ភ្នំពេញៈ តំណាងឱ្យ​លោក ​កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក​ ជិន ម៉ាលីន អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (​គ​.​ស​.​ម​.​ក​.) និង​ជា​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ នឹង​ដឹកនាំ​គណៈប្រតិភូ​ចំនួន ៧ រូប​ចូលរួម​ការពារ​របាយការណ៍​ជាតិ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ (ICESCR) ចាប់ពី ថ្ងៃទី ២១ ដល់​ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ក្នុង​សម័យ​ប្រជុំ​លើកទី ៧៣ នៃ​គណៈកម្មាធិការ​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌។​

​ប្រតិភូ​ចំនួន ៧ រូបនោះ​រួមមាន ៣ រូប​ពី​គ​.​ស​.​ម​.​ក​. និង​គណៈប្រតិភូ អន្តរក្រសួង​ចំនួន ៤ រូប រួមមាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​អភិវឌ្ឍន៍​ជនបទ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ​.​ស​.​ម​.​ក​កាលពី​ថ្ងៃទី ១៦ កុម្ភៈ។​

​កម្ពុជា​បានដាក់​របាយការណ៍​ផ្គួប​លើក​ទី៥ ទី៦ និង​ទី៧ ស្តីពី​ការអនុវត្ត​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ នៅ​ខែ​តុលា ឆ្នាំ ២០១៩ និង​បាន​ផ្ញើជូន​នូវការ​ឆ្លើយតប​ទៅនឹង​បញ្ជី​បញ្ហា (List of Issues) នៃ​កតិកាសញ្ញា​នេះ កាលពី​ខែមីនា ឆ្នាំ ២០២២ កន្លង​ទៅនេះ។​

​ការការពារ​របាយការណ៍​នេះ ជា​យន្តការ​មួយ​របស់​គណៈកម្មាធិការ​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ អង្គការ​សហ​ប្រជាជាតិ ដែល​ត្រូវធ្វើ​ឡើង​រៀងរាល់ ៥ ឆ្នាំ​ម្តង សម្រាប់​តាមដាន​និង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សិទ្ធិមនុស្ស ក្នុង​ប្រទេស​ទាំងអស់​ដែលជា​សមាជិក​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​នេះ៕​