
ឯកឧត្តម ឆាយ ថន៖ ជំរឿនកសិកម្មនៅទូទាំងប្រទេស នឹងចាប់ផ្ដើមពីថ្ងៃទី ០១ ដល់ទី ៣០ ខែមេសា។
ភ្នំពេញៈ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ លោកឆាយ ថនបានថ្លែងថា ដំណើរការអនុវត្តជំរឿនកសិកម្មឆ្នាំ ២០២៣ នឹងត្រូវចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលមន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍នៅតាមរាជធានី-ខេត្ត ចាប់ផ្ដើមពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែមីនា និង បន្តចុះយុទ្ធនាការជំរឿនកសិកម្មនៅទូទាំងប្រទេស ២៥ រាជធានី-ខេត្តចាប់ពីថ្ងៃទី ០១ ដល់ទី ៣០ ខែមេសា ឆ្នាំ ២០២៣។
លោកទេសរដ្ឋមន្ត្រីបានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំស្តីពីដំណើរការ និងការប្រព្រឹត្តទៅនៃជំរឿនកសិកម្មនៅរាជធានីខេត្តទាំង ២៥ នៅទីស្តីការក្រសួងផែនការ នាព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣។ នេះបើយោងតាមក្រសួងព័ត៌មាននាថ្ងៃទី ១៦ កុម្ភៈ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាលើការបែងចែកមណ្ឌលជំរឿន ឯកសារពាក់ព័ន្ធជំរឿនកសិកម្ម កម្លាំងមន្ត្រីសម្ភាសន៍ មន្ត្រីត្រួតពិនិត្យ មន្ត្រីជំនួយការតំបន់ និងមន្ត្រីប្រចាំតំបន់ នៅតាមរាជធានី-ខេត្តទាំង ២៥ ធានាឱ្យមានដំណើរការ និងការប្រព្រឹត្តទៅនៃជំរឿនកសិកម្មនៅកម្ពុជាឆ្នាំ ២០២៣។ មន្ត្រីជំរឿននឹងត្រូវបណ្តុះបណ្តាល និងចុះសម្ភាសន៍ប្រមូលទិន្នន័យគ្រួសារប្រកបមុខរបរកសិកម្ម ឬគ្រួសារកសិកម្ម និងគ្រឹះស្ថានកសិដ្ឋានគ្រប់ប្រភេទ និងទំហំខ្នាតតូច មធ្យម និងធំ ដែលស្ថិតនៅក្នុងតំបន់ភូមិសាស្ត្រក្នុងដែននៃរាជធានី-ខេត្តសាមីទាំងអស់ ឱ្យដំណើរការបានជោគជ័យប្រកបដោយគុណភាពទិន្នន័យល្អ និងមានប្រសិទ្ធភាពខ្ពស់។
លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការងារជំរឿនកសិកម្មនៅកម្ពុជាឆ្នាំ ២០២៣ គឺពិតជាមានសារៈសំខាន់បំផុតដែលត្រូវធ្វើមិនអាចខ្វះបាន ដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យ សម្រាប់ជាធាតុចូលដ៏សំខាន់បំផុត ក្នុងការរៀបចំធ្វើគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម សេដ្ឋកិច្ចបរិស្ថាន សង្គម ការប្រែប្រួលអាកាសធាតុ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ហើយនិងជាសូចនាករយ៉ាងសំខាន់សម្រាប់តាមដាន ត្រួតពិនិត្យ វាយតម្លៃលើកម្មវិធីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្រនៃការលុបបំបាត់ភាពក្រីក្រ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDGs) ឆ្នាំ ២០១៦-២០៣០។
លោកបានបន្ថែមថា ការងារជំរឿនកសិកម្មឆ្នាំ ២០២៣ គឺត្រូវបានអនុញ្ញាតឱ្យធ្វើជាលើកទីពីរ បន្ទាប់ពីជំរឿនកសិកម្មលើកទី ១ នៅឆ្នាំ ២០១៣ ដែលឧបត្ថម្ភគាំទ្រផ្នែកបច្ចេកទេសពីដៃអភិវឌ្ឍន៍អង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិ ( FAO) និងគាំទ្រថវិកាទាំងស្រុងពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តការងារជំរឿនកសិកម្មឆ្នាំ ២០២៣ ដែលមានវិសាលភាពធំធេង ដោយផ្អែកតាមការប៉ាន់ស្មានចំនួនប្រជាជនកម្ពុជាមានកំណើនដល់ជាង ១៧ លាននាក់ ដែលមានប្រមាណ ៣,៩ លានគ្រួសារនៅឆ្នាំ ២០២៣ ហើយនិងគ្រួសារប្រកបមុខរបរកសិកម្មនៅទូទាំប្រទេសកម្ពុជាមានប្រមាណជាង ២,៧ លានគ្រួសារ។
ហេតុនេះ ការប្រមូលព័ត៌មានទិន្នន័យស្ថិតិគ្រួសារកសិកម្មត្រូវចុះអនុវត្តឱ្យបានច្បាស់លាស់ ត្រឹមត្រូវ ជឿជាក់ខ្ពស់ និងទាន់ពេលវេលា សម្រាប់ឆ្លើយតបតម្រូវការប្រើប្រាស់ទិន្នន័យ ដោយផ្អែកតាមបរិបទសេដ្ឋកិច្ច សង្គម ក្នុងតំបន់និងសកលលោក ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងការបដិវត្តឧស្សាហកម្មជំនាន់ទី ៤ ដែលនឹងនាំមកនូវបច្ចេកវិទ្យាដ៏ទំនើបសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសដើម្បីធ្វើមូលដ្ឋានគ្រឹះធាតុចូលដ៏ល្អសម្រាប់រៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់៕