ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រកាស​ជាថ្មី​ទៀត កាល​ពី​ថ្ងៃទី ១៦ កុម្ភៈ ​ពី​ការធ្វើ​ស្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន សម្រាប់​រថយន្ត ដែលជា​ជម្រើស​មួយ​បន្ថែម សម្រាប់​អ្នក​ដែល​ចង់​បាន​ស្លាក​លេខ ជា​ឈ្មោះ តួអក្សរ ឬ​លេខ​ជាដើម ដែល​អាច​ប្រើ​បាន​ត្រឹម ៨ ខ្ទង់។

​ចំនួន​ខ្ទង់​កាន់តែច្រើន តម្លៃ​កាន់តែ​ធូរ​ថ្លៃ​។ លេខ​ពិសេស​ផ្ទាល់ខ្លួន មានតម្លៃ​ចាប់ពី ២ លានរៀល​ឡើង​ទៅ​ចំពោះ​លេខ ៨ ខ្ទង់។

​ក្រសួង​សាធារណការ​បញ្ជាក់ថា ស្រប​ជាមួយគ្នា​ផងដែរ លេខ​រាជធានី-ខេត្ត​ទូទៅ នៅតែ​ដំណើរ​ការធម្មតា ហើយ​មិន​តម្រូវឱ្យ​ផ្លាស់ប្តូរ​ឡើយ ឯ​តម្លៃ​ធម្មតា ហើយក៏​មាន​លេខ​បញ្ចុះតម្លៃ​ផងដែរ​រួមមាន​៖ ថយ ១ ស៊េរី ចុះ​តម្លៃ ៥០%, ថយ ២ ស៊េរី ចុះ​តម្លៃ ៧៥%, ថយ ៣ ស៊េរី ចុះ​តម្លៃ ៩០%, ថយ ៤ ស៊េរី ចុះ​តម្លៃ ៩៥% និង​ថយ​ចាប់ពី ៥ ស៊េរី​ឡើង​ទៅ ចុះ​តម្លៃ ១០០%​។ ចំណែក​ស្លាក​លេខ «​ចVUTHY.Z1» មាន​តម្លៃ ២ ៨២៦ ០០០ រៀល។​

​សាធារណជន អាច​ចូល​មើល​តម្លៃ ឬ​ទិញ​លេខ​តាមរយៈ​៖ https://vehicle.mpwt.gov.kh ហើយ​ព័ត៌មាន​លម្អិត​ពី​ការធ្វើ​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន សូម​ទាក់ទង​មណ្ឌល​ប្រឹក្សា​យោបល់​លើ​សេវា​សាធារណៈ តាមរយៈ​លេខ​ទូរស័ព្ទ (Hotline) 1275 ៕​