សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​សិក្ខាសាលា​ផ្ទៃក្នុង​ស្តីពី​ដំណើរការ​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន​តំបន់អង្គរ ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​ណែនាំ​ពីការ​ប្រើប្រាស់​សៀវភៅ​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន​អង្គរ ស្វែងយល់ និង​ចូលរួម​ការពារ​បរិស្ថាន​ក្នុង​តំបន់អង្គរ។​

​សិក្ខាសាលា​ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី ១៥ កុម្ភៈ​នេះ មានការ​ចូលរួម​ពី​មន្ត្រី-បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា ចំនួន ៦២ នាក់ មកពី​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ និង​ហេដ្ឋា​រចនាសម្ព័ន្ធ នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​វប្បធម៌ និង​នាយកដ្ឋាន​សណ្តាប់ធ្នាប់។

​លោក សុខ លក្ខិណា អ្នកតំណាង​គ្រប់គ្រង​បរិស្ថាន និង​ជា​តំណាង​លោក​ ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែងថា ជាធម្មតា​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ​សិក្ខាសាលា​ស្តីពី ដំណើរការ​អនុវត្ត​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​ដើម្បី​តំបន់​អង្គរ ធ្វើឡើង​ក្នុង ១ ឆ្នាំ ៤ ដង សំខាន់​សំដៅ​មុនដំបូង​សម្រាប់​មន្ត្រី-បុគ្គលិក ភ្នាក់ងារ​ចូល​បម្រើ​ការងារ​ថ្មី ដើម្បីឱ្យ​យល់ដឹង​ពីបញ្ហា​បរិស្ថាន​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ។

​លោក សុខ លក្ខិណា បញ្ជាក់ថា ដូច្នេះ សិក្ខាសាលា​នេះ នឹង​ផ្តល់​ជា​ប្រយោជន៍​ដល់​សិក្ខាកាម​គ្រប់រូប​យកទៅ​អនុវត្ត​ការងារ​ប្រចាំថ្ងៃ​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​តាម​ស្តង់ដា ដើម្បី​លើក​តម្លៃ​រមណីយដ្ឋាន​អង្គរ។​

​ជាមួយគ្នានេះ លោក ប្រាំង ឡែ​ន សិក្ខាកាម​មកពី​នាយកដ្ឋាន​សណ្តាប់​ធ្នាប់បាន​ឱ្យដឹង​ថា សិក្ខាសាលា​នេះ​បាន​ផ្តល់​ចំណេះដឹង​ច្រើន​ទាក់ទង​នឹង​បរិស្ថាន និងការ​គ្រប់គ្រង​ប្រព័ន្ធ​ធារាសាស្ត្រ​នៅក្នុង​តំបន់អង្គរ។

​ចំពោះ​រូបលោក អ្វីដែល​វាគ្មិន​អ្នកជំនាញ​បានធ្វើ​បទ​បង្ហាញ ឃើញថា សមស្រប​ដែល​ត្រូវ​ស្វែងយល់ ហើយ​ចំណេះដឹង​ដែល​ទទួលបាន នឹង​យកទៅ​អនុវត្ត​លើ​ការងារ​ប្រចាំថ្ងៃ ដើម្បី​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ថែមទៀត ពីព្រោះ បរិស្ថាន​នៅក្នុង​រមណីយដ្ឋាន​អង្គរ​ពិតជា​សំខាន់​ណាស់ ជា​ផ្នែក​មួយ​លើក​តម្លៃ បង្កើន​សោភណភាព​រមណីយដ្ឋាន​អង្គរ ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទស្សនា​ម្តង​ហើយ​ម្តងទៀត​មិន​ជិនណាយ។​

​ចំណែក​លោក ភឿង សុភា​ន់ ភ្នាក់ងារទេសចរណ៍​ប្រចាំការ​ប្រាសាទ​អង្គរវត្ត បាន​លើក​ឡើង​ថា សិក្ខាសាលា​នេះ​មាន​សារៈសំខាន់​ក្នុងការ​ប្រព្រឹត្ត​ឥរិយាបថ​រស់នៅ​ប្រចាំថ្ងៃ ក្នុង​សហគមន៍ និង​ការងារ​។ ការគ្រប់គ្រង​បរិស្ថាន​ត្រូវ​ចាប់ផ្តើម​ពី​ខ្លួន​យើង រួមគ្នា​សម្អាត ចៀសវាង​មាន​បរិស្ថាន​មិនល្អ ប៉ះពាល់​ដល់​តម្លៃ​ប្រាសាទ និង​អារម្មណ៍​ភ្ញៀវទេសចរ​ផង។

​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា សិក្ខាសាលា​ស្តីពី ដំណើរការ​អនុវត្ត​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​ដើម្បី​តំបន់​អង្គរ មាន​ធ្វើ​បទ​បង្ហាញ​ពី​វាគ្មិន​ជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ស្តីពីការ​គ្រប់គ្រង​ទឹក​ក្នុង​តំបន់​អង្គរ គោលនយោបាយ​បរិស្ថាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដំណើរការ​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន​ដើម្បី​តំបន់អង្គរ៕​