
លោកអ៊ិត សំហេង និងមន្ត្រីក្រសួងការងារ ក្នុងជំនួបជាមួយឯកអគ្គរាជទូតរដ្ឋទូត ៤ ប្រទេសកាលពីថ្ងៃទី ១៦ កុម្ភៈ។ រូបថត ក្រសួងការងារ
ភ្នំពេញៈ កម្ពុជាបាននិងកំពុងបន្តពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការធានាឱ្យបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខដុមក្នុងទំនាក់ទំនងវិជ្ជាជីវៈ។ នេះបើយោងតាមការថ្លែងរបស់លោកអ៊ិត សំហេង ហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរដ្ឋទូត ៤ ប្រទេស នៃក្រុមប្រទេស Nordic ប្រចាំកម្ពុជា កាលពីថ្ងៃទី ១៦ កុម្ភៈ ក្នុងនោះរួមមានលោក Jon Astrom Grondahl ឯកអគ្គរាជទូតស៊ុយអ៊ែត, លោកស្រី Astrid Emilie Helle ឯកអគ្គរាជទូតណវ៉េ, លោក Jon Thorgaard ឯកអគ្គរាជទូតដេនម៉ាក និងលោក Jyri Jarviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់។
នៅក្នុងជំនួបនេះ លោក អ៊ិត សំហេង ក៏បានលើកឡើងពីការពង្រឹងការអនុវត្តច្បាប់ស្តីពីសហជីព ដើម្បីធានានូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ដែលលោកថា តំណាងឱ្យសំឡេង និងឆន្ទៈពិតប្រាកដរបស់កម្មករនិយោជិត និយោជក ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គាត់ និងជាដៃគូសន្ទនាដ៏មានប្រសិទ្ធភាពក្នុងកិច្ចសន្ទនាសង្គម កិច្ចព្រមព្រៀងជាសកល (Global Deal Initiative)។
លោករដ្ឋមន្ត្រីបានអះអាងក្នុងកិច្ចពិភាក្សានោះថា កម្ពុជាបានបន្តអនុវត្តបានយ៉ាងល្អនូវយន្តការត្រីភាគីក្នុងការចរចា និងដោះស្រាយបញ្ហានានាប្រកបដោយជោគជ័យ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងការបន្តពង្រឹងយន្តការក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលសុទ្ធជាធាតុផ្សំ នៃការកសាងជំនឿទុកចិត្តរបស់អ្នកវិនិយោគទុន នៅកម្ពុជា។
បើយោងតាមការចុះផ្សាយរបស់ក្រសួងការងារ ឯកអគ្គរាជទូតរដ្ឋទូតទាំង ៤ ប្រទេសបានសម្តែងនូវការកោតសរសើរ ចំពោះការវិវត្តន៍រីកចម្រើននៃវិស័យការងារ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចសន្ទនាសង្គម សិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ សិទ្ធិការងារ កាត់បន្ថយបាននូវវិវាទការងារ មានយន្តការត្រីភាគីច្បាស់លាស់ ដោះស្រាយការងារដោយឯករាជ្យ និងតម្លាភាព។
ជាមួយគ្នានេះ ភាគីទាំង ២ នឹងបន្តរួមគ្នាលើកិច្ចសហប្រតិបត្តិការ លើគម្រោងផ្សេងទៀត ដែលប្រទេសទាំងនេះមានគំរូដ៏ល្អសម្រាប់ចែករំលែកបទពិសោធន៍ សំដៅគាំទ្រក្នុងការធ្វើឱ្យប្រសើរថែមទៀត ទាំងលើសេវាទីផ្សារការងារ ការកសាងធនធានមនុស្ស ដែលមានជំនាញវិជ្ជាជីវៈ ជាកម្លាំងពលកម្មជំនាញ ការធានានូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ លក្ខខណ្ឌការងារ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីបន្តបង្កើននូវការជឿជាក់ និងភាពទាក់ទាញដល់អ្នកវិនិយោគទុន និងអ្នកប្រើប្រាស់ទំនិញ មកលើប្រភពទំនិញពីកម្ពុជា ដែលជាប្រទេសអនុវត្តតាមអនុលោមភាពនៃបទដ្ឋានការងារអន្តរជាតិ៕