោលដៅ​កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ​ ២០២៥ ចាប់តាំងពី​ឆ្នាំ ​១៩៩៤ មក​ម្ល៉េះ ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ​២៣ លាន​អឺរ៉ូ ​(​ជាង​ ២៤​ លាន​ដុល្លារ​អាមេរិក​)​។ ក្នុង​ឆ្នាំ​ ២០២៣ នេះ អាល្លឺម៉ង់​បាន​ចូលរួមចំណែក​ប្រតិបត្តិការ​នេះ​នូវ​ទំហំ​ទឹកប្រាក់​ ៣ ​លាន​អឺរ៉ូ ​(​ជាង​ ៣ ​លាន​ដុល្លារ​អាមេរិក​)​។

​ស្ថានទូត​បញ្ជាក់ថា លោក Steinmeier បាន​ទៅ​ទស្សនា​តំបន់​ឧទ្យាន​អង្គរ​ដែលជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ (UNESCO) រួមមាន​ប្រាសាទអង្គរវត្ត បាយ័ន និង​ប្រាសាទតាព្រហ្ម​ដ៏​ល្បីល្បាញ ហើយ​ថា គម្រោង​អភិរក្ស​អប្សរា​របស់​អាល្លឺម៉ង់ កំពុង​ជួយ​ដល់​ការអភិរក្ស​តំបន់​នេះ ចាប់តាំងពី​ការបង្កើតឡើង​នៃ​គម្រោង​នេះ​ក្នុង​ឆ្នាំ ១៩៩៥​។​

​លោក Steinmeier គឺជា​ប្រធានាធិបតី​អាល្លឺម៉ង់​ដំបូង​គេ ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​ស្ថានទូត​លើកឡើងថា​៖ «​នេះ​គឺជា​ពេលវេលា​ដ៏​ពិសេស​មួយ នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង​កម្ពុជា​អាល្លឺម៉ង់​»​។

​ស្ថានទូត​អាល្លឺម៉ង់ បញ្ជាក់ថា លោក Steinmeier បានធ្វើការ​ផ្លាស់ប្តូ​រទ​ស្សនៈ​យ៉ាង​ទូលំទូលាយ​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ជាមួយ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ជំនួប​កាលពី​ថ្ងៃទី​ ១៥ កុម្ភៈ​។​

​ស្ថានទូត​បញ្ជាក់ថា​៖ «​ជាមួយ​តំណាង​សង្គម​ស៊ីវិល​កម្ពុជា​លោក​ប្រធានាធិបតី Steinmeier បាន​ពិភាក្សា​អំពី​ស្ថានភាព​សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ​។ ការបិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ​(VOD)​ ក៏ត្រូវ​បានលើកឡើង​ផងដែរ ព្រោះ​សេរីភាព​សារព័ត៌មាន​ជា​សសរស្តម្ភ​សំខាន់ សម្រាប់​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​»​។​

​លោក រ៉ូ វណ្ណៈ សហ​ស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ១៦ កុម្ភៈ ថា អាល្លឺម៉ង់ ជា​ប្រទេស​ធំ​មួយ​នៃ​សហគមន៍​អឺរ៉ុប ដែល​បាន​ផ្តល់ជំនួយ​ដល់​ការដោះមីន​នៅ​កម្ពុជា ដែល​បានផ្តល់​លទ្ធភាព​ដល់​ប្រជាជន​កម្ពុជា​ប្រើប្រាស់​ដី​ទាំងនោះ​សម្រាប់​ជីវភាព​រស់នៅ​របស់​ពួកគាត់​។

​លោក​ថ្លែងថា​៖ «​ការផ្តោត​របស់​អាល្លឺម៉ង់​លើ​បញ្ហា​បរិស្ថាន និង​វប្បធម៌ ជា​វិធីសាស្ត្រ​ទន់​ក្នុងការ​សហការ​ល្អជា​មួយ​រដ្ឋាភិបាល​កម្ពុជា គឺ​ដើម្បី​បន្ត​វត្តមាន​និង​ឥទ្ធិពល​របស់ខ្លួន​នៅ​ចំពោះមុខ​ការវិវត្ត​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​ដែល​មហាអំណាច​ដទៃទៀត ដូចជា អាមេរិក​នៅតែ​ប្រកាន់​ជំហរ​រឹងត្អឹង​ចំពោះ​កម្ពុជា​»​។​

​លោក ​គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជាថ្លែងថា វិស័យ​ដែល​អាល្លឺម៉ង់​ប្ដេជ្ញាចិត្ត​ជួយ​កម្ពុជា​ដូចជា ការប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​ថាមពល​កកើត​ឡើងវិញ និង​ប្រតិបត្តិ​ការដោះមីន​គឺ​សុទ្ធតែជា​វិស័យ​ដែលមាន​អាទិភាព​ដែលមាន​សារៈសំខាន់​ផងដែរ​សម្រាប់​កម្ពុជា ហើយ​ជា​វិស័យ​ដែល​មិនសូវមាន​ចំណុចរសើប ដែល​ភាគី​ទាំង​២​អាច​ធ្វើការ​ជាមួយគ្នា​បាន​។ រឿង​ណា​ដែល​ប្រទេស​ទាំង​២​អាច​ធ្វើការ​ជាមួយគ្នា​បាន​គួរតែ​ជំរុញ លើកកម្ពស់ និង​លើក​កម្រិត​ទំនាក់ទំនង និង​កិច្ចសហការ​ជាមួយគ្នា​។​

​លោក​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នា​ថ្ងៃទី​ ១៦ ​កុម្ភៈ​ថា​៖ «​កន្លែង​ណា​ដែល​មិនទាន់​យល់​គ្នា ខ្ញុំ​គិតថា អាហ្នឹង​គឺ​យើង​ប្រើ​ពេលវេលា​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក​បន្ថែមទៀត ដូចជា​ពាក់ព័ន្ធ​ជាមួយ​បញ្ហានយោបាយ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា​អី ខ្ញុំ​មើលទៅ ប្រទេស​ទាំង​ ២​ ហ្នឹង​ប្រហែលជា​មិនទាន់មាន​ទស្សនៈ​រួមគ្នា​ជាទូទៅ​ទេ​។ អ៊ីចឹង​ខ្ញុំ​គិតថា អាហ្នឹង​គឺជា​រឿង​ដែល​ប្រទេស​ទាំង​ ២​ ត្រូវ​ស្វែងយល់​គ្នា​ទៀត​»៕