
កណ្ដាលៈ លោក មៀង វណ្ណដេត អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្ដាលបានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងអស់នៅទូទាំងខេត្តកណ្ដាលកុំឱ្យកេងបន្លំ ចាក់ប្រេងឥន្ធនៈមិនគ្រប់លីត្រជូនអតិថិជន ហើយសូមឱ្យពលរដ្ឋរាយការណ៍ បើសង្ស័យថាមានការកិបកេង។
ការអំពាវនាវនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមាតិសាស្ត្រនៅស្ថានីយប្រេងឥន្ធនៈក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅនាថ្ងៃទី ១៥ ខែកុម្ភៈ។ នេះបើយោងតាមរដ្ឋបាលខេត្តកណ្តាលកាលពីថ្ងៃទី ១៦ កុម្ភៈ។
លោកបានបញ្ជាក់ថា៖ «ក្នុងករណីដែលមន្ត្រីជំនាញចុះពិនិត្យឃើញថា មានការកេងបន្លំ ឬចាក់ប្រេងឥន្ធនៈមិនគ្រប់ចំណុះជូនប្រជាពលរដ្ឋ នោះម្ចាស់ស្ថានីយទាំងនោះនឹងត្រូវទទួលរងការផាកពិន័យយ៉ាងធ្ងន់ធ្ងរតាមច្បាប់ដែលបានកំណត់»។
លោកបានបន្តថាការចុះពិនិត្យជាប្រចាំត្រូវបានធ្វើឡើងនៅគ្រប់ស្ថានីយប្រេងឥន្ធនៈទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ហើយក្នុងករណីរកឃើញម្ចាស់ស្ថានីយប្រេងឥន្ធនៈណាធ្វើការកិបកេងក្នុងការចាក់ប្រេងឥន្ធនៈមិនគ្រប់ចំណុះ ជូនប្រជាពលរដ្ឋ អាចប្រឈមនឹងការពិន័យពី ២ លានរៀលទៅ ៤ លានរៀលក្នុងមួយដៃប្រេង។
លោកបានបនថ្ថែមថា ចំពោះស្ថានីយប្រេងឥន្ធនៈណា ដែលបានពិនិត្យរួចមក ក្រុមការងារបានកិបសៀល ដើម្បីបញ្ចៀសនូវការកែប្រែនូវចំនួនតួលេខដែលធ្វើឱ្យខ្វះចំណុះ នៅក្នុងឧបករណ៍ចាក់ប្រេងទាំងនោះ បន្ទាប់មកទៀតក្រុមការងារបានបិទ Sticker ជាប់នៅលើម៉ាស៊ីនចាក់ប្រេងរបស់ស្ថានីយនីមួយៗដែលបានបញ្ជាក់ថាបានទទួលការពិនិត្យ និងទទួលស្គាល់ថាស្ថានីយប្រេងឥន្ធនៈនោះមានការចាក់គ្រប់ចំណុះត្រឹមត្រូវតាមស្តង់ដាដែលបានកំណត់។
ទន្ទឹមនឹងនោះដែរ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅពេលចូលចាក់ប្រេងឥន្ធនៈ នៅតាមស្ថានីយនប្រេងឥន្ធនៈមួយៗ សូមពិនិត្យមើល sticker ដែលមានបិទនៅជាប់ម៉ាស៊ីនបាញ់ប្រេងទាំងនោះ ដើម្បីទទួលស្គាល់បានថាស្ថានីយនោះចាក់ប្រេងគ្រប់ចំណុះ។
ក្នុងនោះផងដែរ លោកក៏បានសុំឱ្យប្រជាពលរដ្ឋរាយការណ៍ និងផ្ដល់ព័ត៌មានដល់មន្ទីរជំនាញ ដែលមានការសង្ស័យថាមានស្ថានីយប្រេងឥន្ធនៈណាមួយ ដែលបានកិបកេងនិងចាក់ប្រេងឥន្ធនៈជូនពួកគាត់ដោយមិនគ្រប់ចំណុះ ដើម្បីឱ្យក្រុមការងាររបស់មន្ទីរ ចុះធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវឡើងវិញ៕