
ភ្នំពេញៈ ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាង រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកសាយ សំអាល់បានដឹកនាំក្រុមការងារនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថានប្រគេនបណ្ណសរសើរមេត្រីបរិស្ថាន ជូនវត្តលង្កាព្រះកុសមារាម ដែលមានសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ជាព្រះចៅអធិការ នៅថ្ងៃទី ១៦ ខែកុម្ភៈនេះ។
ការចុះពិនិត្យ និងវាយតម្លៃរបស់ក្រុមការងារវាយតម្លៃគុណវុឌ្ឍិប្រតិបត្តិមេត្រីបរិស្ថាននៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានបង្ហាញថា បរិស្ថាននៅក្នុងវត្តលង្កា បានឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យ និងសូចនាកររបស់ក្រសួងបរិស្ថាន។
លក្ខណៈវិនិច្ឆ័យ និងសូចនាករនោះបានកំណត់មានដូចជា ការត្រួតពិនិត្យសកម្មភាពអនាម័យជាប្រចាំ ទីតាំងអគារ មានបញ្ចូលស្ថាបត្យកម្មខែ្មរ ការចូលរួមអនុវត្តគោលការណ៍ ៤R ការប្រើប្រាស់ទឹក ភ្លើងដោយសន្សំសំចៃ ការចូលរួមសកម្មភាពនានាដែលទ្រទ្រង់ការពារធនធានធម្មជាតិ ការអប់រំនិងអភិវឌ្ឍន៍ធនធានមនុស្ស អំពីបរិស្ថាន ការចូលរួមចែករំលែក និងផ្សព្វផ្សាយអំពីបរិស្ថាន ការអនុវត្តតាមប្រកាស បទបញ្ជា និងសារាចរណែនាំស្តីពីបរិស្ថាន និងការកៀរគរឱ្យមានការចូលរួមអនុវត្តសកម្មភាពបរិស្ថាន។ល។
លោកអនុរដ្ឋលេខាធិការក្នុងឱកាសនោះក៏សូមលើកទឹកចិត្តដល់អារាមដទៃទៀតដែលមានទីតាំងទាំងនៅក្នុងរាជធានី ខេត្ត សូមចូលរួមអនុវត្តសកម្មភាពមេត្រីបរិស្ថានឱ្យបានច្រើនកុះករនិងសូមព្រះថេរានុថេរៈគ្រប់ព្រះអង្គ សូមចូលរួមអប់រំ ផ្សព្វផ្សាយ អំពីបរិស្ថាន ទៅដល់ពុទ្ធបរិស័ទ និងសាធារណជនគ្រប់រូបឱ្យបានជ្រាប និងចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីកម្ពុជាទទួលបានបរិស្ថានស្អាត មានអនាម័យល្អ និងមានសោភ័ណភាពល្អ។
ក្រសួងបរិស្ថាន បាននិងកំពុងលើកទឹកចិត្ត តាមរយៈការផ្តល់បណ្ណសរសើរមេត្រីបរិស្ថាន ចំពោះរូបវន្តបុគ្គល និងនីតិបុគ្គលគ្រប់វិស័យ ដែលបានចូលរួមប្រតិបត្តិបរិស្ថានល្អប្រសើរ៕